ភ្នំពេញ៖ គម្រោង​នាំចេញ​ត្រី​ប្រា​សាកល្បង​បរិមាណ២០តោន ទៅកាន់​ប្រទេស​ចិន​នៅ​ខែមិថុនា​នេះ អាច​នឹងត្រូវ​ពន្យា​រពេល​ដល់​ខែកក្កដា ខណៈដែល​រដ្ឋបាល​ជលផល និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា កំពុង​រង់ចាំ​ដំណឹង​ពី​ខាង​ក្រុមហ៊ុននាំចេញ ដែល​ជា​​ក្រុមហ៊ុន​តែមួយគត់ ដែល​ទទួលបាន​សិទ្ធិ​ក្នុង​ការនាំ​ត្រី​ប្រា​ទៅ​ចិន។

លោក ឈួន ចំណាន ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា កែច្នៃ នៃ​រដ្ឋបាល​ជលផល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២០ ខែមិថុនា នេះ​ថា ខាងក្រុមហ៊ុនកំពុងខ្វះខាតសំភារះមួយចំនួនដែលគាំទ្រលើការកែច្នៃ និងនាំចេញ ដូច្នេះការនាំចេញអាចនឹងពន្យាពេលដល់ចុង​ខែកក្កដា ឬដើមខែសីហា។

លោក​បាន​បន្ថែមថា ខាង​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម គ្រោង​នឹង​រៀបចំ​ពិធី​សម្ពោធ​ការនាំចេញ​សាកល្បង​នេះ ដោយមាន​ការឯកភាព​គ្នា​រួចរាល់​ហើយ នៅឡើយ​ចាំតែ​ការសម្រេច​ពី​ភាគី​រោងចក្រ​កែច្នៃ​ប៉ុណ្ណោះ ថា​នាំចេញ​បាន​ពេល​ពិតប្រាកដ។

លោក​បានបញ្ជាក់ថា៖ «ចំណុច​សំខាន់​ដែល​យើង​ចង់​បញ្ជាក់ គឺ​ការនាំចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេសចិន មិនមាន​ការផ្អាក​នោះទេ គ្រាន់តែ​អាច​ពន្យា​រពេល​បន្តិច អាច​ថា​ដោយសារតែ​ភាគី​ខាង​ក្រុមហ៊ុននាំចេញ​រៀបចំ​មិនទាន់បាន​រួចរាល់​ក៏​ថា​បាន។ដូចនេះ​យើង​នឹង​ព្យាយាម​ទាក់ទង​ទៅ​ក្រុមហ៊ុន​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ម្យ៉ាងវិញទៀត ភាគី​ចិន​គេ​ក៏​ត្រៀម​រួចរាល់​ក្នុង​ទទួលយក​ត្រី​ប្រា នៅពេល​យើង​នាំចេញ​ផងដែរ»។

បើតាម​លោក ចំណាន បច្ចុប្បន្ន​រដ្ឋបាល​ជល​ផល បាននិងកំពុង​ជួយ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែលមាន​ឈ្មោះថា គីម​ជូ អាហរ័ណ នី​ហ​រ័ណ​និង​ដឹកជញ្ជូន​អន្តរជាតិ ដែលមាន​បទពិសោធ​លើ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន ដើម្បីឱ្យ​ក្រុមហ៊ុន​នេះ​ទទួលបាន​សិទ្ធិ​ក្នុងការ​នាំចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន​ដែរ។

លោក​ថ្លែង​បញ្ជាក់ថា៖ «ក្រុមហ៊ុន​ក្នុងស្រុក​ភាគច្រើន​មិនសូវ​ចា​ប់អារម្មណ៍​ក្នុងការ​នាំចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន​នោះទេ​ ដោយសារតែ​បែបបទ​នីតិវិធី​រដ្ឋបាល​គយ​ចិន​មាន​លក្ខណៈ​តឹងរ៉ឹង​ណាស់។ ដូច្នេះ មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​គេ​ចាប់អារម្មណ៍​បែបនេះ ខាង​រដ្ឋបាល​ជលផល​យើង​នឹង​ប្រឹងប្រែង​ដល់​ក្រុមហ៊ុន​នេះ ធ្វើយ៉ាងណា​ឱ្យទទួល​បាន​សិទ្ធិ​ក្នុងការ​នាំចេញ​ត្រី​ប្រា​ទៅ​ចិន​នេះ។ មាន​ក្រុមហ៊ុននាំចេញ​កាន់តែច្រើន យើង​ក៏​អាច​នាំចេញ​ត្រី​ប្រា​យើង ក្នុង​បរិមាណ​ច្រើន​ដែរ»។

លោក អ៊ុំ ចាន់​ចំណាន ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​កសិដ្ឋា​ន​ចិញ្ចឹម​ត្រី​ប្រា យន់ សុវណ្ណារិទ្ធ ដែលមាន​ទីតាំងនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ជា​កសិដ្ឋាន​មួយ​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ចិញ្ចឹម​ផ្គត់ផ្គង់​នាំចេញ​ទៅ​ចិន​ដែរនោះ បាន​ប្រាប់ថា កសិដ្ឋាន​របស់លោក ក៏ដូចជា​កសិដ្ឋាន ២ ផ្សេងទៀត បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ និង​កំពុងតែ​ទន្ទឹង​រង់ចាំ​ដំណឹង​ពី​ខាង​ក្រុមហ៊ុននាំចេញ​ផងដែរ ព្រោះថា​ក្រោយពេល​ច​រចាតម្លៃ​រួច ខាង​ក្រុមហ៊ុន​នេះ មិនទាន់​ឆ្លើយតប ឬ​ស្រុះស្រួល​លើ​បញ្ហា​តម្លៃ​នៅឡើយ​ទេ។

លោក​បាន​បញ្ជាក់ថា៖ «យើង​មិនទាន់​ឃើញ​ខាង​ក្រុមហ៊ុន​ទាក់ទង​វិញ​ទេ ដោយ​កាលពី​ប្រជុំ​ច​រចា​តម្លៃ​គ្នា​នោះ យើង​ស្នើសុំ​តម្លៃ៥៥០០រៀល ក្នុង​មួយ​គីឡូក្រាម តែ​ក្រុមហ៊ុន​លើកឡើងថា​ថ្លៃ និង​សុំ​ពេល​ពិចារណា​សិន។ តាំងពី​ពេលនោះ​មក ខាង​ក្រុមហ៊ុន​មិនទាន់បាន​ទាក់ទង​មក​ទេ ប៉ុន្តែ​ខាង​កសិដ្ឋាន​ខ្ញុំ​ក៏​មិនមាន​ការ​ព្រួយបារម្ភ​ដែរ ដោយសារ​យើង​មាន​ទីផ្សារ​ក្នុងស្រុក​ស្រាប់​ហើយ គ្រាន់តែ​តម្លៃ​បាន​ទាប។ កសិដ្ឋាន​យើង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ពី ១០០០ ទៅ ២០០០ តោន​ក្នុង​មួយឆ្នាំ»។

លោក​បាន​បន្តថា សព្វថ្ងៃនេះ ទំនិញ​គ្រប់មុខ និង​ការដឹកជញ្ជូន​មានការ​ឡើងថ្លៃ​ខ្លាំងណាស់ ដូចនេះ​ខាង​កសិដ្ឋាន​ចង់បាន​តម្លៃ​មួយ​ដែល​សមស្រប អាច​ទូទាត់​ការចំណាយ​បាន និង​អាច​ចំណេញ​បាន​ខ្លះ​ដែរ៕

វីដេអូ៖