ភ្នំពេញៈ ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ការ​ឆ្លង និង​រីក​រាល​ដាល​ជំងឺកូវីដ​ ១៩ នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ដែល​ចេញ​ដើរលេង​​កម្សាន្ត​ក្នុង​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​​​រយៈ​ពេល ២-៣ ​ខែ​ចុង​​ក្រោយ​នេះ ​មាន​ចំនួន​ជា​មធ្យម​ជាង ១​ លាន​នាក់ ​​ក្នុង ​១ ​ខែ​ ដែល​នេះ​​ជាចំនួន​​​ដ៏​ច្រើន​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាក្នុង​​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​ទិន្នន័យ​របស់​​ក្រសួង​ទេសចរណ៍​។​

ទិន្នន័យ​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ប្រចាំ​សប្តាហ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ទេសចរណ៍ និង​ត្រូវ​បាន​ដក​ស្រង់​ដោយ​ ភ្នំពេញ ​ប៉ុស្តិ៍ ​បង្ហាញ​ថា នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទី​១ និង​ទី​២ ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២២ ​មាន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ចេញ​ដើរ​កម្សាន្ត​សរុប ៦២១ ៥៩៨ ​នាក់ ខណៈ​កាល​ពី​ខែ​ឧសភា​ មាន​ជាង​ ១,២​ លាន​នាក់​ (១ ២៤៩ ២៦៣ ​នាក់), និង​ខែ​មេសា មាន​ចំនួន​ជាង ៦ ​លាន​នាក់ (ភ្ញៀវ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ មាន​ជាង ៥,១៧​ លាន​នាក់)។

សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង មាន​ប្រមាណ ២,៨​ លាន​នាក់ កើន​ឡើង ៤៨​ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាឆ្នាំ​ ២០២១។ នេះ​បើ​យោង​តាម​ លោក​ ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៏អិចប្រេស និង​ជា​ទីប្រឹក្សា​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ទី​ ១៥ ខែ​មិថុនា​ថា ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ដែល​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស​ពិត​ជា​កើន​ឡើង​ច្រើន​ចាប់​ពី​ពាក់​កណ្តាល​ខែ​មីនា​មក ដែល​ជា​ពេល​រដ្ឋាភិបាល​ប្រកាស​បើក​ដំណើរ​ការ​ប្រទេស​ពេញ​លេញ​លើគ្រប់​វិស័យ។

លោក​បន្ថែម​ថា ចំនួន​នេះ​នឹង​បន្ត​កើន​ខ្ពស់​ថែម​ទៀត​ ព្រោះ​ចរន្ត​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​ស្រុកកំពុង​​កើន​ឡើង បន្ទាប់​ពី​អាក់​ខាន​ដោយ​សារ​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ នា​រយៈ​ពេល​ប្រមាណ ២ ​ឆ្នាំ​កន្លង​មក​។​

លោក​បញ្ជាក់​ថា៖​ «​ខ្ញុំ​សង្កេត​ឃើញ​​កំណើន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ​កើន​ឡើង​កាន់​តែ​ខ្ពស់បន្ទាប់​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ព្រោះ​អំឡុង​ពេល​នោះ​ គឺ​មិន​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺកូវីដ​ ១៩ នៅ​ក្នុង​សហគមន៍​គួរ​ឱ្យ​កត់​សម្គាល់​ទេ​។ ផ្តើម​ចេញ​ពី​ចំណុច​នេះ ខ្ញុំ​ឃើញ​នៅ​តាម​រមណីយដ្ឋាន​នីមួយៗ ពិសេស​រមណីយ​ដ្ឋាន​បែប​ធម្មជាតិ គឺ​មាន​ភ្ញៀវ​ទៅកម្សាន្ត​ច្រើន​រៀង​រាល់​ចុង​សប្តាហ៍​»។

