នា​ទសវត្សរ៍​កន្លង​មក​នេះ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គ្រប់គ្នា​ទទួល​ស្គាល់​ជា​ការ​វិនិយោគ​ដ៏​មាន​សក្ដានុពល​បំផុត​មួយ​នៅ​កម្ពុជា​។ គម្រោង​អភិវឌ្ឍន៍ លំនៅឋាន រោងចក្រ តំបន់​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ត្រូវ​បាន​​សាងសង់​ឡើង​ដោយ​កែប្រែ​ពី​ដី​ទទេ មក​ជា​ទីក្រុង​ និង​តំបន់​អភិវឌ្ឍន៍​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​​ដ៏​ខ្លី​។ ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កើន​ឡើង​យ៉ាង​ខ្លាំង ដែល​បាន​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​វិនិយោគិន និង​ម្ចាស់​ដី​។ យ៉ាងណា​មិញ នៅ​មាន​វិធី​ផ្សេង​ច្រើន​ទៀត​ដែល​អាច​បង្កើន​ប្រាក់​ចំណូល​អកម្ម​ស្រដៀង​គ្នា​នេះ​។

ការវិនិយោគ​លើ​ភាគហ៊ុន​ គឺ​ជា​ជម្រើស​​ដ៏​ល្អ​មួយ ដែល​អាច​ផ្តល់​ប្រាក់​ចំណេញ​​ខ្ពស់​ប្រហាក់ប្រហែលគ្នា​ទៅ​នឹង​អចលនទ្រព្យ​ដែរ​ទៅ​ថ្ងៃ​អនាគត ដែល​សូម្បីតែ​អ្នក​ចាប់​ផ្តើម​វិនិយោគ​ដំបូងៗ​ក៏​អាច​នឹង​ងាយ​ចាប់​បាន ខណៈ​ដែល​វិនិយោគិន​អចលនទ្រព្យ​ស្រាប់​នឹង​កាន់តែ​ងាយ​ស្រួល​ថែម​ទៀត​។ ទោះបី​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ប៉ុន្តែ​វា​មាន​សក្ដានុពល​ខ្ពស់​។ វិនិយោគិន​ដែល​បាន​ទិញ​ភាគហ៊ុន​នៅពេល​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង (Initial Public Offering ឬ IPO) អាច​ទទួល​បាន​លទ្ធភាព​ចំណេញ​ខ្ពស់​។ ជា​ការ​ពិត​ណាស់ មាន​ភាគហ៊ុន​មួយ​ចំនួន​ធ្លាក់​ថ្លៃ​បន្ទាប់​ពី IPO ប៉ុន្តែ​ភាគហ៊ុន​ភាគ​ច្រើន​ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (​ផមក​) គឺ​បាន​ឡើង​ថ្លៃ ហើយ​ច្រើន​ទៀត​ផង ក្នុង​នោះ​ភាគហ៊ុន PPAP, PAS, និង​ភាគហ៊ុន JSL ដែល​ទើប​នឹង​បាន​ចុះបញ្ជី​ថ្មីៗ​នេះ មាន​ថ្លៃ​កើន​ឡើង​រហូត​ ១ ​ជា​ ៣ ​នៃ​ថ្លៃ​ IPO ឯណោះ។

