ភ្នំពេញៈ គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ បាន​ចូលរួម​កិច្ច​សន្ទនា​គោលនយោបាយ​ពហុភាគី​ស្តីពី​ការ​ផ្តល់​អំណាច​ដល់​អាស៊ាន​សម្រាប់​សេដ្ឋកិច្ច​តាម​បែប​សន្សំសំចៃ​ទំនើប (Circular)។

កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួង​សាធារណការ លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារកម្ម និង​ជា​ប្រធាន​ឧត្តម​មន្ត្រី​ដឹក​ជញ្ជូន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ ចូលរួម​កិច្ច​សន្ទនាគោល​នយោបាយ​ពហុភាគី​ស្តីពី​ការ​ផ្តល់​អំណាច​ដល់​អាស៊ាន​សម្រាប់​សេដ្ឋកិច្ច​តាម​បែប​សន្សំសំចៃ​ទំនើប (Multi-Stakeholder Policy Dialogue on Empowering ASEAN for Circular Economy) តាម​រយៈប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ក្រោម​អធិបតីភាព​លោក សាវីន ឌើស៊ីញ អគ្គលេខាធិការ​រង​អាស៊ាន និង​ជា​ប្រធាន​គណៈកម្មាធិការ​រួម​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តី​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​តំណាង​ស្ថាប័ន​តាម​វិស័យ​ពាក់ព័ន្ធ​ផងដែរ។

កិច្ច​សន្ទនា​គោលនយោបាយ​ពហុភាគី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សំខាន់ៗ​រួមមាន៖ (១) ណែនាំ​ក្របខ័ណ្ឌ​សម្រាប់​សេដ្ឋកិច្ចតាម​បែប​សន្សំ​សំចៃ​ទំនើប​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​កម្លាំង​ជំរុញ​ដ៏​សំខាន់​លើ​សេដ្ឋកិច្ច​តាម​បែប​សន្សំសំចៃ​ទំនើប (២) ពិនិត្យ​ឡើងវិញ​កត្តា​គោលនយោបាយ​ដែល​នាំ​ភាព​ជោគជ័យ និង​ជួយ​សម្រួល​ដល់​ការ​ចូលរួម​របស់​វិស័យ​ឯកជន​នៅ​ក្នុងសេដ្ឋកិច្ច​តាម​បែប​សន្សំសំចៃ​ទំនើប ជាពិសេស​សម្រាប់​វិស័យ​កសិកម្ម ថាមពល និង​វិស័យ​ដឹក​ជញ្ជូន និង (៣) បង្កើត​លក្ខខណ្ឌ​ក្រប​ខ័ណ្ឌ​សម្រាប់​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន​ដែល​នឹង​ពន្លឿន​កិច្ច​ខិតខំ ប្រឹងប្រែង​ក្នុង​តំបន់​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​តាម​បែប​សន្សំ​សំចៃ​ទំនើបប្រកប​ដោយ​ប្រសិទ្ធភាព។

សូម​បញ្ជាក់​ផងដែរ​ថា ក្របខ័ណ្ឌ​រយៈពេលវែង​នៃ​សេដ្ឋកិច្ច​តាម​បែប​សន្សំសំចៃ​ទំនើប​សម្រាប់​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន(AEC) ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ ២០២១ មាន​គោលបំណង​ផ្តល់​នូវ​របៀបវារៈ​មួយ​ចំនួន​រួមមាន៖ វិធីសាស្រ្ត​លីនេអ៊ែរ​ចំពោះឧស្សាហូបនីយកម្ម​ត្រូវ​បាន​ជំនួស​ដោយ​គំរូ​សេដ្ឋកិច្ច​ថ្មី ដែល​ត្រូវ​យក​មក​ពិចារណា ឧបសគ្គ​ធនធាន និង​ស្វែងរក​វិធី​ប្រើប្រាស់​ឡើងវិញ និងកែច្នៃ​ផលិតផល​ឡើងវិញ ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​ថ្មី ពាណិជ្ជកម្ម​បើក​ចំហ និង​យន្តការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត។

កិច្ច​សន្ទនា​គោល​នយោបាយ​នេះ គឺ​ដើម្បី​ឈាន​ទៅ​រក​សេដ្ឋកិច្ច​តាម​បែបសន្សំ​សំចៃ​ទំនើប អាស៊ាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​នូវ​តុល្យភាពក្នុង​ចំណោម​គោលដៅ​ដែល​អាស្រ័យ​គ្នា​ចំនួន ៣ គឺ៖ (១) ភាព​ធន់​នៃ​សេដ្ឋកិច្ច (២) ប្រសិទ្ធភាព​ធនធាន និង (៣) កំណើន​ប្រកប​ដោយ​ចីរភាព និង​សម្រាប់​ទាំងអស់​គ្នា (Sustainable and Inclusive Growth)៕