
ចរាចរណ៍ឆ្លងកាត់សំណង់ផ្ទះល្វែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហុង មិនា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាននិងកំពុងបន្តកិច្ចសហការជាមួយម្ចាស់បុរីនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងគោលបំណងជំរុញការដំណើរការសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទ នៅតាមបុរីទាំងនោះដំណើរការបានល្អ។
លោក លីវ សុផាណារិទ្ធ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២១ ខែមិថុនានេះថា ក្រសួងបានបែងចែកក្រុមការងារ ដើម្បីចុះទៅធ្វើការតាមបុរីនានា ដោយសព្វថ្ងៃនេះ ខាងបុរីទាំងអស់ក៏បានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រុមការងារដែរ ដើម្បីជំរុញឱ្យគុណភាពសេវានៅតាមបុរីមានភាពល្អប្រសើរឡើង។
លោកបានបន្ថែមថា នៅពេលដែលក្រុមការងារចុះដល់តាមបុរីមួយចំនួន សង្កេតឃើញថា នៅតាមផ្ទះមួយចំនួនក្នុងបុរីបានប្រើប្រាស់ឧបករណ៍បូសស្តឺ (Booster) ដែលគេប្រើសម្រាប់ចាប់សេវា ប៉ុន្តែនៅពេលពលរដ្ឋទិញចំឧបករណ៍ក្លែងក្លាយ ឬខុសស្តង់ដា នោះវាអាចនឹងធ្វើកុងប្រេកង់សេវាផ្សេងទៀតក្នុងបុរីនោះ ដែលអាចនឹងធ្វើឱ្យសេវាអ៊ីនធឺណិត ឬសេវាទូរស័ព្ទនោះកាន់តែធ្លាក់ចុះទៅវិញ។
លោកបានបន្ថែមថា មកទល់នឹងពេលនេះ ក្រសួងបានទទួលកិច្ចសហការយ៉ាងល្អពីម្ចាស់បុរីនានា ដើម្បីជំរុញការងារនេះឱ្យដំណើរការបានល្អ ខណៈដែលកន្លងទៅ មានសាធារណជនជាច្រើនបានរអ៊ូរទាំអំពីបញ្ហាសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទថា ដំណើរការរអាក់រអួល ហើយក្រសួងក៏មានគម្រោងក្នុងជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ប្រកបដោយភាពរលូន។
លោកបានបញ្ជាក់ថា៖ «ជាក់ស្តែងនៅពេលដែលយើងចុះដល់បុរីទាំងនោះ យើងសង្កេតឃើញថា មូលហេតុដែលប៉ះពាល់ និងរំខានដល់ដំណើរការសេវាអ៊ីនធឺណិត និងសេវាទូរស័ព្ទមានភាពខុសគ្នាទៅតាមភូមិសាស្ត្រ, ដង់ស៊ីតេប្រជាជនច្រើន និងមានមូលហេតុមួយចំនួនទៀត។ កន្លែងខ្លះដោយសារខ្វះបង្គោលអង់តែន កន្លែងខ្លះទៀតដោយសារបុរីខ្វះហេដ្ឋារចនាសម្ព័ន្ធជាដើម»។
លោកបានបន្តថា ក្រៅពីធ្វើជាមួយបុរីហើយ ក្រុមការងាររបស់ក្រសួងក៏បានសហការជាមួយប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទ ឬក្រុមហ៊ុនអ៊ីនធឺណិតដែរ ដើម្បីរួមគ្នាក្នុងការបង្កើតគុណភាពសេវាអ៊ីនធឺណិតជូនអ្នកប្រើប្រាស់។ ដោយសារតែការសាងសង់បុរីនានាបានកើនជាលំដាប់ ដូចនេះ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍រូបនេះអះអាងថា នឹងបន្តការងារជាប្រចាំ។
កញ្ញា ចេង នីតា ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកួរស្រូវបីបាននិយាយថា សេវាអ៊ីនធឺណិត និងទូរសព្ទនៅក្នុងបុរីដែលខ្លួនរស់នៅមិនសូវជាល្អប៉ុន្មានទេ ពិបាកទាក់ទងគ្នា ពេលត្រូវការទូរសព្ទទៅអ្នកណាម្នាក់ ហើយប្រព័ន្ធទូរសព្ទខ្លះ ពេលចូលដល់ក្នុងផ្ទះគឺដាច់សេវាទាក់ទងតែម្តង។
កញ្ញាបានលើកឡើងដូច្នេះថា៖ «ជាទូទៅ ពេលនៅផ្ទះខ្ញុំប្រើអ៊ីនធឺណិតពីសែលខាត វាអាចប្រើប្រាស់បានសម្រាប់ការលេងបណ្តាញសង្គម មើលវីដេអូតាមយូធូប ប៉ុន្តែមួយរយៈពេលនេះឃើញថា សេវាអ៊ីនធឺណិតមិនសូវល្អ រអាក់រអួល ជួនកាលដាច់ ជួនកាលមានតែខ្សោយពិបាកក្នុងការប្រើប្រាស់។ ពេលខ្លះយើងធ្វើការពីផ្ទះទៅ នៅពេលសេវារអាក់រអួល វាពិបាកក្នុងការធ្វើ ដោយសារយើងត្រូវស្រាវជ្រាវឯកសារផ្សេង និងទំនាក់ទំនងក្នុងការងារ»។
តាមរបាយការណ៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គិតត្រឹមខែមីនា ឆ្នាំ ២០២២ នេះ ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ១៧ ៦៩៧ ៦៥៧ subscribers, និងអ្នកប្រើប្រាស់ទូរសព្ទមានចំនួន ១៩ ៣៨០ ៦៧០ លេខ ៕