
ហាងលក់សាច់បង្កក ១ កន្លែងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការរឹតត្បិតលើការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វទៅប្រទេសតួកគី ដែលក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី បានជូនដំណឹងនោះ នឹងផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះ ចំពោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសនេះ។
ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ២០ ខែមិថុនា បានចេញសេចក្តីជូនដំណឹងដល់ផលិតករ ឬអ្នកនាំចេញទាំងអស់នៅកម្ពុជាទាក់ទងនឹងការនាំចូលសត្វរស់ និងផលិតផលធ្វើពីសត្វនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី ដែលបានចេញនូវបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដោយអនុលោមតាមអនុសាសន៍របស់អង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាព ដើម្បីឱ្យអ្នកនាំចេញអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមលក្ខខណ្ឌដែលគេបានតម្រូវ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី គេមិនបានហាមឃាត់មិនឱ្យនាំចូលនោះទេ ប៉ុន្តែការនាំចូលត្រូវមានការរឹតត្បិត និងអនុវត្តលក្ខខណ្ឌដែលគេបានដាក់មក ដើម្បីចៀសវាងការឆ្លងជំងឺ Foot-and-mouth disease virus តាមផលិតផលទាំងអស់នេះ។
លោកបន្ថែមថា ទំនិញដែលសត្វរស់ និងផលិតផលធ្វើពីសត្វដែលតួកគី រឹតបន្តឹងរួមមាន គ្រីម ទឹកដោះគោ សាច់សត្វបង្កក ផលិតផលធ្វើពីស្បែកសត្វ គ្រឿងក្នុងសត្វ ឈាមសត្វ ក្រចកសត្វ សត្វព្រៃជាដើម ព្រោះទំនិញទាំងនេះមានទាក់ទងនឹងជំងឺ Foot-and-mouth disease។
លោកបញ្ជាក់ថា៖ «វិធានការដែលគេរឹតត្បិតនេះ គឺក្នុងគោលបំណងការពារមិនឱ្យជំងឺនេះឆ្លងទៅប្រទេសគេ តាមរយៈការនាំចេញចូលទំនិញទាំងនេះ។ នេះមិនមែនជាវិធានការថ្មីរបស់ប្រទេសតួកគីទេ ដែលវាគឺជាទំនាក់ទំនងមួយក្នុងទីផ្សារ នៅពេលមានបញ្ហាណាមួយកើតឡើង គេនឹងមានវិធានការ ដើម្បីការពារទីផ្សារផ្ទៃក្នុងរបស់គេ»។
លោកបានបន្តថា ការរឹតត្បិតរបស់ប្រទេសតួកគី គឺមានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះទំនិញកម្ពុជា។
លោកបន្ថែមថា៖ «យើងមានទំហំពាណិជ្ជកម្មធំនៅឡើយទេ ជាមួយតួកគី ហើយកម្ពុជាក៏មិនមាននាំចេញផលិតផលទាំងនេះច្រើនដែរ ដូច្នេះការនាំចេញរបស់យើងទៅតួកគី មានផលប៉ះពាល់តិចតួចប៉ុណ្ណោះ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមិនទាន់បាននាំចេញផលិតផលសាច់សត្វទៅក្រៅប្រទេសនោះទេ ដូច្នេះការរឹតត្បិតរបស់តួកគី លើផលិតផលពីសត្វ និងសត្វរស់ ក៏មិនមានផលប៉ះពាល់អ្វីដែរសម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅតួកគី។
លោកបញ្ជាក់ថា៖ «និយាយរួមគ្រប់ប្រទេសទាំងអស់កម្ពុជាមិនទាន់បាននាំចេញផលិតផលសាច់ណាមួយទៅនោះទេ ទោះបីជាកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនរួចហើយក៏ដោយ។ ការនាំចេញ គឺមានពាក់ព័ន្ធនឹងច្បាប់អន្តរជាតិស្តីពីការចរាចរសត្វ ដូចនេះត្រូវមានការបញ្ជាក់ឱ្យបានថា ប្រទេសដែលនាំចេញសត្វនោះត្រូវគ្រប់គ្រងហានិភ័យនៃមេរោគឆ្លងនានាឱ្យបានល្អ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា ការជូនដំណឹងស្តីពីវិធានការរឹតត្បិតបែបនេះ គឺល្អសម្រាប់អាជីវករ ឬអ្នកនាំចេញទាំងអស់ឱ្យមានការយល់ច្បាស់អំពីលក្ខខណ្ឌសំខាន់ៗមុននឹងអាចនាំចេញ។
លោកបញ្ជាក់ថា៖ «នៅពេលដែលអ្នកនាំចេញ មិនបានយកចិត្តទុកដាក់មើលវិធានការដែលគេបានកំណត់នោះទេ អាចធ្វើឱ្យមានការផលិតហើយ តែមិនអាចនាំចេញបាន ព្រោះថាការមិនអនុញ្ញាតឱ្យចូល គឺជារបាំងមិនមែនពន្ធគយ ដូច្នេះដើម្បីជួយសម្រួលដល់អ្នកផលិតការជូនដំណឹងត្រូវធ្វើឡើងជាប្រចាំ ដើម្បីឱ្យអ្នកផលិតបានដឹង និងការពារផលិតកម្មរបស់ខ្លួន»។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២២ នេះ ការនាំចេញពីកម្ពុជាទៅប្រទេសតួកគី មានចំនួនជាង ៤ លានដុល្លារ កើនជិត ៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ខណៈកម្ពុជានាំចូលពីតួកគីវិញ មានជាង ១ លានដុល្លារ ថយចុះជាង ១៤ ភាគរយ៕ LA