
គម្រោងរ៉ែមាសរបស់ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) នៅតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រូបសហការី
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត ចំពោះវិស័យធនធានរ៉ែនេះ តាមរយៈការបង្កើតស្តង់ដានៃការអនុវត្តនិងអនុលោមភាពសម្រាប់គម្រោងវិនិយោគផ្សេងទៀតក្នុងវិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្តានុពល។
នៅក្នុងពេលចុះទៅទស្សនកិច្ចសិក្សាឈ្វេងយល់អំពីប្រតិបត្តិការរុករកជីរបស់ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED) ដែលមានទីតាំងការដ្ឋានរ៉ែមាស នៅតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន និង លើកទឹកចិត្តឱ្យក្រុមហ៊ុនជំរុញឱ្យបន្តអនុវត្តការអភិវឌ្ឍ ប្រកបដោយការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន ការយកចិត្តទុកដាក់អនុវត្តស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេស សហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង្ហាញអំពី អនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណប្រយោជន៍ នៃថវិកាជាតិទាំងទិដ្ឋភាពចំណូលសារពើពន្ធ ព្រមទាំង ចំណូលមិនមែនសារពើពន្ធ។
លោកបានលើកឡើងបន្តថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារជួបប្រទះនឹងឧបសគ្គ និងបញ្ហាប្រឈមយ៉ាងខ្លាំងចំពោះវិស័យធនធានរ៉ែ ដោយក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងវិស័យនេះ ពុំបាន ផ្តល់កិច្ចសហការពេញលេញ ក្នុងការបំពេញកាតព្វកិច្ច សារពើពន្ធ ដោយពុំបានផ្តល់បញ្ចិកាគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធហើយប្រកាស និង បង់ប្រាក់ពន្ធទាបដែលពុំបានឆ្លុះបញ្ចាំងអំពីវិស័យមួយ ដែលកំពុងមានសក្តានុពល ព្រមទាំងពុំបានសហការ ឱ្យ មន្ត្រីពន្ធដារចុះមកដោយផ្ទាល់ដូចក្រុមហ៊ុននេះឡើយ ។
លោកបានបញ្ជាក់ថា៖ «អគ្គនាយកដ្ឋានពន្ធដារចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេងៗក្នុងវិស័យធនធានរ៉ែនេះមានការអនុវត្ត ប្រកបដោយស្តង់ដានិងតម្លាភាព ប្រហាក់ប្រហែល ឬ ដូចទៅនឹងក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថាជាប្រតិបត្តិការការងារល្អប្រសើរ និងជាគំរូ (RoleModel) សម្រាប់ក្រុមហ៊ុននិងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះដែលតែងតែមានតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ»។
តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ លោកគង់ វិបុល នឹងរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត ចំពោះវិស័យធនធានរ៉ែនេះ។
ក្រុមហ៊ុន Emerald Resource NL មកពីប្រទេសអូស្ត្រាលី ដែលមានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន អូស្ត្រាលី (Australia Securities Exchange - ASX) បានដាក់ទុនវិនិយោគ និងចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ជា សហគ្រាសឈ្មោះក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេបូឌា) លីមីធីត (RENAISSANCE MINERAL CAMBODIA LIMITED)។ ក្រុមហ៊ុននេះបានចំណាយពេលសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេល ១៤ ឆ្នាំ ហើយកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាផ្លូវការ ដាក់ឱ្យដំណើរការនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់មាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