
ក្រុមហ៊ុនលក់រាយធំជាងគេរបស់អាមេរិក នឹងបង្កើនការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា។ រូបថត AFP
ភ្នំពេញៈ Walmart ដែលជាក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោកគ្រោងនឹងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ខណៈក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទាំង ១០ ដែលបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា។
ក្នុងជំនួបការងារតាមរយៈប្រព័ន្ធអនឡាញជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាកាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ តំណាងក្រុមហ៊ុន Walmart បានលើកឡើងថា ក្រុមហ៊ុនមានគម្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជាព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាថែមទៀត។
លោកស្រី អាន ប៊ីញ ផាន នាយិកាផ្នែកកិច្ចការរដ្ឋាភិបាលជាសកលក្រុមហ៊ុន Walmart បាននិយាយថា ដោយសារតែប្រទេសកម្ពុជាមានលក្ខខណ្ឌការងារល្អប្រសើរ ជាពិសេសការគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការឆ្លងរាលដាលជំងឺកូវីដ ១៩ ទើបអាចធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលទៅក្រៅប្រទេស។
លោកស្រីបន្តថា ក្រុមហ៊ុន Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីកម្ពុជានូវផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិក និងសង្ហារិម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដាអន្តរជាតិ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទាំងកម្មករនិយោជិតជនបរទេសនៅតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃទាំងដូសមូលដ្ឋាន និងដូសជំរុញ។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ ជុំរួចមកហើយ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក៏ដូចជាការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ»។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានឱ្យដឹងថា ខាងសមាគមមិនមានទិន្នន័យទំហំទឹកប្រាក់នៃការបញ្ជាទិញរបស់ក្រុមហ៊ុនទេ ព្រោះជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុននីមួយៗ។ លោកបានបញ្ជាក់ថា៖ «យើងគ្រាន់តែដឹងថា Walmart គឺជាអ្នកទិញដ៏សំខាន់របស់យើងដែលអាចនិយាយថា ជាអ្នកបញ្ជាទិញធំមួយក្នុងចំណោមក្រុមហ៊ុន ១០ ដែលបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ហើយទំនិញរបស់ពួកគេដែលបានដាក់លក់លើទីផ្សារ ហើយមានប្រភពចេញពីកម្ពុជាកំពុងមាននិន្នាការកើនឡើងនាពេលថ្មីៗនេះ»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានប្រាប់ថា ក្រុមហ៊ុន Walmart នេះជាអ្នកបញ្ជាទិញផលិតផលស្បែកជើងដ៏ធំ ១ នៅក្នុងចំណោមក្រុមហ៊ុនធំ ៥ ដែលបញ្ជាទិញផលិតផលស្បែកជើងពីកម្ពុជា។ លោកបន្ថែមថា កាលពីអំឡុងពេលដែលមានការរីករាលដាលជំងឺកូវីដ ១៩ ខ្លាំង ក្រុមហ៊ុននេះនៅតែបន្តបញ្ជាទិញផលិតផលស្បែកជើងពីកម្ពុជា ទោះបីជាការបញ្ជាទិញមានការថមថយក៏ដោយ។
លោកអះអាងថា៖ «Walmart ជាក្រុមហ៊ុនដ៏ធំមួយរបស់អាមេរិក និងមានទីផ្សារច្រើន ដូចនេះ វាគឺរឿងល្អបើក្រុមហ៊ុននេះមានបំណងពង្រីកការបញ្ជាទិញផលិតផលកាត់ដេរពីយើងបន្ថែមទៀត។ ការបញ្ជាទិញកាន់តែច្រើននឹងអាចជំរុញផលិតកម្មកាត់ដេររបស់យើងបន្ថែមទៀត»។
Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២ ដោយមានទីស្នាក់ការកណ្តាលនៅរដ្ឋ Arkansas សហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក ២,៣ លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ ប្រទេស។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២២ មានតម្លៃជាង ៣ ៧២៩ លានដុល្លារ កើនជាង ៥៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ផលិតផលដែលកម្ពុជានាំទៅទីផ្សារអាមេរិកភាគច្រើនជាផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរ៕ LA