The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​គេ​របស់​អាមេរិក ​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា

រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​គេ​របស់​អាមេរិក ​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​រោងចក្រ​ដំឡើង​រថយន្ត FORD ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ម្សិលមិញ​។ រូបថត Hun Manet page

រោងចក្រ​ដំឡើង​រថយន្ត​ដំបូង​គេ​របស់​អាមេរិក ​បាន​បង្ហាញ​វត្តមាន​នៅ​កម្ពុជា

ពោធិ៍សាត់ៈ រោងចក្រ​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន Ford Mortor ដែល​ជា​រោងចក្រ​ដំបូង​​គេ​នៅ​កម្ពុជា ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការ​កើន​ឡើង​នៃ​តម្រូវការ​រថយន្ត​ថ្មី​នៅ​កម្ពុជា​។ ការណ៍​នេះ​បាន​ប្រែ​ក្លាយ​​កម្ពុជា​ពី​ប្រទេស​នាំចូល​ទៅ​ជា​ប្រទេស​ដំឡើង​រថយន្ត​ទំនើប​ដោយ​ខ្លួន​ឯង ហើយ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ពី​វិស័យ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​នេះ​នាពេល​ដ៏​ខ្លី​ខាង​មុខ។

អគ្គនាយក​ក្រុមហ៊ុន RMA Cambodia លោក ងន សាំង បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ Ford Motor Company កាល​ពី​ថ្ងៃទី​ ១៦ ខែ​មិថុនា​ថា រោងចក្រ​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង ៥​ ហិកតា ស្ថិត​ក្នុង​ភូមិ​សារវ័ន ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ជាមួយ​នឹង​ទុន​វិនិយោគ​ចំនួន​ ២១ លាន​ដុល្លារ​ ដែល​អាច​បង្កើត​ការងារ​ជំនាញ​បាន​ជាង ៥០០ ​កន្លែង និង​មាន​​សមត្ថភាព​អាច​ដំឡើង​រថយន្ត​បាន​ចំនួន​ប្រមាណ ៩ ០០០ គ្រឿង​ ក្នុង​ ១​ ឆ្នាំ។

លោក​ថ្លែង​ថា​៖ «​តាមរយៈ​កំណើន​សេដ្ឋកិច្ច និង​កម្រិត GDP របស់​ប្រជាជន​កម្ពុជា​កើន​ខ្ពស់​ជា​បន្ត​បន្ទាប់ ដែល​​​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ងាក​មក​ប្រើ​​រថយន្ត​ថ្មី​មាន​ការ​កើន​ឡើង​ជា​លំដាប់​។ ការ​ប្រើប្រាស់​រថយន្ត​ថ្មី​ម៉ាក​ FORD មាន​កំណើន​កាន់​តែ​ច្រើន និង​បាន​ក្លាយ​ជា​ជម្រើស​ឈាន​មុខ​គេ​របស់​អតិថិជន​នៅ​កម្ពុជា​។ ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​ FORD​ ដោយ​​​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ផ្គុំ និង​ដំឡើង​រថយន្ត​ពី​ក្រុមហ៊ុន​ម្ចាស់​ដើម Ford Motor Company»។

លោកប​ន្ត​ថា ​រោងចក្រ​នេះ​នឹង​ដំឡើង Ford Ranger ជំនាន់​ថ្មី និង Ford Everest។

លោក​​បន្ត​​ថា​៖«​យើង​​ជឿ​​ថា រោងចក្រ​ដំឡើង​រថយន្ត​​នេះ​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​យានយន្ត និង​ជំរុញ​​សេដ្ឋកិច្ច​តាមរយៈ​ការ​បង្កើន​ចង្វាក់​ផលិតកម្ម​នៅ​ក្នុង​ស្រុក ស្រប​​តាម​ស្តង់ដា​អន្តរជាតិ​ក្នុង​សម័យ​សកលភាវូបនីយកម្ម​បច្ចេកវិទ្យា»។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងទ័ព​ជើង​គោក​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ខាង​លើ​ថា​ Ford Motor Company ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក ដែល​ផ្តល់​ទំនុក​ចិត្ត​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ទីតាំង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដំឡើង​រថយន្ត​ដើម្បី​ចែកចាយ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ប្រកប​ដោយ​សក្តានុពល​ដោយ​យោង​​លើ​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា និង​កំណើន​ជីវភាព​របស់​ប្រជាពលរដ្ឋ។

លោក ម៉ាណែត បាន​បញ្ជាក់​ថា​៖ «ការ​បង្កើត​រោងចក្រ​ដំឡើង​​រថយន្ត Ford ក្នុង​ទឹកដី​នៃ​ខេត្ត​ពោធិ៍សាត់ ប្រទេស​កម្ពុជា​ ពេល​​នេះ គឺ​ជា​មោទនភាព​មួយ​សម្រាប់​អ្នក​មូលដ្ឋាន​នៅ​ទីនេះ ក៏​ដូចជា​ប្រជាជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ទទួល​ស្វាគមន៍​​វត្តមាន​របស់​ឧស្សាហកម្ម​ធុន​ធ្ងន់​ដ៏​ទំនើប​មួយ​នេះ»៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