ក្រុមហ៊ុន Nestlé Switzerland របស់​ប្រទេស​ស្វ៊ីស​មាន​បំណង​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ពិសេស​និយាយ​លើ​ការបង្កើត​រោងចក្រ​នៅ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២២ តាមរយៈ​ការអញ្ជើញ​របស់​ក្រុមហ៊ុន Nestlé Switzerland លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Nestlé Switzerland ដែលមាន​ទីតាំង​នៅ​ទីក្រុង Vevey ប្រទេស​ស្វ៊ីស ដើម្បី​ពិភាក្សា​ការងារ ផ្លាស់ប្ដូរ​ព័ត៌មាន និង​ស្តាប់​នូវ​បទបង្ហាញ​របស់​ក្រុមហ៊ុន​ក្នុង​ការធ្វើ​ប្រតិបត្តការ​អាជីវកម្ម​របស់ខ្លួន​លើ​ទីផ្សារ​ពិភពលោក ក៏ដូចជា​ទីផ្សារ​កម្ពុជា ព្រមទាំង​ ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​មាន​បំណង​វិនិយោគ​បង្កើត​រោងចក្រ​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការវិនិយោគ ព្រោះថា​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន កម្ពុជា-​កូរ៉េ និង​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែលមាន​ប្រទេស​អាស៊ាន​ ១០ និង​ដៃគូ​មាន​៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និង​ណូវែលសេឡង់​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​កសាង​បទដ្ឋាន​គតិយុទ្ធ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​បាន​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ប្រកប​ដោយ​សុច្ចរិតភាព និង​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ជាក់ស្ដែង​ដូចជា​៖ ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា​, ច្បាប់​ស្តី​កិច្ចការពារ អ្នកប្រើប្រាស់​, ច្បាប់​ស្តីពី​កិច្ចការ​ប្រកួតប្រជែង​, និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ដែល​ច្បាប់​ទាំងនេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការបង្កើន​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​»​។

លោក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន Nestlé Switzerland សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក.ប.ប​.) ដើម្បី​រួមគ្នា​ដោះស្រាយ​អំពី​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​អាហារូបត្ថម្ភ (Nutrition) និង​ការដាក់​សារធាតុ​អាហារូបត្ថម្ភ​ក្នុង​អាហារ (Fortifications) បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការ​ក្លែងបន្លំ​ផលិតផល ជាដើម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន និង​អគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យ​លទ្ធភាព​ក្នុងការ​រៀបចំ​ជា​អនុស្សរណៈ​ការយោគយល់​គ្នា (MOU) នាពេល​ខាងមុខ​ផងដែរ​។ ​ជាការ​ឆ្លើយតប ភាគី​តំណាង​ក្រុមហ៊ុន Nestlé Switzerland បាន​ឱ្យ​ដឹងថា ក្រុមហ៊ុន​នឹង​ប្ដេជ្ញាចិត្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការដោះស្រាយ​បញ្ហា​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​៕