កាលពី​ថ្ងៃ​ចន្ទ មាស​បាន​ឡើងដល់​តម្លៃ​ខ្ពស់ ១ ៨៧៨,៨៤ ​ដុល្លារ​ក្នុង ​១​ អោនស៍ និង​បាន​ធ្លាក់​មក​តម្លៃ​ទាប​បំផុត​នៅ​ថ្ងៃ​អង្គារ ១ ៨០៤,៩៣​ ដុល្លារ ខណៈ​អ្នកវិនិយោគ​មាស​បាន​កំពុង​រង់ចាំ​មើល​ការសម្រេច​នៃ​ការដំឡើង​អត្រា​ការប្រាក់​ពី​ការប្រជុំ​របស់​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ ១ ​ទៀបភ្លឺ​។

យោងតាម​ការចុះផ្សាយ​របស់ The Wall Street Journal របាយការណ៍​ទិន្នន័យ​អតិផរណា​ដែល​កំពុង​កើនឡើង​យ៉ាងខ្លាំង គឺជា​ចំណុច​ប្រឈម​ដល់​សេដ្ឋកិច្ច ហើយ​ទំនងជា​នាំឱ្យ​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ពិចារណា​ធ្វើការ​សម្រេច​ចិត្ដ​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ទីផ្សារ​ក្នុង​ការដំឡើង​អត្រា​ការប្រាក់ ០,៧៥% ខ្ពស់ជាង​ការរំពឹង​ទុក​ក្នុង​កិច្ចប្រជុំ​របស់​ពួកគេ​ក្នុង​សប្តាហ៍​នេះ​។ អត្រា​អតិផរណា​ប្រចាំឆ្នាំ​សម្រាប់​សហរដ្ឋអាមេរិក គឺ ៨,៦% សម្រាប់​រយៈពេល ១២ ​ខែ ដែល​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​ ២០២២​។ វា​ជាការ​កើនឡើង​ប្រចាំឆ្នាំ​ដ៏ខ្ពស់​បំផុត​ចាប់​តាំងពី​ខែធ្នូ ឆ្នាំ​ ១៩៨១​។

មុន​ការប្រជុំ​របស់ខ្លួន​នៅ​ថ្ងៃទី ​៤ ខែមិថុនា ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​សញ្ញា​ទៅកាន់​ទីផ្សារ​ថា ខ្លួន​បាន​រៀបចំ​ដំឡើង​អត្រា​ការប្រាក់ ០,៥% ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​នេះ និង​គ្រោង​ប្រើ​អត្រា ០,៥% ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ​នា​ខែកក្កដា​ខាងមុខ​។ ធនាគារ​កណ្តាល​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់ ០,៥% កាលពី​កិច្ចប្រជុំ​របស់ខ្លួន​ពី​ខែ​មុន ដែលជា​ការដំឡើង​ខ្ពស់​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​ ២០០០ មក ដែល​ខុសពី​ការដំឡើង​រាល់ដង​ត្រឹមតែ ០,២៥% តែប៉ុណ្ណោះ​។

ប្រាក់​ដុល្លារ​អាមេរិក​នឹង​មាន​តម្រូវការ​ខ្ពស់ ប្រសិនបើ​អត្រា​ការប្រាក់​របស់ខ្លួន​កាន់តែ​ខ្ពស់ និង​ជា​ឱកាសល្អ​សម្រាប់​វិនិយោគិន ដែល​មិន​ចង់​ខ្វល់​ពី​ហានិភ័យ​ទីផ្សារ​ខ្លាំង ហើយ​ពួកគេ​អាច​លក់​មាស​ជា​បណ្ដោះអាសន្ន និង​យកប្រាក់​មក​ដាក់​សន្សំ​ ដើម្បី​បាន​អត្រា​ការប្រាក់​វិញ​៕