ភ្នំពេញៈ អ្នកជំនួញ និង​អ្នក​សេដ្ឋកិច្ច​បាន​លើកឡើង​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា ​(Cambodia Private Commercial Center) នៅ​ទីក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុន​ដែល​បើក​ដំណើរការ​កាលពី​សប្តាហ៍​មុន នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​បរទេស ពិសេស​ពី​ប្រទេស​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​ទីក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុន​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៨ ខែមិថុនា ឆ្នាំ​ ២០២២ ដោយមាន​ការចូលរួម​ពី​លោក ទុយ រី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន​ជាច្រើនរូប​។

លោកស្រី កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ​លីលី​ដែល​កំពុង​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Kameda Sei-ka Co., Ltd ​បាន​ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២១ ខែមិថុនា ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នឹង​ក្លាយជា​កន្លែង​ដាក់តាំង និង​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ទៅ​ប្រជាជន និង​វិនិយោគិន​ជប៉ុន ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោកស្រី​បន្តថា បើ​កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​ឱ្យមក​បញ្ជា​ទិញ​ទំនិញ ឬ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន គឺជា​រឿង​ល្អ​ណាស់ ព្រោះ​ប្រជាជន​ជប៉ុន​អាច​ចាត់ទុកថា អតិថិជន​មាន​ប្រាក់ចំណូល​ច្រើន មាន​ភាពស្មោះត្រង់ គោរព​ច្បាប់ និង​ស្តង់ដា​គុណភាព​ច្បាស់លាស់​។ បច្ចុប្បន្ន​ជប៉ុន​ក៏​ជាទី​ផ្សារ​ធំ និង​មាន​កំណើន​ជា​វិជ្ជមាន​សម្រាប់​ផលិតផល​កម្ពុជា​ផងដែរ​។

លោកស្រី​ប្រាប់ថា​៖ «​ជប៉ុន គឺជា​អតិថិជន និង​ជា​វិនិយោគិន​ដែលមាន​ភាពស្មោះត្រង់ និង​មាន​កម្រិត​ស្តង់ដា​ខ្ពស់ ដូច្នេះ​បើ​កម្ពុជា និង​ជប៉ុន​អាចមាន​ទំនាក់ទំនង​កាន់តែ​ល្អ វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការបើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​នៅ​ប្រទេស​ជប៉ុន គឺជា​យន្តការ ឬ​បែបបទ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ការផ្សព្វផ្សាយ និង​ពន្យល់​ឱ្យ​អ្នកវិនិយោគ​បរទេស​យល់ដឹង​ពី​សក្តានុពល និង​ភាពអំណោយផល​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​មជ្ឈមណ្ឌល​នេះ កម្ពុជា​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ជប៉ុន​ឱ្យ​ស្គាល់​ផលិតផល​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទាក់ទាញ​ទេសចរ​ជប៉ុន​ឱ្យ​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ទៀតផង​។

លោក​អះអាង​ថា​៖ «​បើ​ទោះបី​មជ្ឈមណ្ឌល​នេះ​ជា​របស់​ផ្នែក​ឯកជន ប៉ុន្តែ​ការបើក​មជ្ឈមណ្ឌល​នេះ គឺ​មាន​ន័យថា ផលិតផល​កម្ពុជា​ជាច្រើន​នឹងត្រូវ​ដាក់តាំង​បង្ហាញ​នៅ​ទីនោះ ដែល​សកម្មភាព​នេះ​នឹង​ជួយ​ឱ្យ​ផលិតផល​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​កាន់តែ​ច្រើន​នៅក្នុង​ប្រទេស​ជប៉ុន​»​។

ទោះយ៉ាងណា លោក វណ្ណៈ បញ្ជាក់​ថា ដោយសារ​ប្រទេស​ជប៉ុន​មាន​តម្រូវការ​គុណភាព​កម្រិត​ខ្ពស់ ដូច្នេះ​ ដើម្បី​ទទួលបាន​ចំណែក​ទីផ្សារ​នៅ​ទីនោះ គឺ​គ្រប់​ផលិតផល​ត្រូវតែ​ផលិត​ឱ្យមាន​គុណភាព​ខ្ពស់​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន លោក ទុយ រី បាន​និយាយ​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​សន្លាង​ដែល​បាន​ពី​ការរួម​សហការ​របស់​វិស័យ​ឯកជន​នៅ​ជប៉ុន និង​ស្ថាប័ន​ជំនាញ​នៅ​កម្ពុជា ដោយ​មាន​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ជា​ស្ពាន​សម្របសម្រួល​។

លោក​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ គឺជា​ស្ពាន និង​ជា​ទីកន្លែង​សម្រាប់​ពាណិជ្ជករ វិនិយោគិន-​ជប៉ុន និង​សាធារណជន​ទូ​ទៅមក​ទំនាក់ទំនង​ដោយផ្ទាល់​ពិនិត្យ​ផលិតផល​សក្តានុពល​កម្ពុជា ដែលមាន​តាំង​បង្ហាញ សាកសួរ​ព័ត៌មាន​ច្បាប់​បញ្ញត្តិ និង​ស្រាយ​ចម្ងល់​នានា ដើម្បី​មាន​មូលដ្ឋាន​សម្រេច​ធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​រវាង​កម្ពុជា​-​ជប៉ុន​»​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង ឆ្នាំ​ ២០២២​ មាន​ទឹកប្រាក់​សរុប ៧៧៨,៨៦ ​លាន​ដុល្លារ កើនឡើង ១២,៣ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១៕ LA