The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ៊ីអន​ បន្ត​ជ្រើសរើស​ក្រុមហ៊ុន MICROMAX ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់​ផ្សារ​ទី៣​ របស់​ខ្លួន

អ៊ីអន​ បន្ត​ជ្រើសរើស​ក្រុមហ៊ុន MICROMAX ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់​ផ្សារ​ទី៣​ របស់​ខ្លួន

Content image - Phnom Penh Post
ការ​បង្ហាញ​កិច្ច​ព្រម​ព្រៀង​រវាង Aeon Mall​(Cambodia) និង​ MICROMAX។ សហ​ការី

អ៊ីអន​ បន្ត​ជ្រើសរើស​ក្រុមហ៊ុន MICROMAX ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់​ផ្សារ​ទី៣​ របស់​ខ្លួន

ភ្នំពេញៈ ក្រុមហ៊ុន Aeon Mall​ (Cambodia) Co., Ltd និង​ក្រុមហ៊ុន MICROMAX Co., Ltd បាន​ចុះ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់ អ៊ីអនម៉ល ៣ ដែល​ជា​គម្រោង​វិនិយោគ​មាន​ទឹក​ប្រាក់​ជាង ២០០ លាន​​ដុល្លារ ហើយ​​រំពឹង​ថា ​នឹង​បើក​ដំណើរការ​​ក្នុង​ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ​។

កិច្ច​ព្រមព្រៀង​នេះ​​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២០ ខែ​មិថុនា ដោយ​មាន​ការ​​ចុះ​ហត្ថលេខា​រវាង​លោក Tsuboya Masayuki នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Aeon Mall ​(Cambodia) Co., Ltd និង​លោកស្រី លឹម នាងនាថ អគ្គនាយិកា​ក្រុមហ៊ុន MICROMAX Co., Ltd។

លោក Tsuboya Masayuki បាន​ឱ្យ​ដឹង​ថា Aeon Mall ​(Cambodia) Co.,​Ltd និង​ក្រុមហ៊ុន​ MICROMAX​ មាន​ប្រវត្តិ​សហការ​​​រយៈពេល​យូរ​មក​ហើយ​លើ​សេវាកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែកាប​អុបទិក​។ លោក​​បន្ត​ថា កាល​ពី​ឆ្នាំ​ ២០១៧ ផ្សារ​ទំនើប Aeon Mall Sen Sok City បាន​ជ្រើស​រើសក្រុមហ៊ុន​ MICROMAX ជា​ដៃគូ​សេវាកម្ម​ខ្សែ​កាប​អុបទិក ដែល​តែង​តែ​ផ្តល់​លើស​ពី​សេវាកម្ម​ ពិសេស​​មាន​ការ​រៀបចំ​ក្រុម​ការងារ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន Aeon​។

លោក​​​ថ្លែង​ថា​៖​ «សម្ព័ន្ធ​ភាព​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ទំនុក​ចិត្ត និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​ពួក​គេ។ ដូច្នេះ​ហើយ កាល​ពី​ឆ្នាំ​ ២០២០ យើង​បាន​ជ្រើសរើស​សេវាកម្ម​ខ្សែ​កាប​អុបទិក​របស់​ MICROMAX សម្រាប់​ Aeon Mall Phnom Penh ដើម្បី​ធានា​បាន​នូវ​សេវា​​កម្ម​ដ៏​ល្អ​បំផុត​ដែល​​​បម្រើ​អតិថិ​ជន​របស់​យើង ដូច​ដែល​យើង​ជឿជាក់​​លើ​ផលិតផល និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ»។

លោកស្រី លឹម នាងនាថ អគ្គនាយិកា​ក្រុមហ៊ុន MICROMAX Co., Ltd បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បង្កើត​សមិទ្ធផល​​ជា​ច្រើន និង​បាន​បង្កើត​ភាព​ជា​ដៃគូ​ប្លែក​ពី​គេ​។ ចំណុច​សំខាន់​មួយ​ គឺ​ការ​រៀបចំ​បណ្តាញ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​សាខា​ទាំង ២ ​របស់ Aeon Mall ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជប៉ុន​។

លោកស្រី​បន្ថែម​ថា ទី​១ គឺ​អ៊ីអនម៉ល​ភ្នំពេញ​ទី២ អ៊ីអន​ម៉ល​ សែនសុខ​ ស៊ីធី និង​​ទី៣ អ៊ីអន​ម៉ល ​មាន​ជ័យ ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ ១៧ ​ហិកតា នៅ​តាម​បណ្ដោយ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន និង​គ្រោង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

លោកស្រី​ប្រាប់​​ថា៖​ «​ខ្ញុំ​មាន​សេចក្តី​​រីករាយ​ជា​ខ្លាំង ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​ និង​ជា​សាធារណៈ​នូវ​គម្រោង​ប្រកប​ដោយ​ជោគជ័យ ដែល​យើង​បាន​ជួយ​លើ​អ៊ីអន​ម៉ល​កម្ពុជា ដែល​បាន​បង្កើត​សាខា​ចំនួន ៣ នៅ​ក្នុង​ប្រទេស»។

គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ីអន​ ៣ បាន​ចាប់​ផ្តើម​​ដំណើរការ​ក្នុង​​​ខែ​តុលា ឆ្នាំ​ ២០២០។ ផ្សារ​ទំនើប​​​​​កម្ពស់ ៥ ​​ជាន់​នេះ ​នឹង​​​សាងសង់​​​ប្រើ​ពេល​ ២៧ ​ខែ។ ក្រុមហ៊ុន Hyundai Engineering បាន​​ឈ្នះ​ការ​ដេញ​ថ្លៃ​សាងសង់​អគារ​ដែល​មាន​តម្លៃ ២០០ ​ពាន់​លាន​វ៉ុន (១៦៤ លាន​ដុល្លារ) ​នេះ​៕ LA

អត្ថបទគួរចាប់អារម្មណ៍