
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទឹកដីខេត្តសៀមរាប។ រូបភាព Sakhon Veng
សៀមរាប៖ ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម បានចំណាយថិវកា ១៨ លានដុល្លារ បង្កើតសួនសត្វមួយ នៅខេត្តសៀមរាបដើម្បីអប់រំផ្សព្វផ្សាយពីការអភិរក្សសត្វ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ គ្រោងនឹងបើកដំណើរការនៅខែតុលាខាងមុខនេះ។
បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់វារីសត្វ និងថែរក្សាសត្វព្រៃលើផ្ទៃដីចំនួន ៦ ហិកតា ក្នុងចំណោមផ្ទៃដីសរុបទំហំ ២២ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ម៉េង ហៀង នាយកចាត់ការទូទៅនៃក្រុមហ៊ុនអង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដាក់តាំង និងថែរក្សាវារីសត្វ (ប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ និងពពួកអណ្តើកជាដើម) និងពពួកសត្វនៅលើ គោកសម្រេចបានប្រមាណ ៧០%។
លោកបានបន្តថា បច្ចុប្បន្ន ដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រភេទសត្វព្រៃធំៗដូចជា សត្វខ្លា ដំរី ខ្លាឃ្មុំតូច ត្រីទឹកសាប និងត្រីទឹកប្រៃ និងក៏មានត្រីនាំមកពីទន្លេអាម៉ាហ្សូនផងដែរ។ សួនសត្វក៏បានសាងសង់អគារបន្ទប់ពិសោធន៍ និងព្យាបាលសត្វព្រៃ។ គម្រោងបានចំណាយប្រមាណជា ១៨លានដុល្លារសម្រាប់ធ្វើការវិនិយោគ ហើយគ្រោងនឹងបើសម្ពោធឱ្យដំណើរការជាផ្លូវការនៅខែតុលាខាងមុខ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនមានបំណងស្នើសុំគោលការណ៍នាំចូលប្រភេទសត្វព្រៃចំនួន ០៨ ប្រភេទ ស្នើនឹង ៦១ ក្បាល ដែលមានដូចជា ដំរីអាស៊ី Asian elephant Elephas maximus ៨ ក្បាល,ខ្លាធំ Sumatran tiger Panthera tigris sumatrae ៨ ក្បាល,ខ្លាឃ្មុំតូច Sun bear Ursus malayanus ៥ ក្បាល,ភេតូច Oriental small-clawed otter Aonyx cinereus ១០ ក្បាល,ស្កាតូច Small asian mongoose Herpestes javanicus ១០ ក្បាល,កាំប្រម៉ា East asian porcupine Hystrix brachyura ១០ ក្បាល,ពស់ថ្លាន់ធំ Reticulated python Python reticulatus ៥ ក្បាល,ពស់ខ្សែគោក្រហមត្នោត Oriental whip snake Ahaetulla prasina ៥ ក្បាល»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គម្រោងសួនសត្វនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ចាត់ទុកជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាតិសម្រាប់វិស័យទេសចរណ៍។
លោកបានបន្ថែមថា សួនសត្វ មិនគ្រាន់តែជាចំណីចក្ខុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងថែរក្សា ការពារប្រភេទសត្វព្រៃ និងមច្ឆជាតិកម្ពុជាដែលជិតផុតពូជ និងខ្លះមានដោយកម្រ។ ម្យ៉ាងទៀត ជាកន្លែងផ្សព្វផ្សាយ អប់រំ និងយល់ដឹងបានស៊ីជម្រៅអំពីគ្រប់ប្រភេទសត្វដល់យុវជនកម្ពុជាជំនាន់ក្រោយ និងបម្រើវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លី។
លោកបានបញ្ជាក់ថា៖ «យើងបានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមការងារជំនាញដែលកំពុងបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសេសសល់ ឱ្យបានទាន់ពេល ដើម្បីឱ្យគម្រោងបើកសម្ពោធដំណើរការបានជោគជ័យ។ សួនសត្វ ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលដើម្បីពិនិត្យលើការងារអភិរក្សសត្វ ការថែរក្សា និងបង្កាត់ពូជផងដែរ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិស័យទេសចរណ៍កម្ពុជា គឺផ្តោតលើវប្បធម៌និងធម្មជាតិ ហើយការជ្រើសរើសយកខេត្តសៀមរាប ជាទីតាំងបង្កើតសួនសត្វ គឺជាជម្រើសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ និងជាការរួមចំណែកទាក់ទាញទេសចរទៅកាន់ខេត្តសៀមរាបផងដែរ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«គម្រោងសួនសត្វនេះ នឹងក្លាយជា ទីកន្លែងមួយដ៏ទាក់ទាញ និងស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទៅកាន់ខេត្តសៀមរាបបន្ថែមទៀត ជាពិសេសក្រោយកម្ពុជា និងប្រទេសជិតខាងបានបើកដំណើរការទេសចរណ៍ឡើងវិញ»៕