សៀមរាបៈ ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ​លើក​ទី​ ១៥ និង​បើក​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវកាល​ទី ​៧ រយៈពេល​ ៤ ​ថ្ងៃ​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​។

ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ លើក​ទី​ ១៥ និង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវកាល​ទី​ ៧ ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២២ នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប ក្រោម​អធិបតីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក នាក់ ណេរ៉ុន អភិបាលរង​ខេត្ត​សៀមរាប រួមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុប​ប្រមាណ ៣០០ ​នាក់​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​នោះ​លោក ឈួន ដារ៉ា បាន​លើកឡើង​ថា យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ គឺជា​សំឡេង​ជួង​ពញ្ញាក់​ស្មារតី​ប្រជាជន​កម្ពុជា​ទូទៅ​ឱ្យ​ងាក​មក​ចូលរួម​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ដែល​កសិករ​កម្ពុជា ផលិត​បាន​នៅតាម​មូលដ្ឋាន​ជំនួស​ទំនិញ​នាំចូល​ពី​បរទេស​ជា​ជំហានៗ ជាពិសេស​បាន​ជួយ​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​នៅតាម​សហគមន៍ ផ្ដល់​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​ល្អៗ ដល់​ផលិតករ​កម្ពុជា​សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ពួកគាត់​ផលិត​នូវ​ទំនិញ និង​សេវា ដែល​មាន​គុណភាព មាន​សុវត្ថិភាព មាន​អនាម័យ​ល្អ មាន​តម្លៃ​សមរម្យ និង​ជា​ទីទុកចិត្ត​សម្រាប់​អ្នកប្រើប្រាស់​។

លោក​បាន​ថ្លែងថា​៖ «​ជា​លទ្ធផល​ឃើញថា ការរៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ពី​រដូវកាល​មួយ​ទៅ​រដូវកាល​មួយ ធ្វើឱ្យ​ការគាំទ្រ និង​ការប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​មាន​និន្នាការ​កើន​ឡើង​ជា​បន្តបន្ទាប់​។ ម្យ៉ាងទៀត ក៏បាន​ធ្វើឱ្យ​ផលិតផល​ខ្មែរ​ចាប់ផ្តើម​រីកដុះដាល និង​មាន​វត្តមាន​លើ​ទីផ្សារ​កាន់តែ​ច្រើនឡើង​ទាំង​ទីផ្សារ​ធម្មតា ផ្សារ​ទំនើប ទីផ្សារ​ក្នុង​អាកាសយានដ្ឋាន និង​នៅ​បរទេស ព្រមទាំង​អាច​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស ដែល​បាននិង​កំពុង​ធ្វើចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​អនុវត្តន៍​នូវ​របប​ទីផ្សារ​សេរី​»​។

ព្រឹត្តិការណ៍​នេះ ត្រូវ​ធ្វើឡើង​រយៈពេល​ ៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៦-១៩ ខែមិថុនា ឆ្នាំ​ ២០២២ នា​ក្រុង​សៀមរាប ដោយ​មាន​ការដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​ខ្មែរ បន្លែ និង​ផ្លែឈើ និង​ផលិតផល​របស់​សហគមន៍​ផលិតផល​ភូមិ​ ១ ផលិតផល​ ១ មកពី​រាជធានី​-​ខេត្ត​ចំនួន​ ១៤​។ ក្នុងឱកាស​នេះ​ផងដែរ គណៈកម្មការ​រៀបចំ​ពិព័រណ៍​បាន​ជ្រើសរើស​មុខម្ហូប​ល្បីៗ​របស់​ស្រុក​ទាំង​ ១២ ​នៃ​ខេត្តសៀមរាប និង​មាន​ការ​ប្រកួត​ចម្អិនម្ហូប​ខ្មែរ​ដោយ​ក្រុមការងារ​ចុងភៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ជូន​ភ្ញៀវ​ទស្សនា​ផងដែរ​។

នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​នេះ​ក៏មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់​គ្នា និង​កិច្ចសន្យា​ពាណិជ្ជកម្ម ចំនួន​ ៥ លើ​កិច្ច​ការជំរុញ​ពាណិជ្ជកម្ម និង​ការស្វែងរក​ទីផ្សារ​ជូន​កសិករ ផលិតករ និង​ពិធី​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​ពាណិជ្ជករ​ដែល​បាន​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការផ្គត់ផ្គង់​ទំនិញ​ក្នុង​តំបន់​ក្រហម​អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយ​វិបត្តិ​កូវីដ​ ១៩ និង​ពាណិជ្ជករ​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ក្រសួង​ក្នុងការ​រៀបចំ​ និង​ចូលរួម​ពិព័រណ៍​ពិភពលោក​ឆ្នាំ​ ២០២០ ​ឌុយបៃ​សហភាព​អារ៉ាប់រួម​ដោយ​ជោគជ័យ​៕