​ភ្នំពេញៈ កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​ជាង ៣ ​ពាន់​លាន​ដុល្លារ​អាមេរិក ​នៅក្នុង​ការ​ដោះស្រាយ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​ធ្វើយ៉ាងណា​រក្សាបាន​លំនឹង​សកម្ម​ភាព​សង្គម​​សេដ្ឋកិច្ច​ក្នុង​រយៈ​​ពេល​ជាង ​២ ​ឆ្នាំ​មកនេះ​។​

​បើ​យោងតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ស្តីអំពី​ក្របខ័ណ្ឌ​គោ​លន​យោ​​បាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោល​​នយោបាយ​ហិរញ្ញវត្ថុ​សា​ធា​រណៈ​សម្រាប់​ការរៀបចំ​សេចក្តី​​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ​២០២៣ ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ឧសភា ជ័យជម្នះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ​១៩ គឺជា​ផ្លែផ្កា​នៃ​ការដាក់ចេញ​នូវ​វិធាន​ការឆ្លើយតប​ភ្លាមៗ និង​បាន​ទាន់ពេលវេលា ដោយ​រាជ​រដ្ឋា​ភិ​បាល​រួមមាន វិធានការ​អន្តរាគមន៍​សង្គម​-សេដ្ឋកិច្ច ចំនួន​ ១០​ ជុំ សំដៅ​ដោះស្រាយ​បញ្ហា​ចំពោះ​​មុខ​, គាំទ្រ​សកម្មភាព​ធុរកិច្ច​ពាណិជ្ជកម្ម និង​ការ​គាំពារ​អាយុជីវិត និង​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ជំ​​រុញ​កំណើន និង​បង្កើន​ភាព​ធន់​សេដ្ឋកិច្ច​-​សង្គម​។

​របាយការណ៍​ដដែល​បានឱ្យដឹងថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ប្រមាណ ៨២៤​ លាន​ដុល្លារ ​ក្នុង​ឆ្នាំ ​២០២០ និង ១ ២៩១​ លាន​ដុល្លារ ក្នុង​ឆ្នាំ ​២០២១ ​សម្រាប់​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់ៗ​ក្នុងការ​ដោះស្រាយ​ផលប៉ះពាល់​ទាំង​ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ហើយ​បាន​វិភា​ជ​ថវិកា​ចំនួន ៩៨៩​ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​បន្ត​អនុវត្ត​វិធានការ​អន្តរាគមន៍​ក្នុង​ឆ្នាំ ​២០២២ នេះ​។

​ក្រសួង​សេដ្ឋកិច្ច​លើកឡើងថា​៖ «​ភាព​ជោគជ័យ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ា​ក់​​សាំង​កូ​វីដ ​១៩ និង​ការគ្រប់គ្រង​ស្ថាន​​ភាព​ជំងឺ​កូ​វីដ ​១៩ ​បានល្អ​ប្រសើរ ព្រម​ទាំង​និន្នាការ​ធូរស្រាល​នៃ​ជំងឺ​កូ​វីដ ​១៩ ជាស​កល បានអនុញ្ញាត​ឱ្យ​កម្ពុជា​អាច​បិទ​បញ្ចប់​នូវ «​ព្រឹត្តិការណ៍​សហគមន៍ ២០​ កុម្ភៈ​» ហើយ​បាន​បើក​ប្រទេស និង​ដំណើរការ​សកម្មភាព​ស​ង្គ​ម​-​សេដ្ឋកិច្ច​ក្នុងស្រុក​ពេញលេញ​ឡើងវិញ​ចាប់​តាំង​​ពី​ចុងឆ្នាំ​ ២០២១ មក​»​។

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​កិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី ​២០ ខែមិថុនា​ថា ក្នុង​រយៈពេល​ជាង ​២ ​ឆ្នាំ​នៃ​ការរីក​រាល​​ដាល​ជំងឺ​កូ​វីដ ​១៩ រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ទាក់ទង​នឹង​ការទិញ​វ៉ា​ក់​សាំង ការប្រើប្រាស់​ក្នុង​ការជួយ​ស្តារ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច តាមរយៈ​ការផ្ទេរ​សាច់ប្រាក់​ដោយផ្ទាល់​ដល់​ជន​​ងាយ​រងគ្រោះ និង​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​, និង​ការចាក់​ទុន​ទៅក្នុង​ធនាគារ SME និង​ធនាគារ​អភិវឌ្ឍន៍​​ជនបទ ដើម្បី​ជួយ​លើកស្ទួយ​សកម្មភាព​សេដ្ឋកិច្ច​។ ជាមួយគ្នានេះដែរ​ថវិកា​មួយចំនួន​ក៏បាន​ប្រើ​ទៅលើ​ការកសាង និង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ និង​សៀមរាប និង​តាម​តំបន់ឆ្នេរ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ទាក់ទង​នឹង​កញ្ចប់​ថវិកា​ដែល​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​ជាង​ ២​ ឆ្នាំ​មកនេះ តាម​ខ្ញុំ​តាមដាន​អង្កេត​មើលឃើញថា រដ្ឋា​ភិ​បាល​បាន​ប្រើប្រាស់​ចំ​តម្រូវការ និង​មាន​ទាំង​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល មានន័យថា ការចំណាយ​របស់​រដ្ឋា​ភិ​បាល​​កម្ពុជា គឺ​ទៅលើ​ការទិញ​វ៉ាក់សាំង​បាន​ទាន់ពេលវេលា​ ដើម្បី​ចាក់​ជូន​ប្រជា​ពល​​រដ្ឋ​ដោយ​ឥតគិតថ្លៃ ហេតុដូច្នេះ​ហើយ​បាន​យើង​ឆាប់​បើក​ប្រទេស​ពេញលេញ​បាន​លឿន​។ ក្រៅពីនោះ​គឺ​រដ្ឋាភិបាល​ក៏បាន​ប្រើប្រាស់​ទៅលើ​ជន​ងាយ​រងគ្រោះ និង​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​ជាដើម​។ ការប្រើប្រាស់​ថវិកា គឺ​ចំ​គោល​​ដៅ​តែម្តង ដែល​បញ្ជាក់​អំពី​ភាព​ជោគ​​ជ័យ​នៃ​ការគ្រប់គ្រង​កូ​វីដ ​១៩ នេះ ព្រម​​ទាំង​ធ្វើឱ្យ​កម្រិត​នៃ​ការរីក​រាលដាល ឬ​មរណភាព​មាន​កម្រិត​ទាប​។

​ក្រសួងសុខាភិបាល​បានប្រកាស​រក​មិនឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ​ថ្មី​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី ​២០ ខែមិថុនា មាន​រយៈពេល ៤៤ ថ្ងៃ​ហើយ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​។​

​តាម​សេចក្តីប្រកាស​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី ​២០ ​មិថុនា ឆ្នាំ ​២០២២ ចំនួន​អ្នក​ឆ្លង​កូ​វីដ ​១៩ សរុប​ទូទាំងប្រទេស​មាន​ចំនួន ១៣៦ ២៦២ ​នាក់ អ្នកជា​​សះស្បើយ ១៣៣ ២០៦ ​នាក់ និង​អ្នកស្លាប់ ៣ ០៥៦ ​នាក់​ដដែល​៕ LA

វីដេអូ៖