តារាងទី១: កំណើនជាមេគុណរវាងថ្លៃ IPO និងថ្លៃបច្ចុប្បន្នរបស់ PPAP PAS និង JSL។

ទោះជា​យ៉ាងណា​ក៏​ដោយ នេះ​មិនមែន​មាន​ន័យ​ថា ភាគហ៊ុន​ដែល​មាន​ថ្លៃ​ធ្លាក់ចុះ ឬ​មិនទាន់​ទទួល​បាន​កំណើន​ខ្ពស់​មិនមាន​សក្តានុពល​នោះ​ទេ​។ ភាគហ៊ុន​មួយ​ចំនួន​ធ្លាក់​ថ្លៃ​ក្នុង​រយៈពេល​ខ្លី​ដោយសារ​កត្តា​ខាង​ក្រៅ ដែល​មិនមែន​ដោយសារ​កត្តា​គុណភាព​ជា​មូលដ្ឋាន ហើយ​ភាគ​ច្រើន​វា​នឹង​ងើប​ឡើងវិញ​នៅ​ពេល​ណាមួយ​។ វិនិយោគិន​ដែល​អាច​រកឃើញ​ភាគហ៊ុន​​នៅ​ក្នុង​ស្ថានភាព​បែប​នេះ នឹង​មាន​​លទ្ធភាព​ស្វែងរក​ប្រាក់​ចំណេញ​។ ក្រឡេក​មក​មើល​ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស (PPSP) ជា​ឧទាហរណ៍​វិញ ដែល​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹម ១ ១៦០ រៀល​ ក្នុង​ ១ ​ហ៊ុន​ កាល​ពី​ចុង​ឆ្នាំ ២០២០ បាន​ងើប​ឡើង​វិញ​ជា​បន្ត​បន្ទាប់មក​ថ្លៃ ២ ៤២០ រៀល​វិញ ត្រឹមតែ​ប៉ុន្មាន​ខែ​ក្រោយ​ប៉ុណ្ណោះ​។ ជា​ទូទៅ​ភាគហ៊ុន​ដែល​មាន​ចលនា​ថ្លៃ​ឡើង​ចុះ​ក្នុង​កម្រិត​ខ្ពស់​បែប​នេះ អំណោយផល​ដល់​វិនិយោគិន​ក្នុង​ការ​ស្វែងរក​ប្រាក់​ចំណេញ ប្រសិន​បើ​ពួក​គេ​អាច​ព្យាករ​ដឹង​ពី​គំរូ​ចលនា​ថ្លៃ​ភាគហ៊ុន នឹង​ហ៊ាន​ប្រថុយ​នឹង​ហានិភ័យ​ ដើម្បី​ទទួល​បាន​នូវ​ប្រាក់​ចំណេញ​ខ្ពស់​។ វិនិយោគិន​ដែល​មិន​សូវ​ហ៊ាន​ប្រថុយ​នឹង​ហានិភ័យ​ខ្ពស់ អាច​វិនិយោគ​រយៈពេល​វែង​លើ​ភាគហ៊ុន​ដែល​មាន​ថ្លៃ​មិនសូវ​ឡើង​ចុះ​ខ្លាំង​តែ​ស្ថិត​ក្នុង​ផ្លូវ​កំណើន ហើយ​រង់ចាំ​ប្រមូល​ផល​ចំណេញ​ពី​ភាគ​លាភ​ប្រចាំ​ឆ្នាំ និង​ចំណេញ​មូលធន​រយៈពេល​​វែង។

ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​នៅ​ឡើយ តែ​វា​នឹង​ដើរ​តាម​គន្លង​អភិវឌ្ឍន៍​រីកចម្រើន​ដូច​បណ្តា​ទីផ្សារ​មូលបត្រ​ជឿនលឿន​ដទៃៗ​នៅលើ​សកលលោក ក្នុង​រយៈពេល​សមស្រប​ណាមួយ​។ ក្រុមហ៊ុន​កំពូលៗ​ជាច្រើន​នៅ​ជុំវិញ​ពិភព​លោក​សព្វ​ថ្ងៃ​នេះ នឹង​មិន​មាន​ថ្ងៃ​នេះ​ទេ​ បើ​មិនមាន​វត្តមាន​របស់​ផ្សារហ៊ុន​។ ឧទាហរណ៍ ក្រុមហ៊ុន Tesla ដែល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ជាង ៦៥០ ប៊ីលាន​ដុល្លារ ដែល​ជា​តម្លៃ​ធំ​ជាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីៗ​មួយ​ចំនួន​ដូចជា តូយ៉ូតា ​(Toyota), ប៊ីអឹមដាប៊លយូ​ (BMW) និង​នីសាន់​ (Nissan) រួមបញ្ចូល​គ្នា​ទៀត បាន​ឡើង​ផ្សារហ៊ុន​ក្នុង​ឆ្នាំ ២០១០ ដោយ​បាន​បោះ​ភាគហ៊ុន​លក់​ចំនួន ១៣,៣ លាន​ហ៊ុន ក្នុង​ថ្លៃ ១៧ ដុល្លារ​ក្នុង​ ១ ​ហ៊ុន។

