ភ្នំពេញៈ ក្រុមហ៊ុន Baosteel Can Making​ (Cambodia) Co., Ltd បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​ ៥០,៧​ លាន​ដុល្លារ​ បើក​រោងចក្រ​ផលិត​សម្បក​កំប៉ុង​ដោយ​មើល​ឃើញ​ពី​ឱកាស​ការ​រីក​ចម្រើន​​នៃ​វិស័យ​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​កំពុង​កើន​ឡើង​ខ្លាំង​នៅ​កម្ពុជា។

គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​កំប៉ុង​របស់​ក្រុមហ៊ុន​ Baosteel Can Making (Cambodia)​Co., Ltd ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​​អនុម័ត​កាល​ពី​ចុង​សប្តាហ៍​មុន។ រោងចក្រ​នេះ​មាន​ទីតាំង​នៅ​ឃុំសំបូរ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដោយ​​បង្កើត​ការងារ​បាន ១៥៥ ​កន្លែង។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា Baosteel Can Making (Cambodia) Co.,​Ltd បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ខែ​វិច្ឆិកា ២០២១។

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃទី​ ១៩ ខែ​មិថុនា​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​សម្បក​កំប៉ុង​យ៉ាង​ច្រើន​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​យក​ទៅ​​ច្រក​ ឬ​វេចខ្ចប់​ផលិតផល​​​ផលិត​រួចរាល់។ នៅ​ពេល​ផលិតផល​ត្រូវ​បាន​ច្រក​ដាក់​ចូល​ក្នុង​កំប៉ុង ឬ​វេចខ្ចប់​ស្អាត​ វា​​មិន​ត្រឹមតែ​អាច​ធានា​បាន​​​គុណភាព​ល្អ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ទទួល​បាន​ផង​ដែរ​។

លោក​បន្ត​ថា ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​សម្បក​កំប៉ុង​នេះ​​មិន​ត្រឹម​តែ​ជួយ​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល និង​ទាក់ទាញ​ឱ្យ​មាន​ការ​ចូល​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន​ទៀត​ផង។

លោក​ថ្លែង​ថា៖ ​«​នេះ​ជា​រឿង​ល្អ ព្រោះ​បច្ចុប្បន្ន​កម្ពុជា​កំពុង​​ខ្វះ​សម្បក​កំប៉ុង​ជាច្រើន ហើយ​មិន​ត្រឹមតែ​សម្បក​កំប៉ុង​ (លោហៈ) ប៉ុណ្ណោះ​ទេ​ គឺ​​ទាំង​សម្បក​កំប៉ុង​ពី​ប្លាស្ទិក​សម្រាប់​ច្រក ឬ​វេចខ្ចប់​ផលិតផល​កសិកម្ម ពិសេស​ផ្លែឈើ​កំប៉ុង សណ្តែក​ដី ជា​ដើម។ ការ​វិនិយោគ​លើ​សម្បក​កំប៉ុង​នៅ​ក្នុង​ស្រុក​បែប​នេះ គឺ​មិន​ត្រឹម​តែ​កាត់​បន្ថយ​តម្លៃ​ដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​លើក​កម្ពស់​ការ​នាំចេញ​របស់​កម្ពុជា​ផង​ដែរ»។

លោក​បន្ថែម​ថា ការ​វិនិយោគ​នេះ​ ក៏​នឹង​ជួយ​បង្កើត​ការងារ​ថ្មីៗ​ដល់​ប្រជាជន​ផង​ដែរ​។ តម្រូវ​ការ​សម្បក​កំប៉ុង​ គឺ​មាន​គ្រប់​ប្រភេទ​ទាំង​អស់ ​ទាំង​ប្រភេទ​ប្លាស្ទិក អាលុយមីញ៉ូម ឬ​ដែក​ជា​ដើម។

ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ជ័យ សំបូរ លោកស្រី អ៊ិន ឡៃហ៊ួត បាន​ប្រាប់​ថា បញ្ហា​សម្បក​វេចខ្ចប់ និង​សម្បក​​កំប៉ុង​​ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ផលិតផល​ មុន​នឹង​យក​ទៅ​ដាក់​លើ​ទីផ្សារ ​ពិសេស​ផលិតផល​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​។ ផលិត​ផល​គ្រាប់​ស្វាយ​ចន្ទី​របស់​លោកស្រី​ដែល​តែង​នាំ​ចេញជា​រៀង​រាល់​ខែ​ទៅ​ប្រទេស​ជប៉ុន គឺ​តែង​គិតគូរ​យ៉ាង​ហ្មត់ចត់​ទៅ​លើ​សម្បក​វេចខ្ចប់ ព្រោះ​វា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឱ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​ទៅ​លើ​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ផ្សព្វផ្សាយ​ឈ្មោះ​ផលិតផល​ឱ្យ​គេ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​ផង​ដែរ​។ ប្រសិន​មិន​​មាន​ការ​ទុកដាក់ និង​ច្រក​ត្រឹម​ត្រូវ​គេ​​មិន​ឱ្យ​នាំ​ទៅ​ប្រទេស​គេ​ឡើយ។

លោកស្រី​​​បញ្ជាក់​ថា៖​ «​ការ​ផលិត​សម្បក​កំប៉ុង​ក្នុង​ស្រុក នឹង​ផ្តល់​ឱកាស​ឱ្យ​​ម្ចាស់​អាជីវកម្ម​មាន​ជម្រើស​បន្ថែម​ទៀត​ ពិសេស​អាច​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​ទាប​ជាង​ផលិតផល​នាំចូល»។

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ពង្រឹង​ការ​គ្រប់គ្រង​ការ​នាំចូល​មុខ​ទំនិញ​ផលិតផល​​សម្រេច​ជា​សម្បក​កំប៉ុង​ភេសជ្ជៈ​ ដើម្បី​បម្រើ​ផលិតកម្ម​ក្នុង​ប្រទេស​។ នេះ​បើ​យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផ្ញើ​ជូន​ប្រធាន​​នាយកដ្ឋាន​​ សាខា និង​ការិយាល័យ​​គយ ​ចុះ​ថ្ងៃទី ​១៨ ខែ​ឧសភា។

របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម កាល​ពី​ឆ្នាំ ២០២១ បង្ហាញ​ថា​ កម្ពុជា​​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​​ចុះ​បញ្ជី​​ចំនួន​ ១៣៕ LA