
បុគ្គលិកស្ថានីយប្រេងឥន្ធនៈ ១ កន្លែងនៅរាជធានីភ្នំពេញ ចាក់សាំងជូនអតិថិជននាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញ៖ ប្រេងសាំងធម្មតាមានតម្លៃ ៥ ៨០០ រៀល ក្នុង ១ លីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងដល់ ៦ ៣០០ រៀល ក្នុង ១ លីត្រ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២២ នេះ។
យោងតាមការជូនដំណឹងនេះ តម្លៃប្រេងសាំងធម្មតា គឺតម្លៃនៅថេរដដែល ដោយកាលពី ១០ ថ្ងៃមុន ប្រេងសាំងធម្មតា មានតម្លៃត្រឹម ៥ ៨០០ រៀល ខណៈដែលប្រេងម៉ាស៊ូតបន្តឡើងពី ៦ ១០០ ដល់ ៦ ៣០០ រៀល ក្នុង ១ លីត្រ។
ដើម្បីសម្រួលដល់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនប្រេងចែកចាយឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុង ១ លីត្រ។
យោងតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងអ្នកវិភាគសេដ្ឋកិច្ច នាពេលកន្លងទៅ តម្លៃប្រេងនេះនឹងមានទំនោរឡើងបន្តទៀត នៅក្នុងករណីដែលវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន នៅតែបន្តដោយបញ្ហានេះអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបាននិងកំពុងបន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក៕