បើ​តាម​លោក វណ្ឌី បច្ចុប្បន្ន​នេះ​និន្នាការ​ដើរ​លេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​ធម្មជាតិ​ក្នុង​ស្រុក​កំពុង​មាន​សម្ទុះ​ខ្លាំង ខណៈ​តំបន់​វប្បធម៌​ហាក់​នៅ​ទ្រឹង។ តំបន់​ទេសចរណ៍​ធម្មជាតិ​ ទទួល​ការ​ពេញនិយម​ច្រើន​ ដោយ​សារ​ងាយ​ស្រួល​ធ្វើ​ដំណើរ​(មាន​ច្រើន​ទីតាំង), មាន​ខ្យល់​អាកាស​ល្អ, សម្បូរ​កន្លែង​លក់​ម្ហូប​អាហារ ជា​ពិសេស​អាច​មាន​កន្លែង​​បោះ​តង់​ស្នាក់​នៅ​ផង​ដែរ​។​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន នា​ពេល​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើត​ជា​ផលប្រយោជន៍​សេដ្ឋ​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​តាម​មូល​ដ្ឋាន។ ការ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ផ្ទៃ​ក្នុង​ បាន​ឆាប់​រហ័ស គឺ​កើត​ចេញ​ពីការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិ​បាល ជា​ពិសេស​ការ​ជឿ​ជាក់​លើ​ភាព​ស៊ាំ​សហគមន៍​តាម​រយៈ​ការ​ទទួល​បាន​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​បង្កើត​ជា​ទំនុក​ចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ដើរ​កម្សាន្ត​ពាស​ពេញ​ផ្ទៃ​ប្រទេស​។

រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​ឧសភា ទើប​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ​«គម្រោង​សហ​ហិរញ្ញប្ប​ទាន​ស្ដារ​វិស័យ​ទេសចរណ៍» ក្នុង​កញ្ចប់​ថវិកា​ចំនួន​ ១៥០​ លាន​ដុល្លារ ដែល​ជា​បដិភាគ​រវាង​រាជ​រដ្ឋាភិ​បាល និងគ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ចូលរួម (PFIs)មួយ​ចំនួន​។ គម្រោង​នេះ គឺ​សម្រាប់​ផ្តល់​ឥណទាន​ទៅ​ឱ្យ​សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​រងផល​ប៉ះ​ពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​អត្រា​ការ​ប្រាក់​សម្បទាន ដើម្បី​ជួយ​ស្តារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ដែល​បណ្តាល​មក​ពី​ឥទ្ធិ​ពល​នៃ​ជំងឺ​កូវីដ​១៩។

លោក ថោង ខុន រដ្ឋ​មន្រ្ដី​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្រសួង​ទេសចរណ៍​ជឿ​ជាក់​ថា ការ​ដាក់​ឱ្យ​អនុវត្តន៍​គម្រោង​សហ​ហិរញ្ញប្ប​ទាន ស្ដារ​វិស័យ​ទេសចរណ៍ ចំនួន ១៥០ ​លាន​ដុល្លារ​នេះ នឹង​អាច​ជួយ​ស្ដារ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ដែល​កំពុង​ខ្វះ​ខាត​ហិរញ្ញ​ប្បទាន ក្នុង​ការ​ជួស​ជុល​ទីតាំង ឬ​គុណភាព​សេវាក​ម្មក្នុង​វិស័យ​ទេសចរណ៍​ឡើង​វិញ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

តាម​ការ​ព្យាករ​ក្នុង​ឆ្នាំ ២០២២ នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ដើរ​កម្សាន្ដ​ទូទាំង​ប្រទេស​ប្រមាណ​ជាង ១០​ លាន​នាក់ កើន​ជាង ១០០​ ភាគ​រយ​ បើ​ធៀប​ឆ្នាំ​ ២០២១ ដែល​មាន​​ចំនួន ៤,៦៦ លាននាក់។ នេះ​បើ​​តាម​ក្រសួង​ទេសចរណ៍៕​