​ក្រុមហ៊ុន Donaco International Ltd ជា​ប្រតិបត្តិ​ករ​កាស៊ីណូ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ពេញលេញ​នូវ​ទីតាំង​កាស៊ីណូ​​ Star Vegas របស់ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ច្រកព្រំដែន​ទាំងអស់​រវាង​ប្រទេស​កម្ពុជា និងថៃ ​បាន​ដំណើរការ​ឡើងវិញ​ទាំងស្រុង​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន​កាលពី​ថ្ងៃទី ១៧​ ខែមិថុនា កាស៊ីណូ Star Vegas Resort & Club បាន​បើក​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃទី​ ១៨​ ខែ មិថុនា ឆ្នាំ ២០២២​។ ក្រុមហ៊ុន Donaco​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​លុបចោល​ការបិទ​បណ្តោះអាសន្ន​នៃ​ប្រតិបត្តិការ​កាស៊ីណូ​នៅ​ខេត្តបន្ទាយមានជ័យ ដែលជា​ទីតាំង​កាស៊ីណូ​ Star Vegas​។

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ការកើនឡើង​បន្តិច​ម្តងៗ​នៃ​ប្រតិបត្តិការ​ពេញលេញ​នឹង​អាចឱ្យ​ក្រុមហ៊ុន Donaco បន្ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការចំណាយ​ប្រកបដោយ​ការប្រុងប្រយ័ត្ន ដែល​ខ្លួន បាន​អនុវត្ត​អាជីវកម្ម​ដោយ​ពេញលេញ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

​លោក PorntatAmatavivadhana ជា​ប្រធាន​មិនមែន​ប្រតិបត្តិ បាន​លើកឡើងថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​បើក​ដំណើរការ កាស៊ីណូ Star Vegas ឡើងវិញ និង​ការ​ត្រឡប់​ទៅរក​ប្រតិបត្តិការ​ពេញលេញ បន្ទាប់ពី​ការរំខាន​រយៈពេល​យូរ​ដោយសារ​រ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​។ ព្រំដែន​កម្ពុជា​-​ថៃ​ក៏បាន​បើក​ឡើងវិញ​ផងដែរ ដែលជា​ធម្មតា ជា​កន្លែង​ដែល​អតិថិជន​របស់​កា​ស៊ី​ណូ​Star Vegas ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ថៃ​»​។​

​លោក​លើកឡើងថា​៖ «​ទន្ទឹមនឹង​លក្ខខណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​អំណោយផល យើង​នឹង​រក្សា​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់​យើង​លើ​ការគ្រប់គ្រង​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​នៃ​ការចំណាយ​សាជីវកម្ម និង ប្រតិបត្តិការ​។ ជាការ​ពិតណាស់ វា​នឹង​ត្រូវការ​ពេលវេលា​ខ្លះៗ មុនពេល​ប្រតិបត្តិការ​ត្រឡប់​ទៅ​ដូច​ពីមុន ប៉ុន្តែ​កត្តា​ខាងក្រៅ​ទាំងនេះ គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​សម្រាប់​អាជីវកម្ម​របស់​យើង​»​។​

​លោក អ៊ូ​ក សោ​ភ័​ណ្ឌ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាមួយនឹង​ការបើក​ឡើងវិញ​នូវ​គ្រប់​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​២ នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឆ្លងកាត់​ព្រំដែន ជាពិសេស​លំហូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​លោក​បាន​ថ្លែងថា​៖«​ការបើក​ព្រំដែន​ឡើងវិញ គឺជា​សញ្ញា​វិជ្ជមាន​មួយ​របស់​ប្រទេស​ទាំង​២​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការវិនិយោគ​ទ្វេភាគី​របស់​យើង​»​។ លោក​បន្ថែមថា ក្រុមហ៊ុន​មួយចំនួន​នៅ​ប្រទេស​ថៃ នៅពេលនេះ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​កាលពី​ឆ្នាំ ​២០២១ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ​មក​កម្ពុ​ជាមាន​ចំនួន​សរុប ៨១ ៨៤៤​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុងចំណោម​១០​ប្រទេស បន្ទាប់មក​គឺ​ប្រទេស​ចិន​មាន​ចំនួន​៤៥ ៧៧៥​នាក់ និង​វៀតណាម​មាន​ចំនួន ២២ ១២០ ​នាក់​។ នេះ​បើ​យោងតាម​ក្រសួងទេសចរណ៍​។​

​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​បាន​ធ្លាក់ចុះ ៨៤,៩៦ ភាគរយ​ពី ១ ៣០៦ ១៤៣ នាក់​ កាលពី​ឆ្នាំ ២០២០ មក​ត្រឹម ១៩៦ ៤៩៥ នាក់ កាលពី​ឆ្នាំ ២០២១ ដែល​ចំនួន​ចុង​ក្រោយនេះ​តំណាងឱ្យ​ការធ្លាក់ចុះ​ជិត ៩៧,០៣ ភាគរយ ពី​ចំនួន ៦ ៦១០ ៥៩២ នាក់​កាលពី​ឆ្នាំ ២០១៩៕LA​