ភ្នំពេញៈ ក្រុមហ៊ុន​ថៃ Aviation Maintenance ចង់​បើក​សាលា​បង្រៀន​អាកាសយានិក​ (Pilot) និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ (Engineer maintenance) នៅ​កម្ពុជា ខណៈ​​​វិស័យ​អាកាសចរណ៍​កម្ពុជា​ កំពុង​មាន​កង្វះ​ខាត​ជំនាញ​មួយ​នេះ។

លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោសែន​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា លោក​បាន​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន Aviation Maintenance Expert Enterprise Co,.Ltd និង​ក្រុមហ៊ុន​ Private Jet (JFT Jet) កាល​ពី​ថ្ងៃទី​ ១៣ មិថុនា ​ដោយ​បាន​ពិភាក្សា​អំពី​ផែនការ​នៃ​ការ​បើក​ដំណើរការ​នេះ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ពិភាក្សា​បឋម និង​ជា​ការ​សិក្សា​ដំបូង​ដោយ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ទេ។

លោក​បន្ថែម​ថា បើក​សាលា​បង្រៀន​អាកាសយានិក និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ​នេះ ជា​គម្រោង​របស់​ខាង​​ក្រុមហ៊ុន​ថៃ Aviation Maintenance ដោយ​ក្រុមហ៊ុន​នេះ បាន​ស្នើសុំ​ជួប​វិទ្យាស្ថាន​ដើម្បី​ពិភាក្សា​​​កិច្ច​ការងារ​នេះ ខណៈ​ក្រុមហ៊ុន Private Jet (JFT Jet) គឺ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​ប្រតិបត្តិការ​អាជីវកម្ម​លើ​ផ្នែក​នេះ ដូច្នេះ​​ក្រុមហ៊ុន​មាន​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ចំពោះ​អ្នក​ជំនាញ​នៅ​ក្នុង​ផ្នែក​អាកាសយានិក, ជួសជុល ​និង​ថែទាំ​យន្តហោះ។

លោក​បាន​​បញ្ជាក់​​ថា៖ «​រាជរដ្ឋាភិបាល​យើង​លើក​ទឹក​ចិត្ត​ឱ្យ​​ក្រុមហ៊ុន​មាន Private Jet ដោយ​ខ្លួន​ឯង ដែល​​ធ្វើ​ឱ្យ​ទីផ្សារ​ផ្នែក​នេះ​មាន​ការ​ផុលផុស​ទើប​ក្រុមហ៊ុន Private Jet (JFT Jet) បាន​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នៅ​ថៃ និង​ស្ថានទូត​ថៃ ដើម្បី​​ចាប់​ផ្តើម​សិក្សា​លទ្ធភាព​ ស្តីពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន​ ឬ​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ការងារ​នេះ»។

លោក​​បន្ត​ថា ប្រសិន​គម្រោង​បើក​សាលា​បង្រៀន​អាកាសយានិក និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ អាច​ដំណើរការ​បាន​នា​ពេល​អនាគត​ពិត​មែន​នោះ​ វា​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្ហាញ​ពិភព​លោក​ថា វិស័យ​ដឹក​ជញ្ជូន​គមនាគមន៍​​​កម្ពុជា​មាន​ការ​រីក​ចម្រើន។

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា​ក្រុមហ៊ុនPrivate Jet ( JFT Jet) បាន​ប្រាប់​ថា ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Aviation Maintenance នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​បាន​មើល​ឃើញ​កាលានុវត្តភាព​លើ​វិស័យ​អាកាសចរណ៍​នេះ បន្ទាប់​​ពី​ប្រទេស​​ថៃ និង​កម្ពុជា បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញ​លេញ​ឡើង​វិញ​ដូច​គ្នា។

លោកស្រី​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Aviation Maintenance កំពុង​​សិក្សា​ពី​លទ្ធភាព​នៅ​ក្នុង​ការ​បើក​ជំនាញ​នេះ​ នៅ​ឡើយ​ ហើយ​ក្រុមហ៊ុន​មួយ​នេះ គ្រោង​នឹង​ជួប​ជាមួយ​ខាង​អាកាសចរ​ស៊ីវិល​បន្ត​ទៀត ដើម្បី​ពិភាក្សា​លើ​ការ​បើក​សាលា​បណ្តុះបណ្តាល​នេះ។

លោកស្រី​បញ្ជាក់​ថា៖​ «ទាំង​ខាង​ថៃ និង​កម្ពុជា កំពុង​សិក្សា​ដូច​គ្នា​លើ​លទ្ធភាព និង​ស្វែង​រក​​ចំណុច​រួម មុន​នឹង​អាច​ដំណើរការ​សាលា​បណ្តុះបណ្តាល​នេះ​បាន​។ វិទ្យាស្ថាន​ជាតិ​តេជោ​ជា​ស្ថាប័ន​មួយ​ដែល​ធំ​ជាង​គេ និង​មាន​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​វិស្វករ និង​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ ដូច្នេះ​ស្ថាប័ន​នេះ​ មាន​ភាព​ស័ក្តិសម​ក្នុង​ការ​បើក​ជំនាញ​ដែល​ពួក​យើង​ចង់​បណ្តុះបណ្តាល»។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​​​ឱ្យ​ដឹង​ដែរ​​ថា កន្លងមក​កម្ពុជា​មាន​សាលា​បណ្តុះបណ្តាល​ផ្នែក​អាកាសយានិក និង​ជំនាញ​ជួសជុល​ថែទាំ​យន្តហោះ​នេះ​មួយ​ហើយ គឺ​សាកល​វិទ្យាល័យ​អាកាសចរណ៍​ឡាម៉ី និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែល​បាន​មក​សិក្សា​ដើម្បី​​បណ្តុះបណ្តាល​ជំនាញ​នេះ​បន្ថែម​ដែរ ប៉ុន្តែ​បាន​ស្ងាត់​ទៅ​វិញ​ដោយសារ​វិបត្តិ​​នៃ​ជំងឺ​កូវីដ ១៩។

លោក​បាន​បន្ថែម​ថា អាកាសចរ​ស៊ីវិល​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​អាកាសចរណ៍​​ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​​សេវា​ និង​តម្លៃ ទោះបី​កម្ពុជា​មាន​សក្តានុពល​តិច​លើ​វិស័យ​នេះ​ក៏​ដោយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ​ទីផ្សារ​ផ្នែក​នេះ​មិន​មាន​ដំណើរការ​នោះ​ទេ។

លោក​បញ្ជាក់​​ថា៖ «​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​តូច​នៅ​ឡើយ​។ នៅ​ស្រុក​គេ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​អាច​មាន​យន្តហោះ​ពី​ ៥០ ​ទៅ ​៦០ ​គ្រឿង ខណៈ​​​កម្ពុជា​យើង​មាន​ត្រឹម​តែ ៣ ​ទៅ​ ៤ ​គ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ន័យ​ថា ទីផ្សារ​នេះ​មិន​ដំណើរការ​​ទេ ព្រោះ​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ពី​ក្រៅ​ប្រទេស​មក​​រៀន​នៅ​ស្រុក​យើង​បាន​ផង​ដែរ​»។

បើ​តាម​អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល និស្សិត​ម្នាក់​ដែល​សិក្សា​ផ្នែក​អាកាសយានិក​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់ Online Training និង​ត្រូវ​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​ថែម​​ទៀត​ ត្រូវ​ចំណាយ​ប្រមាណ ១០ ​ម៉ឺន​ដុល្លារ៕ LA