ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ៦ ដែល​មាន​ទុនវិនិយោគ​ចំនួន ៧៩,៩​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២ ៧៤១​ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) អនុម័ត​ឱ្យ​វិនិយោគ ដែល​ក្នុង​នោះ ៣ ទីតាំង​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC បាន​ឱ្យដឹងថា យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ចំនួន ៦ ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​កំប៉ុង​របស់​ក្រុមហ៊ុន Baosteel Can Making (Cambodia) Co., Ltd មាន​ទីតាំងនៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ៥០,៧ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ១៥៥ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន GTV Motor Co., Ltd នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​ទុនវិនិយោគ ១៥,៦ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៧៣៨ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដើមឫស្សី របស់​ក្រុមហ៊ុន Glotec (Cambodia) Co., Ltd នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង មាន​ទុនវិនិយោគ ៤,៣ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៤១ ​កន្លែង​។

ចំណែក​គម្រោង ៣ ផ្សេង​ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លាស្ទិក របស់​ក្រុមហ៊ុន ECKL Packaging Co., Ltd នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ៣,១ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ២៣៤ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម (​គ្រោង​ធ្វើ​ពី​អាលុយមីញ៉ូម ដែក និង​ជ័រ​) របស់​ក្រុមហ៊ុន Konda Furniture Co., Ltd នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ២,៣ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ២៥៣​ កន្លែង​, និង​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន K Fine (Cambodia) Garment Co., Ltd. នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​ប្រមាណ ៣,៩ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១ ២២០ ​កន្លែង​។

បើតាម​ការគណនា​របស់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ផ្អែកលើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​របស់ CDC គម្រោង​ដែល​ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល ៥ ខែ ដើម​ឆ្នាំ ២០២២ មាន​ចំនួន ៧២ គម្រោង ដែល​មាន​ទុនវិនិយោគ​សរុប ២ ៦៦២,៣៨ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ៦០ ៩៤៩ កន្លែង ដោយ​គម្រោង​ភាគច្រើន​ស្ថិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ និង​ស្បែកជើង​៕