
លោក រស់ សីលវ៉ា ថ្លែងក្នុងសិក្ខាសាលាកាលពីថ្ងៃទី ១៥ ខែមិថុនា។ សហការី
ភ្នំពេញៈ ស្ថាប័នពាក់ព័ន្ធបានសហការគ្នាជំរុញឌីជីថលូបនីយកម្មនៃគំរូអាជីវកម្ម (Business models) នៅក្នុងវិស័យធានារ៉ាប់រង ដែលត្រូវបានរំពឹងថា នឹងផ្តល់នូវប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងខ្សែចង្វាក់ផលិតកម្មធានារ៉ាប់រង ព្រមទាំងនាំទៅដល់ការបង្កើតឱ្យមានជម្រើសកាន់តែច្រើនសម្រាប់សេវាធានារ៉ាប់រងនៅកម្ពុជា។
ក្នុងសិក្ខាសាលាស្តីពី «តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថល» កាលពីថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រងកំពុងតែចាប់យក (Adapt) យ៉ាងឆាប់រហ័សនូវបរិស្ថានថ្មីនៃការធ្វើឌីជីថលូបនីយកម្មក្នុងប្រតិបត្តិការរបស់ខ្លួន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗគ្នា រាប់ចាប់ពីការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន InsurTech រហូតដល់ការធ្វើនវានុវត្តន៍នៅក្នុងក្រុមហ៊ុនផ្ទាល់តែម្តង។
លោកបញ្ជាក់ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យធានារ៉ាប់រងដែលហៅជាទូទៅថា InsurTech ក៏បានចាប់ផ្តើមរីកដុះដាលគួរឱ្យកត់សម្គាល់នៅតាមទីផ្សារធានារ៉ាប់រងក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ថែមលើនេះការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេល ២ ឆ្នាំមកនេះក៏បានធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់រងយកចិត្តទុកដាក់កាន់ខ្លាំងលើនវានុវត្តន៍នៃប្រព័ន្ធឌីជីថល សម្រាប់ការចែកចាយផលិតផលធានារ៉ាប់រង»។
ទោះយ៉ាងណា លោកបន្ថែមថា អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចមានប្រមាណ ១,១ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០២១ កន្លងទៅ ដែលជាសូចនាករបង្ហាញថា គម្លាតនៃការការពារហានិភ័យនៅកម្ពុជានៅមានទំហំធំ ពោលគឺហានិភ័យដែលមានការធានារ៉ាប់រង មានចំនួនតិចតួចនៅឡើយ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយតករធានារ៉ាប់រងកម្ពុជាបានថ្លែងថា ស្របពេលឥរិយាបថអ្នកប្រើប្រាស់ធានារ៉ាប់រង ក៏ដូចជានវានុវត្តន៍ធានារ៉ាប់រងក្នុងតំបន់មាននិន្នាការកើនឡើងពិសេសក្នុងអំឡុង និងក្រោយការរីករាលដាលខ្លាំងកូវីដ ១៩ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាក៏បានកើនឡើងខ្លាំងដែរ នារយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «ភាពសម្បូរបែបនៃបច្ចេកវិទ្យាឌីជីថល និងការស្វែងរកឧត្តមភាពប្រកួតប្រជែង (Competitive Advantage) កំពុងជំរុញបច្ចេកវិទ្យាធានារ៉ាប់រងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ការណ៍នេះបាននិងកំពុងធ្វើឱ្យលេចឡើងបញ្ហាប្រឈមជាច្រើន ដែលមួយចំនួនទាមទារឱ្យនិយតករធានារ៉ាប់រងកម្ពុជា និងស្ថាប័នពាក់ព័ន្ធបន្តពង្រឹង និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យនេះ»។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយបានថ្លែងថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដូចជាអនុវិស័យធានារ៉ាប់រងជាដើមបាននិងកំពុងដើរតួនាទីសំខាន់ និងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយអនុវិស័យនេះមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងអភិវឌ្ឍក្លាយទៅជាវិស័យសក្តានុពលមួយក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «បើទោះបីជាវិស័យធានារ៉ាប់រងកំពុងរីកចម្រើន និងមានសក្តានុពលក្តីបច្ចេកវិទ្យាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន កង្វះក្របខ័ណ្ឌបទប្បញ្ញត្តិក្នុងការគ្រប់គ្រងលើអាជីវកម្មធានារ៉ាប់រងបែបឌីជីថល, កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ទាំងបរិស្ថានសាកល្បង និង បណ្តាញអ៊ីនធឺណិតនៅតំបន់ជនបទ, កង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ធានារ៉ាប់រងទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍, និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជននៅមានកម្រិតទាប»៕ LA