
លោកស្រី ជា សិរី ឧបការី និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ ទោះបីក្នុងឆ្នាំ ២០២១ វិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យមានផលអវិជ្ជមានជាខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ក៏កម្ពុជានៅតែអាចរក្សាបាននូវលំនឹងសេដ្ឋកិច្ចរបស់ខ្លួនបានល្អ ដោយទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ។ នេះបើយោងតាម លោកស្រី ជា សិរី ឧបការី និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា (NBC)។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២១» ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្នុងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅទីស្នាក់ការធនាគាជាតិនៃកម្ពុជា។
លោកស្រី ជា សិរី បាននិយាយថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោកក្នុងឆ្នាំ ២០២១ បានបន្តងើបឡើងបើទោះជាប្រឈមនឹងការលេចឡើងនូវប្រភេទមេរោគបំប្លែងថ្មីនៃជំងឺកូវីដ ១៩ និងការកើនឡើងនៃអត្រាអ្នកឆ្លងក៏ដោយ។ ប៉ុន្តែការងើបឡើងវិញនេះ មានភាពខុសគ្នាទៅតាមប្រទេសនីមួយៗ និងនៅមានភាពផុយស្រួយនៅឡើយ។ ចំពោះកម្ពុជាភាពអំណោយផលនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក គួបផ្សំនឹងជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទូទាំងប្រទេសបានជំរុញដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចក្នុងទម្រង់ជាអក្សរ V ជាមួយនឹងអត្រាកំណើន ៣ ភាគរយ នៅឆ្នាំ ២០២១ បន្ទាប់ពីបានធ្លាក់ចុះ -៣,១ ភាគរយ ក្នុងឆ្នាំ ២០២០។
លោកស្រីបន្តថា កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើននាំចេញសម្លៀកបំពាក់ ផលិតផលកសិកម្ម និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ក៏ដូចជាពាណិជ្ជកម្មលក់ដុំ និងរាយ។
លោកស្រីបន្តទៀតថា ជាលទ្ធផលប្រព័ន្ធធនាគារបន្តមានភាពរឹងមាំ និងអាចផ្តល់ឥណទានចាំបាច់ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។ ក្នុងអំឡុងឆ្នាំ ២០២១ ទ្រព្យសកម្ម និងប្រាក់បញ្ញើនៃប្រព័ន្ធធនាគារបានកើនឡើង ១៨ ភាគរយ និង ១៧,៧ ភាគរយរៀងគ្នា ហើយឥណទានបានកើនឡើង ២៣,៥ ភាគរយ។
ស្របពេលជាមួយគ្នានេះ គុណភាពទ្រព្យសកម្មនៅបន្តមានភាពល្អប្រសើរ ជាមួយនឹងសន្ទនីយភាពមានកម្រិតខ្ពស់ជាងការកំណត់របស់បទប្បញ្ញត្តិ ខណៈគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តរក្សាបាននូវភាពគ្រប់គ្រាន់នៃកម្រិតដើមទុន ស្របតាមបទប្បញ្ញត្តិ។
លោកស្រីបញ្ជាក់ថា៖ «ទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន»។
លោកស្រីបន្ថែមថា ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏បានរក្សាលក្ខខណ្ឌរូបិយវត្ថុសមស្រប ដើម្បីជំរុញលំហូរឥណទានឱ្យបន្តគាំទ្រសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុនសហគ្រាស និងអង្គភាពគ្រួសារ។
លោកស្រីបានបញ្ជាក់ថា៖ «ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន រូបិយវត្ថុ និងសារពើពន្ធ ប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍ ដើម្បីជួយដល់គ្រួសារក្រីក្រ និងអាជីវកម្មដែលងាយរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ ១៩»។
យោងតាមធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើងក្នុងរង្វង់ ៥ ភាគរយ នៅឆ្នាំ ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស៕