តម្លៃ​មាស​ត្រូវ​បាន​បន្ត​ជួញដូរ​ក្នុង​ចន្លោះ​តម្លៃ​តូច ខណៈ​ដែល​វា​កំពុង​ប្រតិកម្ម​ជាមួយ​កម្លាំង​ ២ នោះ​គឺ​ការ​កើន​ឡើង​អត្រា​ការប្រាក់ និង​អតិផរណា​។ តម្លៃ​មាស​បាន​និង​កំពុង​ប្រែប្រួល​នៅ​ចន្លោះ​តម្លៃ ១ ៨០០ ទៅ ១ ៩០០ ​ដុល្លារ​ ក្នុង​ ១ ​អោនស៍ ខណៈ​វិនិយោគិន​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​ភាព​ខ្លាំង​របស់​ប្រាក់​ដុល្លារ ដែល​ជា​លទ្ធផល​នៃ​ការ​កើន​ឡើង​អត្រា​ការប្រាក់។

លោក Thomas Barkin ប្រធាន​ធនាគារ​កណ្ដាល Richmond បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​ណែនាំ​របស់​ប្រធាន​ធនាគារ​កណ្តាល​អាមេរិក​លោក Jerome Powell ចំពោះ​រឿង​ដែល​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ទំនង​នឹង​ដំឡើង​អត្រា​ការប្រាក់ ០,៥% ឬ ០,៧៥% នៅ​ក្នុង​ខែ​កក្កដា គឺ «​សម​ហេតុផល​» បើ​ទោះបី​ជា​គាត់​បាន​ព្រមាន​ប្រឆាំង​នឹង​ធនាគារ​ដែល មាន​ចលនា​លឿន​ខ្លាំង ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ម្យ៉ាង​វិញ​ទៀត ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បាន​ត្រៀម​ខ្លួន​ដំឡើង​អត្រា​ការ​ប្រាក់​ធំ​ជាង​ធម្មតា​ម្តង​ទៀត​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​របស់ខ្លួន​ក្នុង​ខែ​កក្កដា ខណៈ​ដែល​ខ្លួន​កំពុង​ស្វែងរក​មធ្យោបាយ​ទប់ទល់​នឹង​អតិផរណា ដែល​កំពុង​ដំណើរការ​លើស​ពី​គោលដៅ ២% របស់​ខ្លួន ជាមួយ​នឹង​ការ​ភ័យខ្លាច​ដែល​កំពុង​កើន​ឡើង​ថា វា​នឹង​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច។

ដូច្នេះ ប្រសិនបើ​មាស​អាច​រក្សា​នូវ​កម្រិត​តម្លៃ​ទាប ១ ៨០០ ​ដុល្លារ វា​នឹង​រក​ឃើញ​កម្រិត​តម្លៃ​ខ្ពស់​តូច​មួយ​នៅ​កម្រិត​តម្លៃ​មធ្យម​នៃ​រយៈពេល​ ២០០ ​ថ្ងៃ​។ កម្រិត​តម្លៃ​ខ្ពស់​នៅ​កម្រិត​មធ្យម​នៃ​រយៈពេល ២០០ ​ថ្ងៃ​ បន្ទាប់​អាច​កើត​មាន ប្រសិន​បើ​វា​បន្ត​កើន​ឡើង​ពី​ចំណុច​តម្លៃ ១ ៨៦០ ​ដុល្លារ ដែល​ជា​​កម្រិត​ខ្ពស់​កាល​ពី​សប្តាហ៍​មុន​។ ជាមួយ​នឹង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ទីផ្សារ​បើក​ចំហ (FOMC) បន្ទាប់​នៅ​ចុង​ខែ​កក្កដា អ្នក​ចូលរួម​ទីផ្សារ​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ផ្តោត​អារម្មណ៍​របស់​ពួក​គេ​ទៅ​លើ​អតិផរណា ហើយ​ប្រសិន​បើ​អតិផរណា​នៅ​តែ​បន្ត​កើន​ឡើង យើង​អាច​រំពឹង​ថា​ នឹង​ឃើញ​មាស​កើន​ឡើង៕​