សព្វថ្ងៃ​នេះ ភាគហ៊ុន​នេះ​មាន​តម្លៃ​ប្រហែល ៧៦០ ដុល្លារ​ ក្នុង​ ១ ​ហ៊ុន​។ នេះ​មាន​ន័យ​ថា វិនិយោគិន​ដែល​បាន​វិនិយោគ ១ ០០០ ដុល្លារ​ទៅ​លើ​ភាគហ៊ុន Tesla ក្នុង​ឆ្នាំ ២០១០ នឹង​មាន​ប្រាក់​ប្រហែល​ជា ៤៤ ០០០ ដុល្លារ​នៅ​ ១២ ​ឆ្នាំ​ក្រោយ ដោយ​ទទួល​បាន​កំណើន​ប្រមាណ ៤៤ ដង​។ ពិត​មែន​ថា ​ក្រុមហ៊ុន Tesla អាច​នៅ​តែ​ទទួល​បាន​ជោគជ័យ​នាពេល​បច្ចុប្បន្ន​ ទោះបី​មិន​បាន​ឡើង​ផ្សារ​ហ៊ុន​ក៏​ដោយ ក៏​ប៉ុន្តែ​ទំហំ​របស់​ក្រុមហ៊ុន​នេះ ​ពិត​ណាស់​នឹង​មិន​អាច​រីក​ធំ​ខ្លាំង​ដូច​សព្វថ្ងៃ​នេះ​ទេ។

ការ​វិនិយោគ​លើ​ភាគហ៊ុន​ក៏​ផ្តល់​ឱ្យ​វិនិយោគិន​នូវ​ភាព​ងាយ​ស្រួល​ជាច្រើន​​ទៀត​ផង​ដែរ ធៀប​នឹង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ដូចជា សន្ទនីយភាព​សាច់​ប្រាក់ ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្តើម​ថ្លៃ​ប្រតិបត្តិការ​ទាប ពិពិធកម្ម​ផលបត្រ និង​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​។ សន្ទនីយភាព​សាច់ប្រាក់ សំដៅ​លើ​ភាព​ងាយ​ស្រួល​សម្រាប់​វិនិយោគិន​ក្នុង​ការ​ទិញ​ ឬ​លក់​ភាគហ៊ុន​នៅ​ពេល​ណា​ក៏​បាន​តាម​តម្រូវការ​។ ផ្ទុយ​មក​វិញ ការ​ទិញ​លក់​អចលនទ្រព្យ​ត្រូវ​ចំណាយ​ពេល​យូរ​។ ជាង​នេះ​ទៅ​ទៀត ការ​វិនិយោគ​លើ​ភាគហ៊ុន​មិន​តម្រូវ​ដើមទុន​ច្រើន​នោះ​ទេ ព្រោះ​វិនិយោគិន​អាច​ចាប់​ផ្តើម​ជួញដូរ​ត្រឹម​តែ ១ ភាគហ៊ុន​ក៏​បាន​។ បច្ចុប្បន្ន​នេះ ថ្លៃ​ភាគហ៊ុន​មាន​ចាប់​ពី​ជាង ២ ០០០ រៀល ​ទៅ​ប្រមាណ ១៦ ០០០ រៀល​។

ក្រាហ្វទី១៖ និន្នាការថ្លៃភាគហ៊ុន PPSP ពីឆ្នាំ ២០២០ ដល់ពាក់កណ្តាលឆ្នាំ ២០២១។ ​

លើស​ពី​នេះ ថ្លៃ​ប្រតិបត្តិការ​សម្រាប់​ការ​ជួញ​ដូរ​ភាគហ៊ុន​នៅ​កម្ពុជា​នាពេល​នេះ​មាន​កម្រិត​ត្រឹម​ប្រមាណ ០,៥% តែ​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នេះ ការ​ជួញដូរ​ភាគហ៊ុន ផ្តល់​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​ការ​វិនិយោគ​របស់​អ្នក​។ វិនិយោគិន​អាច​បែងចែក​ទ្រព្យ​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេងៗ​គ្នា​ដូចជា វិស័យ​ផែ រោងចក្រ​កាត់ដេរ ធនាគារ ក៏​ដូចជា​អចលនទ្រព្យ​ផងដែរ​។ ជា​ចុង​ក្រោយ វិនិយោគិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​ពី​រាជរដ្ឋាភិបាល ដោយ​មាន​ទាំង​ការ​លើកលែង​ពន្ធ និង​កាត់បន្ថយ​អត្រា​ពន្ធ​។​

