
លោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី Kim Kyung Hee មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េក្នុងកិច្ចប្រចុះកន្លងមក។ សហការី
ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ ផ្តល់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន ដុល្លារ និងហិរញ្ញប្បទានឥតសំណង ប្រមាណជាង ១១០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នានា នៅក្នុងវិស័យអាទិភាពចម្បងៗរបស់កម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៣ ខែ មិថុនា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិត គោលនយោបាយលើកទី ៤ រវាងរដ្ឋាភិបាលទាំង ២ កាលពីពេលកន្លងទៅ ទទួលបានលទ្ធផលជាផ្លែផ្កា ដោយបានសម្រេចលើបេក្ខភាពគម្រោងអភិវឌ្ឍន៍ទៅតាមវិស័យ អាទិភាពទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន កិច្ចសម្របសម្រួលឆ្នាំ ២០២២-២០២៦ (Framework Arrangement 2022-2026) ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ ១,៥ ប៊ីលាន ដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសម្រាប់ផែនការ ២០២២-២០២៤ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៥០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍នានា។
លោកបានគូសបញ្ជាក់ថា៖ «ការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយដល់ការអភិវឌ្ឍគម្រោងនានាដូចជា ផ្លូវជាតិ និងផ្លូវជនបទ, ធារាសាស្ត្រ, ថាមពល, ទឹកស្អាតនិងអនាម័យ, សុខាភិបាល និងវិស័យទូរគមនាគមន៍ ដែលសុទ្ធសឹងជាគម្រោងក្នុងវិស័យអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជា និងកូរ៉េ ក៏បានសម្រេចនូវសមិទ្ធផលមួយទៀត ផងដែរ លើការចុះហត្ថលេខាកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទ ដោយចីរភាព (Sustainable Rural Connectivity Improvement Project) ដែលមានទឹកប្រាក់ឥណទាន សម្បទានចំនួន ៦០ លានដុល្លារ»។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានជាបន្តបន្ទាប់នៅក្នុងភាពជាដៃគូនេះ ដោយសារតែភាគីអ្នកផ្តល់ហិរញ្ញប្បទាន បានមើលពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការសងត្រលប់ទៅវិញ និងការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖ «លក្ខខណ្ឌសំខាន់ ដែលភាគីនៅតែបន្តផ្តល់ឥណទាន និងហិរញ្ញប្បទានមកកម្ពុជានោះគឺ ការប្រើប្រាស់កម្ចីនិងជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព, ចំគោលដៅ និងត្រឹមត្រូវទៅតាមលក្ខខណ្ឌតម្រូវរបស់ភាគីកូរ៉េ ហើយទទួលបានផ្លែផ្កាពីកម្ចីហិរញ្ញប្បទានទាំងអស់នោះ»។
បើតាមក្រសួងសេដ្ឋកិច្ច កន្លងមក ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០២២, រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទាន សម្បទានមានទឹកប្រាក់ប្រមាណ ១, ៣ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណ ជាង ៤៥៥ លានដុល្លារ អាមេរិក៕