
ទិដ្ឋភាពនៃការមកដល់របស់ខ្សែរថភ្លើង នៅស្ថានីយភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមការងារសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) ធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីស្វែងយល់ពីសក្តានុពលលើការតភ្ជាប់ផ្លូវដែកពីទីក្រុងគុនមីង ប្រទេសចិន មកប្រទេសឡាវ ដោយរំពឹងថា កម្ពុជាអាចមានការតភ្ជាប់ផ្លូវដែកនេះដែរ ដើម្បីចំណេញពេលវេលាក្នុងការដឹកជញ្ជូន។
នៅក្នុងដំណើរទស្សនកិច្ចចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២១-២៣ ខែមិថុនានេះ ក្រៅពីសមាជិករបស់សមាគមភ័ស្តុភារកម្មកម្ពុជាក៏មានប្រតិភូនៃវិស័យឡូជីស្ទិករបស់ប្រទេសវៀតណាម និងឡាវ ចូលរួមក្នុងដំណើរទស្សនកិច្ចដែរ ដើម្បីប្រជុំពិភាក្សាពីគម្រោងការភ្ជាប់ផ្លូវដែកពីចិន មកកាន់បណ្តាប្រទេសជាប់តំបន់ទន្លេមេគង្គ។
មុននឹងចាកចេញទៅប្រទេសឡាវ កាលពីថ្ងៃទី ២១ ខែមិថុនា លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឱ្យដឹងថា ការធ្វើដំណើរទៅកាន់ប្រទេសឡាវនេះ គឺក្នុងបំណងដើម្បីស្វែងរកបទពិសោធថ្មី និងសិក្សាឱ្យកាន់តែលម្អិតថែមទៀតពីការតភ្ជាប់ឡូជីស្ទិកពីចិន ទៅកាន់ឡាវ ដែលជាការតភ្ជាប់ផ្នែកដឹកជញ្ជូនដ៏មានសក្តានុពលក្នុងពេលបច្ចុប្បន្ន។
លោកបន្តថា ក្រៅពីទៅទស្សនកិច្ចនៅស្ថានីយរថភ្លើងក្រុមប្រតិភូក៏នឹងទៅតំបន់ឡូជីស្ទិក (Logistic park) និងតំបន់ព្រំដែនដើម្បីសិក្សាលម្អិតពីប្រព័ន្ធនៃការតភ្ជាប់ឡូជីស្ទិកពីប្រទេសឡាវ ឆ្លងកាត់ថៃចូលមកកម្ពុជា។ ម្យ៉ាងទៀត ដោយសមាគមសិក្សាឃើញថា ការដឹកជញ្ជូនតាមរថភ្លើងពីចិនមកកម្ពុជាមានលក្ខណៈប្រសើរជាងតាមផ្លូវទឹកដោយចំណេញពេលពី ១០-១៥ ថ្ងៃ មកត្រឹមតែ ៤ ទៅ ៥ ថ្ងៃ សម្រាប់ការដឹកជញ្ជូនតាមផ្លូវដែក។
លោកបានបញ្ជាក់ថា៖ «ប្រតិភូទាំង ៣ ប្រទេសកម្ពុជា ឡាវ វៀតណាម ក៏នឹងពិភាក្សាគ្នាជុំវិញគម្រោងតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់អាស៊ាន ដែលគម្រោងនេះមានសារៈសំខាន់ណាស់ បើសិនជាការអនុវត្តប្រព្រឹត្តទៅដោយរលូន វានឹងសម្រួលដល់ការដឹកជញ្ជូនបានច្រើន។ កន្លងទៅក្រសួងសេដ្ឋកិច្ច និងសមាគមតែងតែពិភាក្សាគ្នា ដើម្បីរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន មានតម្លៃទាប និងចំណេញពេលវេលា ហើយអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងយើងបាន»។
ជុំវិញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនេះ លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្នក្រសួងកំពុងសហការជាមួយក្រុមហ៊ុនចិនមួយក្នុងការសិក្សាលើទីតាំងផ្លូវចាស់ដែលមានស្រាប់ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីភ្ជាប់បន្តទៅប្រទេសថៃ និងការសិក្សាតាមផ្លូវជុំវិញបឹងទន្លេសាបតាមការណែនាំរបស់ថ្នាក់ដឹកនាំដោយមកទល់នឹងពេលនេះក្រសួងមិនទាន់ទទួលបានរបាយការណ៍លម្អិតពីគម្រោងសិក្សានេះនៅឡើយទេ។ ចំណែកការតភ្ជាប់ទៅខាងប្រទេសឡាវ មានត្រឹមនៅក្នុងផែនការប៉ុណ្ណោះ មិនទាន់មានដំណើរការច្បាស់លាស់នៅឡើយទេ។
លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ថា គម្រោងតភ្ជាប់ផ្លូវដែកពីកម្ពុជាទៅប្រទេសឡាវ និងឆ្ពោះទៅប្រទេសចិននេះ គឺមាននៅក្នុងផែនការតែមិនទាន់ដឹងថា អាចអនុវត្តបានពេលណានោះទេ៕ LA