ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​អ្នក​សេដ្ឋកិច្ច​បាន​និយាយថា ផែនការមេ​របស់​រដ្ឋាភិបាល​ដែលមាន​ទឹកប្រាក់​រហូតដល់ ៥០​ ពាន់​លាន​ដុល្លារ​លើ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក ជាពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​ជិតខាង​នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង បន្ទាប​តម្លៃ​ដឹកជញ្ជូន និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ការ​ពិភាក្សា​ជាមួយ​លោក Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​និយាយថា កម្ពុជា​កំពុង​រៀបចំ​ផែនការមេ​ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៥០​ ពាន់​លាន​ដុល្លារ​លើ​ការពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការតភ្ជាប់​ទៅកាន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​ធ្វើ​យ៉ាងណា​បង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការ​មេ​លើ​ការកែ​សម្រួល​ផ្លូវថ្នល់ ការពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវ ២ ​គន្លង​ទៅ​ ៤​ គន្លង ការបង្កើន​ការតភ្ជាប់​ទៅគ្រប់​ច្រកល្ហក​សម្រួល​ដល់​ការធ្វើ​ដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​បាន​ឆាប់រហ័ស​។ ផែនការមេ​ភ័ស្តុភារកម្ម​ដែល​រួមមាន​គម្រោង​ប្រមាណ ៣៣០ ​គម្រោង​ត្រូវការ​ទឹកប្រាក់​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ រួមទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​ជិតខាង​សំដៅ​ជំរុញ​ការដឹកជញ្ជូន និង​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​មាន​ភាពងាយស្រួល​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​កាត់បន្ថយ​ចំណាយ​ភ័ស្តុភារកម្ម និង​ដឹកជញ្ជូន និង​ទាក់ទាញ​វិនិយោគ​ផងដែរ​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ថា លោក​មិនដឹងថា ទឹកប្រាក់ ៥០ ​ពាន់​លាន​ដុល្លារ​នេះ​នឹង​ត្រូវ​ក្រសួង​យកទៅ​ប្រើប្រាស់​សម្រាប់​ការវិនិយោគ​លើ​ផ្នែក​ណា​ទេ ប៉ុន្តែ​ការវិនិយោគ​នេះ គឺ​ប្រាកដ​ជា​ក្នុង​គោលបំណង​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​កាន់តែ​ល្អ​ជាង​មុន ដោយ​អាច​បង្រួម​រយៈពេល​ដឹកជញ្ជូន និង​ជួយ​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន​ទាប​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​វិស័យ​ដឹកជញ្ជូន គឺ​ប្រៀបបាន​នឹង​ដំណឹក​នាំ​សម្រាប់​លំហូរ​សកម្មភាព​សេដ្ឋកិច្ច ព្រោះ​បើ​ការដឹក​ជញ្ជូន​ដំណើរការ​ល្អ ចរន្ត​សេដ្ឋកិច្ច​ក្នុងប្រទេស​ក៏​ដើរ​ល្អ​ដូចគ្នា ហើយ​ចំនួន​វិនិយោគិន​បរទេស​ចូលមក​បណ្តាក់ទុន​ក៏​កើនឡើង​ទៅតាម​នោះដែរ​»​។

បន្ថែម​ពីលើ​នេះ លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើងថា ការវិនិយោគ​លើ​វិស័យ​ឡូជីស្ទិក គឺមាន​ភាពចាំបាច់​ណាស់​សម្រាប់​កម្ពុជា​ក្នុង​ពេលនេះ ព្រោះ​នៅពេល​ផ្លូវថ្នល់ និង​វិស័យ​ឡូជីស្ទិក និង​ភ័ស្តុភារកម្ម​មាន​ភាពប្រសើរ វា​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ហើយក៏​ជា​ផ្នែក​មួយ​គាំទ្រ​ដល់​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ​ ២០៣០ ផងដែរ​។

លោក​ថ្លែងថា​៖ «​ផែនការមេ​ភ័ស្តុភារកម្ម​ដែលមាន​ទឹកប្រាក់​ ៥០ ​ពាន់​លាន​ដុល្លារ​នេះ គឺ​ពិតជា​ស័ក្តិសម​សម្រាប់​កម្ពុជា​នាពេល​នេះ ដើម្បី​ដណ្តើម​យក​ឧត្តមភាព​ផ្នែក​សេវាកម្ម​ឡូជីស្ទិក និង​ភ័ស្តុភារកម្ម​»​។ ការអភិវឌ្ឍ​នេះ ក៏​នឹង​ជួយ​ធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន ការលើកដាក់​ទំនិញ និង​កន្លែង​ស្តុក​ទំនិញ​ទាប​ជាង​មុន​ផងដែរ​»៕ LA