
រូបភាព ហុង មិនា
ភ្នំពេញ៖ ទំហំដើមទុនវិនិយោគសរុបសម្រាប់ក្រុមហ៊ុន ដែលទទួលបានការចុះបញ្ជីតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្រេចបានក្នុងទឹកប្រាក់សរុបជិត ៤ ៦៧១ លានដុល្លារ នៅក្នុងរយៈពេល ២ ឆ្នាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីខួបគម្រប់ ២ ឆ្នាំ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ (ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២) ពាក្យស្នើសុំដែលបានអនុម័តមានចំនួន ១៤ ៦៧៦ ទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុនដែល ១៩ ១៥១ ០២៥ ២៣០ ០០០ រៀល ឬ ទទួលបានការចុះបញ្ជីប្រហែល ៤ ៦៧០៩៨១ ៧៦៣ ដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងនោះដែរ ភាគរយអាជីវកម្ម ដែលបានចុះបញ្ជីតាមវិស័យ រួមមាន អាហរ័ណនីហរ័ណ ទិញលក់ និងជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ៣៩,៥ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ ១០,៣ ភាគរយ ,អចលនវត្ថុ ៨,៧ ភាគរយ, កម្មន្តសាល ៨,២ ភាគរយ, ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ៦,៣ ភាគរយ និងវិស័យផ្សេងៗ ២៦,៩ ភាគរយ។
ចំណែកទំហំវិវិនិយោគតាមវិស័យវិញ សម្រាប់វិស័យសាងសង់ ២១,៦ ភាគរយ, កម្មន្តសាល ១៨ ភាគរយ, អាហរ័ណនីហរ័ណ ទិញលក់ និងជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ១៥,៤ ភាគរយ, អចលនវត្ថុ ១៤,៦ ភាគរយ, ហិរញ្ញវត្ថុនិងធានារ៉ាប់រង ៧,៤ ភាគរយ, និងវិស័យផ្សេង ២២,៩ ភាគរយ។ ដោយឡែកនៅក្នុងដំណាក់កាលទី ២ ចំនួនពាក្យស្នើសុំអនុម័តមានចំនួន ២៣៩ ដែលបានធ្វើតាមរយៈក្រសួងចំនួន ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍,ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករ អចលនវត្ថុ និងបញ្ជា នៃអាជ្ញាធរសេវាមិនមែនធនាគារ ដោយនៅក្នុងនេះមានពាក្យស្នើចំនួន ០១ សម្រាប់ក្រសួងប្រៃសណីយ៍ ត្រូវបានបដិសេធ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រលើការបង្កើត ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ តាំងពីដំបូងមកម្ល៉េះ ព្រោះថា ប្រព័ន្ធ CamDX ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់វិនិយោគទាំងអស់នៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «ប្រព័ន្ធចុះបញ្ជីអាជីវកម្ម ដែលក្រសួងសេដ្ឋកិច្ចបានបង្កើតឡើង គឺចំពេល ដែលវិបត្តិកូវីដ ១៩ បានផ្ទុះឡើង ដូចនេះប្រព័ន្ធពិតជាសម្រួលបានច្រើនណាស់ដល់អ្នករកស៊ី។ នេះជាការកែទម្រង់យ៉ាងស៊ីជម្រៅ ផ្នែកសេដ្ឋកិច្ច ដោយបានកាត់បន្ថយ ការិយាធិបតេយ្យបានច្រើនគួរឱ្យកត់សម្គាល់។ នៅជំហានបន្ទាប់ទៀត យើងរំពឹង ប្រព័ន្ធនឹងបន្តការអភិវឌ្ឍមុខងារសំខាន់បន្ថែមទៀត ដើម្បីសម្រួលបានកាន់តែច្រើនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា»។
នៅក្នុងបទសម្ភាសន៍ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អៀ អ៊ុយ សហស្ថាបនិកក្រុមហ៊ុន SabayOsjaCo.,Ltdបានថ្លែងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ដោយការបំពេញបែបបទនេះ អាចធ្វើបានដោយខ្លួនឯងបាន។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «តាមបទពិសោធដែលខ្ញុំធ្លាប់ប្រើប្រាស់ប្រព័ន្ធនេះ ដូចជាមិនមានជួបផលលំបាកអ្វីនោះទេ មានតែផលចំណេញច្រើនជាង ព្រោះយើងមិនចាំបាច់ចំណាយពេលវេលារត់ឯកសារចុះឡើងខាតពេលវេលានោះទេ គ្រាន់តែចូលបំពេញព័ត៌មានតាមប្រព័ន្ធនេះរួចជាស្រេច»។
ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានកែទម្រង់មុតស្រួចជាកញ្ចប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយភាពប្រកួតប្រជែង និង លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា ជាពិសេសនៅអំឡុងពេលវិបត្តិកូវីដ ១៩ នេះ។ ប្រព័ន្ធនេះ នឹងបន្តដំណើរការនៅដំណាក់កាលទី ៣ នៅពេលឆាប់ៗខាងមុខនេះ៕