
សកម្មភាពក្រុមកម្មការិនី កំពុងដេរសម្លៀកបំពាក់ នៅក្នុងរោងចក្រមួយក្នុងខេត្តកណ្តាល។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង ៥ លានដុល្លារចុះ និងដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តនេះ កាលពីថ្ងៃទី ២០ ខែមិថុនា ដោយមាន ៨ ជំពូក និង ១៣ មាត្រា ដែលមានអក្សរកាត់ (អ.គ.វ.រ.ខ.) គឺជាសេនាធិការឱ្យរដ្ឋបាលរាជធានី-ខេត្ត ដែលមានសមាសភាពនៃអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ១ រូប ជាអនុប្រធាន និងប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនជាសមាជិក ខណៈសមាសភាពជាក់ស្តែងនឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី-ខេត្ត។
ក្នុងអនុក្រឹត្យនេះបញ្ជាក់ថា អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្តល់ការលើកទឹកចិត្ត ការធានាការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល ៥ លានដុល្លារចុះក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំការកែសម្រួលទំហំទឹកប្រាក់វិនិយោគដែលអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានសិទ្ធិក្នុងការអនុម័តនេះតាំងពីពេលមានការកែសម្រួលច្បាប់វិនិយោគថ្មីមកម្ល៉េះ ដោយពេលនោះខាងវិស័យឯកជនស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផ្តល់សិទ្ធិដល់ អ.គ.វ.រ.ខ. អាចអនុម័តលើគម្រោងវិនិយោគដែលមានទុនចាប់ពី ១០ លានដុល្លារចុះ។
លោកបន្ថែមថា ការអនុញ្ញាតឱ្យ អ.គ.វ.រ.ខ. អាចអនុម័តលើគម្រោងវិនិយោគដែលមានទុនពី ៥ លានដុល្លារ ចុះនេះក៏ល្អប្រសើរដែរ ខណៈពីមុនអ.គ.វ.រ.ខ.អាចអនុម័តបានត្រឹម ២ លានដុល្លារប៉ុណ្ណោះ។
លោកនិយាយថា៖ «ទំហំវិនិយោគពីក្រៅប្រទេសមកកាន់តែធំ ដូច្នេះទាមទារឱ្យមានការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យ អ.គ.វ.រ.ខ. កាន់តែធំ ដើម្បីឱ្យខេត្តទាក់ទាញវិនិយោគ ក៏ដូចជាងាយអនុម័តគម្រោងវិនិយោគនៅខេត្តនោះតែម្តង ដែលរោងចក្រសហគ្រាសទាំងអស់បង្ខិតកាន់តែជិតវត្ថុធាតុដើម និងអាចផ្តល់ការងារដល់ពលរដ្ឋនៅតាមបណ្តាខេត្ត ចៀសវាងការប្រមូលផ្តុំនៅទីក្រុង»។
លោកកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ CDC បានអនុម័តគម្រោងវិនិយោគមួយចំនួនដែលមិនមែនវិស័យកាត់ដេរ រួមមានវិស័យឧស្សាហកម្មធុនធ្ងន់ និងធុនមធ្យមជាបណ្តើរៗ ដូចជារោងចក្រផលិតសម្បកកង់យានយន្ត រោងចក្រដំឡើងរថយន្ត និងផ្នែកធនធានរ៉ែ ដែលនឹងក្លាយជាចន្ទល់សេដ្ឋកិច្ចមួយទៀតនាំឱ្យកម្ពុជាមិនពឹងផ្អែកលើវិស័យកាត់ដេរ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថា នេះជាយន្តការការងារមួយរបស់រដ្ឋាភិបាល ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ និងកាលានុវត្តភាពច្រើនសម្រាប់វិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការអនុញ្ញាតវិនិយោគនៅតាមបណ្តារាជធានី-ខេត្ត។
លោកបន្ថែមថា យន្តការនេះ គឺជាយន្តការមួយល្អសម្រាប់ឱ្យថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត បង្កើនកិច្ចសហប្រតិបត្តិការក្នុងការទាក់ទាញអ្នកវិនិយោគ ដើម្បីជំរុញការវិនិយោគនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «ការធ្វើប្រតិភូកម្មសិទ្ធិអំណាចដល់ថ្នាក់ក្រោមជាតិនេះ គឺជាការប្រកួតប្រជែងសមត្ថភាពមួយសម្រាប់ថ្នាក់ដឹកនាំនៅតាមរាជធានី-ខេត្ត ដោយខេត្តនីមួយៗនឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការរៀបចំផែនការមេឱ្យបានច្បាស់លាស់ជំរុញការអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន»៕ LA