ភ្នំពេញៈ ការ​ទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​បាន​កើន​ឡើង ៣៤,៥ ​ភាគរយ​ ដែល​មាន​​ទឹក​ប្រាក់ ៤១៥,៥ ​ពាន់​ពាន់​លាន​រៀល នៅ​ក្នុង​ឆ្នាំ ២០២១ ខណៈ​ចំនួន​គណនី E-Wallet បាន​កើន​ឡើង​ដល់ ១៣,៦ លាន​​​គណនី ដែល​ស្មើនឹង​ជាង ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប បើ​ធៀប​នឹង​ឆ្នាំ​ ២០២១។ នេះ​បើ​តាម​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១។

របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១ បាន​បង្ហាញ​ថា ប្រព័ន្ធ​ទូទាត់ និង​ការ​ទូទាត់​របស់​​កម្ពុជា​មាន​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​នារយៈ​ពេល​​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អេឡិច​ត្រូនិក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូវីដ​​។ ចំណែក​ដ៏​ធំ​នៃ​យុវជន​ក្នុង​ចំនួន​ប្រជាជន​ទូរស័ព្ទ​ចល័ត​ខ្ពស់ និង​​ការ​ជ្រៀត​ចូល​អ៊ីនធឺណិត និង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​គាំទ្រ​បាន​លើក​ទឹក​ចិត្ត​ដល់​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដើម្បី​ណែនាំ​សេវា​កម្ម​ទូទាត់​ឌីជីថល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជាមួយ​នឹង​ភ្នាក់ងារ​ជាច្រើន​ទូទាំង​ប្រទេស ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ​ផង​ដែរ។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ថា ចំណុច​​គួរ​ឱ្យ​កត់​សម្គាល់​ចុង​ក្រោយ ដូច​ដែល​មាន​រៀបរាប់​​ក្នុង​ជំពូក​ថ្មី​ស្តីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​​ (របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១) គឺ​ប្រព័ន្ធ​ទូទាត់​ឌីជីថល​មាន​ការ​រីក​ចម្រើន​​ឆាប់​រហ័ស​ព្រម​ទាំង​បាន​ជួយ​សម្រួល​​ដល់​រំហូរ​ប្រតិបត្តិការ​ជួញដូរ​ទំនិញ និង​សេវាកម្ម ទោះបី​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​​​បណ្តាល​មក​ពី​​​ជំងឺ​កូវីដ​ ១៩ ក៏​ដោយ។

លោកស្រី​​បញ្ជាក់​ថា៖​ «ចំនួន​ទឹក​ប្រាក់​សរុប​នៃ​ការ​ទូទាត់​រាយ​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ប្រាក់​រៀល និង​ដុល្លារ​អាមេរិក​បាន​កើន​ ៣៤,៥ ​ភាគរយ ស្មើនឹង ៣,៨ ដង​នៃ​ផ.ស.ស. ខណៈ​​ចំនួន​គណនី​កាបូប​អេឡិច​ត្រូនិក (E-Wallet) បាន​កើន​​​ដល់ ១៣,៦ ​លាន​គណនី ដែល​ស្មើ​នឹង​ជាង ៨០ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប»។

អ្នក​នាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុងងី បាន​ឱ្យ​​ដឹង​ថា ការ​រីក​រាលដាល​​ជំងឺ​កូវីដ ១៩ ដែល​ឈាន​ដល់​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំ​នៅ​​ភ្នំពេញ និង​ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​ ២០២១ គឺ​ជា​ពេល​ដែល​​​បង្ខំ​ឱ្យ​មនុស្ស​ចំនួន​ធំ​​ងាក​មក​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល ហើយ​មាន​ភាព​ងាយ​ស្រួល និង​ចំណេញ​ពេល​វេលា។

លោក​បន្ថែម​ថា បើ​​​មើល​ទៅ​លើ​ប្រព័ន្ធ​បាគង ដែល​ជា app របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​​ភ្ជាប់​ជាមួយ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំៗ​​ ជាង​ ២០ គឺ​មាន​ភាព​​ល្អ​ប្រសើរ​។ នៅ​ពេល​ដែល​មាន​ការ​ផ្ទេរ​ប្រាក់​ ឬ​ទូទាត់​ប្រាក់​ឆ្លង​ពី​ធនាគារ​ ១ ​ទៅ​ធនាគារ​ ១​ ពី​គណនី​ ១ ​ទៅ​គណនី​ ១ ​គឺ​វា​ងាយស្រួល​​ជាង​មុន និង​មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​សេវា​អ្វី​ទាំង​អស់។

លោក​បាន​បញ្ជាក់​ថា៖​ «​ការ​រីក​ចម្រើន​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ Digital Payment ចំ​ពេល​​កាលៈទេសៈ​លំបាក និង​ទាមទារ​ឱ្យ​មាន​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក។ នេះ​ជា​លក្ខខណ្ឌ ដែល​ជំរុញ​ឱ្យ​ការ​ទូទាត់​តាម​អេឡិច​ត្រូនិក មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ទៅ​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ»។

បើ​យោង​តាម​របាយការណ៍ ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១ សម្រាប់​​ការ​ទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ក្នុង​ឆ្នាំ​ ២០២១ ក្នុង​នោះ​តម្លៃ​សរុប​នៃ​ការ​ទូទាត់​​តាម​ប្រព័ន្ធ​អនឡាញ ដោយប្រើ​​​គណនី E-Wallet បាន​កើន ១៧,៣ ​ភាគរយ ​គិត​ជា​​​ប្រាក់​ជិត ២០០ ​ពាន់​ពាន់​លាន​រៀល ដែល​មាន​ចំនួន​ប្រតិបត្តិការ​ ៣៤៣,៨ លាន​ដង​៕ LA