
ការវិនិយោគរបស់វិនិយោគិនចិនលើវិស័យសំណង់នៅខេត្តព្រះសីហនុបានកំពុងរីករាលដាលដូចផ្សិត។ ហេង ជីវ័ន
ភ្នំពេញ៖ ការចូលរួមអនុវត្តគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន ក្នុងរយៈពេល ៩ ឆ្នាំបានជំរុញកំណើនពាណិជ្ជកម្ម វិស័យទេសចរណ៍ និងការវិនិយោគពីចិន នៅកម្ពុជា។
យោងតាមសំណេរលើគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រចាំកម្ពុជា បានឱ្យដឹងថាគំនិតផ្តួចផ្តើម «ខ្សែក្រាវាត់និងផ្លូវ» ដែលបានដាក់ចេញនៅក្នុងរយៈពេល ៩ ឆ្នាំមក បានចូលរួម ផ្លាស់ប្តូរនិងការអភិវឌ្ឍ លើវិស័យសំខាន់ចំនួន ៣ រួមមាន ជំរុញកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា, ការអភិវឌ្ឍខាងវិស័យទេសចរណ៍ ,និងការចូលរួមក្នុងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» របស់ប្រធានាធិបតីចិន ស៊ី ជិនពីងនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីស្តារវិថីពាណិជ្ចកម្មដែលធ្លាប់មានកាលពីបុរាណកាល ដែលគេហៅថា Silk Road។
លោកបានបន្ថែមថា ការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនេះ គឺបានផ្តល់នូវផលប្រយោជន៍ធំណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះថា កម្ពុជាអាចតភ្ជាប់សេដ្ឋកិច្ចទៅទ្វីបអឺរ៉ុប តាមរយៈហេដ្ឋរចនាសម្ព័ន្ធ ដែលបាននិងកំពុងបន្តរីកចម្រើន។
លោកបានបញ្ជាក់ថា៖ «ផលចំណេញជាក់ស្តែង ដែលយើងឃើញជាក់ស្តែងនោះគឺតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះក្រោមគំនិតផ្តួចផ្តើមនេះ។ ការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសំខាន់នានារបស់កម្ពុជា ក៏ត្រូវបានអភិវឌ្ឍន៍ឡើងស្របតាមគោលគំនិត «ខ្សែក្រវាត់និងផ្លូវ» នេះដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា ការចូលរួមរបស់កម្ពុជាក្របខ័ណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះ បានជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍលឿន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទំហំពាណិជ្ជកម្មប្រទេសទាំង ២ មានការកើនឡើងជាលំដាប់។
លោកបានបន្ថែមថា ចិន គឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១ ចំពោះការវិនិយោគផ្ទាល់នៅកម្ពុជាផងដែរ ជាច្រើនឆ្នាំជាប់ៗគ្នា ដោយបានធ្វើឱ្យវិស័យជាច្រើនបានដំណើរការយ៉ាងល្អប្រសើរ ដែលនេះជាចំណុចសំខាន់មួយ គួរឱ្យកត់សម្គាល់ក្រោយកម្ពុជាបានអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះ។
លោកបានគូសបញ្ជាក់ថា៖ « ការចូលរួមអនុវត្ត នឹងផ្តល់ផលប្រយោជន៍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសម្ទុះកាន់តែលឿន ដែលយុទ្ធសាស្ត្រខ្សែក្រវាត់និងផ្លូវ នឹងតភ្ជាប់កម្ពុជាជាមួយបណ្តាប្រទេសជិតខាង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ ជាពិសេសការភ្ជាប់កម្ពុជាទៅវៀតណាម ពីវៀតណាមទៅចិនជាដើម ដែលបានស្ថិតនៅក្រុមយុទ្ធសាស្ត្រនេះ»។
លោក នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នៃប្រទេសកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" បានរួមចំណែកយ៉ាងធំធេងដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «ប្រការនេះនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺនៅឆ្នាំ ២០៣០ កម្ពុជា នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់» ។
កាលពីចុងឆ្នាំ ២០២១ កម្ពុជា-ចិន តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាពង្រឹងការវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងរយៈពេល៥ខែ ឆ្នាំ ២០២២ នេះ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៤ ៩៩០ លានដុល្លារ កើនជាង ២៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