ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបង្ហាញ​ក្តីសង្ឃឹម​ថា គណៈប្រតិភូ​ការិយាល័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ហុងកុង​ ( HKETO) នឹង​ពិចារណា​លើ​ការអភិវឌ្ឍ​គម្រោង​សំខាន់ៗ​មួយចំនួន​នៅ​កម្ពុជា ដែលជា​គម្រោង​ដ៏ធំ​មួយ​មាន​ទឹកប្រាក់​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ​។

ការលើក​ឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​លោក ស៊ុន ចាន់ថុល ជាមួយ​ក្រុម​គណៈប្រតិភូ​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ (HKETO) ដែល​ដឹកនាំ​ដោយ​លោក Sheung Yuen Lee កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ ​២០២២​។

ជំនួប​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ដើម្បី​វាយតម្លៃ​អំពី​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​ឱ្យបាន​ទូលំទូលាយ​នៅ​កម្ពុជា​ផងដែរ​។

ជាកិច្ច​ចាប់ផ្តើម លោក ស៊ុន ចាន់ថុល បាន​លើកឡើង​អំពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative) ដែលមាន​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ក្នុង​នោះ​រួមមាន​ការកសាង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​បង្អស់​របស់​កម្ពុជា​ផងដែរ​។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​លើកឡើង​ពី​គម្រោង​វិនិយោគ​សំខាន់ៗ​សម្រេចបាន​របស់​រាជរដ្ឋាភិបាល​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា​ដែលមាន​ដូចជា បណ្ដាញ​ផ្លូវ ចំនួន​ ៣៧ ខ្សែ​ដែល​ទើបបាន​កសាង និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្រុងព្រះសីហនុ គម្រោង​សាងសង់​ផ្លូវ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ជាដើម និង​ការរៀបចំ​ផែនការមេ​ភ័ស្តុភារកម្ម​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា គណៈប្រតិភូ​ការិយាល័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ហុងកុង​នឹង​ពិចារណា​លើ​ការអភិវឌ្ឍ​គម្រោង​សំខាន់ៗ​ប្រមាណ ៣៣០ ​គម្រោង ត្រូវការ​ទុនវិនិយោគ​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០​ ឆ្នាំ ដែល​បាន​លើកឡើង​នៅក្នុង​ផែនការមេ​ភ័ស្តុភារកម្ម ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​បង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង​វិស័យ​ភ័ស្តុភារកម្ម និង​ការដឹកជញ្ជូន​របស់​កម្ពុជា​»​។

ក្នុងឱកាស​នោះ លោក Sheung Yuen Lee នាយក​ការិយាល័យ HKETO ក៏បាន​លើកឡើង​អំពី​សកម្មភាព​ការងារ បទពិសោធ​ និង​ការអនុវត្ត​ល្អ​របស់​ក្រុមការងារ​ខ្លួន​ទាក់ទង​នឹង​ជំនាញ គ្រប់គ្រង​កំពង់ផែ​លំដាប់ថ្នាក់​ពិភពលោក និង​សក្ដានុពល​សំខាន់​ជាច្រើន និង​បានបង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការផ្លាស់ប្តូរ​ប្រកប​ដោយ​ភាពវិជ្ជមាន និង​ការរីកចម្រើន​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ផងដែរ​៕