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ការ​វិនិយោគ​នានា​រមែង​មាន​ហានិភ័យ​។ ការ​វិនិយោគ​លើ​ភាគហ៊ុន​អាច​មាន​ការ​ប្រែប្រួល​ខ្លាំង​ជាង​អចលនទ្រព្យ​ផង​ដែរ​។ វិនិយោគិន​គប្បី​វិនិយោគ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​គួរ​ពិនិត្យ​តាមដាន​ថ្លៃ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​រៀងរាល់​សប្តាហ៍​។ ផ្ទុយ​មក​វិញ ភាគហ៊ុន​ខ្លះ​ក៏មាន​ស្ថិរភាព​ថ្លៃ​ហើយ​ទាមទារ​ពេល​រង់ចាំ​យូរ ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​។ ភាគហ៊ុន​ទាំង​នេះ​អាច​ឡើង​ថ្លៃ​សន្សឹមៗ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ហើយ​មាន​សកម្មភាព​ជួញដូរ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ ភាគហ៊ុន​បែបនេះ​ស័ក្តិសម​សម្រាប់​វិនិយោគិន​រយៈពេល​វែង ជាជាង​អ្នក​ដែល​ស្វែងរក​ការ​បង្វិល​សាច់ប្រាក់​ក្នុង​រយៈពេល​ខ្លី​។

ដោយសារ​កង្វះ​មូលដ្ឋាន​នៃ​ការ​វិភាគ ធ្វើ​ឱ្យ​វិនិយោគិន​ខ្លះ​ទិញ និង​លក់​តាម​អារម្មណ៍​។ វិនិយោគិន​អាច​ទោរទន់​ទៅ​តាម​ព័ត៌មាន ឬ​ពាក្យ​ចចាមអារ៉ាម និង​ពាក្យ​សម្ដី​របស់​អ្នកដទៃ​ ដែល​បណ្តាល​ឱ្យ​ពួក​គេ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​លក់​មួយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្តាយ​ក្រោយ​នាពេល​ក្រោយ​។ ដូច្នេះ វា​ជា​ការ​គួរ​បំផុត​ដែល​វិនិយោគិន​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ និង​វិភាគ​អំពី​ព័ត៌មាន​លម្អិត​នានា​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​ធ្វើ​ការ​វិនិយោគ​ណាមួយ​។ ទោះបី​ការ​វិនិយោគ​លើ​ភាគហ៊ុន​មាន​សន្ទនីយភាព​ជាង​អចលនទ្រព្យ ក៏​មិន​ប្រាកដថា ​មាន​លើ​គ្រប់​ភាគហ៊ុន​នោះ​ទេ​។ ភាគហ៊ុន​ដែល​មិន​សូវ​មាន​តម្រូវការ​ទីផ្សារ​អាច​​​ប្រឈម​នឹង​ការ​លក់​មិន​ចេញ​។ មធ្យោបាយ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​គឺ ការ​ធ្វើ​ពិពិធកម្ម​ផលបត្រ​របស់​អ្នក​។​

សរុប​មក អចលនទ្រព្យ និង​ភាគហ៊ុន​សុទ្ធតែ​ជា​ផលិតផល​វិនិយោគ​ដែល​អាច​ស្វែងរក​ប្រាក់​ចំណេញ​បាន​ខ្ពស់ និង​មាន​ហានិភ័យ​រៀងៗ​ខ្លួន មិនមាន​ផលិតផល​ណា​ដែល​ប្រាកដ​ថា​ នឹង​ផ្តល់​ការ​ចំណេញ​ខ្ពស់​ដាច់​ខាត និង​ជា​រៀងរហូត​ឡើយ ប៉ុន្តែ​អ្វី​ដែល​សាធារណជន​គួរ​ពិចារណា គឺ​ការ​ពិត​ដែល​ថា ការ​វិនិយោគ​លើ​ភាគហ៊ុន​ និង​ផលិតផល​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​នៅ​ក្នុង​ទីផ្សារ​មូលបត្រ អាច​ជា​ច្រកចូល​មួយ​ក្នុង​ការ​វិនិយោគ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​ផ្តើម និង​សម្រាប់​អ្នក​ដែល​​មាន​ប្រាក់​ចំណូល​ទាប៕

រៀបរៀង​ដោយ៖ ផ្សារ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ

អ៊ីមែល៖ market@csx.com.kh/ទូរស័ព្ទ៖ 023 95 88 88/ 023 95 88 85

សេចក្តី​ប្រកាស​៖ អត្ថបទ​នេះ​ត្រូវ​បាន​ចងក្រង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​ការអប់រំ​ប៉ុណ្ណោះ​ ដោយ​មិន​ផ្តល់​អនុសាសន៍​ណា​មួយ​ទាក់ទង​នឹង​ការវិនិយោគ​ទេ​។ ​ផ្សារ​មូលបត្រ​កម្ពុជា​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​បាត់បង់ ឬ​ខូចខាត​ណាមួយ​ ដែល​​​កើត​ឡើង​ពី​ការ​ប្រើប្រាស់​អត្ថបទ​នេះ​ឡើយ​។​