ភ្នំពេញៈ ប្រទេស​កម្ពុជា ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ាក​សមូហភាព​អង្ករ​ក្រអូប SKO និង​អង្ករ​ដំណើប DSMK ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​នាំចេញ និង​ជំរុញ​កំណើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​។

ក្នុង​ពិធី​សម្ពោធ​ម៉ាក​សមូហភាព​អង្ករ​ក្រអូប SKO និង​អង្ករដំណើប DSMK លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា ការរៀបចំ​ឱ្យមាន​ការចុះបញ្ជី​ម៉ាក​សមូហភាព​លើ​អង្ករ​ទាំង​ ២ គឺ​បង្ហាញ​ពី​ការរីកចម្រើន​មួយផ្នែក​ទៀត​នៃ​ការអភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ចាប់តាំងពី​ការរៀបចំ​គ្រាប់​ពូជស្រូវ​រហូតដល់​ទីផ្សារ ខណៈ​ពូជស្រូវ​សែន​ក្រអូប​បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការនាំចេញ​។

ក្រសួង​ពាណិជ្ជកម្ម​មិន​ត្រឹមតែ​គិតគូរ​ទៅលើ​ការនាំចេញ​តែ​ ១​ ជ្រុង​ប៉ុណ្ណោះ​ទេ តែ​ក្រសួង​ក៏បាន​ខិតខំ​ជួយ​កសិករ​ខ្នាតតូច​ឱ្យ​រៀបចំខ្លួន​ឱ្យបាន​កាន់តែ​ប្រសើរឡើង ជាពិសេស​ការជួយ​ជំរុញ​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច រួមទាំង​កិច្ចសន្យា​កសិកម្ម​រវាង​កសិករ​ខ្នាតតូច​, រោង​ម៉ាស៊ីន​កិនស្រូវ តាមរយៈ​គម្រោង Aim និង IFAD​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ស្ថានភាព​ពិភពលោក​កំពុង​ប្រឈម​ដោយសារ​ជំងឺ​កូវីដ​ ១៩, សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​នាំឱ្យ​ជី ថ្នាំពុល​កសិកម្ម និង​ឥន្ធនៈ​កើនឡើង​ក៏​ពិតមែន តែ​ខ្ញុំ​ជឿថា ស្ថានភាព​ដ៏លំបាក​នេះ​នឹង​អាច​ដោះស្រាយ​បាន ហើយ​ការនាំចេញ​អង្ករ​យើង​នឹង​កើនឡើង​ថែមទៀត ស្រប​ជាមួយ​ការងារ​ដែល​កំពុង​ធ្វើ​នេះ​គឺ​ការកសាង​ទំនុកចិត្ត​ជូន​អ្នកប្រើប្រាស់​តាមរយៈ​ម៉ាក​សមូហភាព​អង្ករ SKO និង DSMK»​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយថា បច្ចុប្បន្ននេះ​ពូជស្រូវ​សែន​-​ក្រអូប​០១ បាននិងកំពុង​សាយភាយ​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ពូជស្រូវ​នេះ​ផ្តល់នូវ​ទិន្នផល​ខ្ពស់​មាន​ក្លិនក្រអូប គុណភាព​អង្ករ​ល្អ និង​បាយ​ទន់​ឆ្ងាញ់ ពិសេស​ជា​ពូជ​ដែលមាន​ប្រភេទ​អង្ករ​មាន​តម្លៃ​ល្អ និង​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​ម៉ាក​សមូហភាព​នេះ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​មួយកម្រិត​ទៀតថា វា​នឹង​ជួយ​ជំរុញ​ឱ្យមាន​ភាព​កាន់តែ​ច្បាស់លាស់​សម្រាប់​ទីផ្សារ​អង្ករ​នៅ​កម្ពុជា​។ ប្រភេទ​ពូជស្រូវ​សែន​ក្រអូប​ ០១ យើង​មាន​ម៉ាក SKO និង​អង្ករដំណើប​យើង​មាន​ម៉ាក DSMK​។ ម៉ាក​សមូហភាព​នេះ​នឹង​ជួយ​តម្រង់ទិស​ដល់​កសិករ​ក្នុង​ការដាំដុះ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​សម្រាប់​អ្នក​នាំចេញ ជាពិសេស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​យក​ទៅ​ផ្សព្វផ្សាយ ដើម្បី​ទាក់ទាញ​អ្នកទិញ​នៅលើ​ទីផ្សារ​អន្តរជាតិ​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ បានឱ្យ​ដឹងថា ម៉ាក​ទាំង​ ២ ​នេះ​គឺ​ត្រូវ​បានផ្តល់​អាទិភាព​ខ្ពស់ និង​ផ្តល់​ការអនុម័ត​ជា​ម៉ាក​សមូហភាព​លឿន​បំផុត មិន​ធ្លាប់មាន​ក្នុងការ​ចុះបញ្ជី​នៅ​កម្ពុជា​។

លោក​បន្ថែមថា ការរៀបចំ​ឱ្យ​មាន​ម៉ាក​សមូហភាព​នៅពេល​នេះ គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ការកសាង​ទំនុកចិត្ត​ដល់​អតិថិជន និង​ការកសាង​ភាពច្បាស់លាស់​មួយ​សម្រាប់​ប្រជាកសិករ​ផងដែរ ព្រោះ​បច្ចុប្បន្ន កសិករ​មួយចំនួន​ប្រឈម​នឹង​ការលំបាក​ក្នុង​ការលក់​ស្រូវ​របស់​ខ្លួន​ នៅពេល​ប្រមូលផល​ដោយសារ​ការដាំដុះ មិនមាន​ប្រភព​ព័ត៌មាន​នៃ​តម្រូវការ​ទីផ្សារ​ច្បាស់លាស់ ហើយ​អ្នក​នាំចេញ​ក៏​មិនមាន​ព័ត៌មាន​ឱ្យ​ជាក់លាក់​ពី​កសិករ​ដែរ​។

លោក​អះអាង​ថា​៖ «​ការរៀបចំ​ឱ្យមាន​ម៉ាក​អង្ករ​នេះ​ឡើង​នឹង​ផ្តល់​ផល​ឱ្យ​យើង​ក្នុង​រយៈពេល​មធ្យម និង​វែង ដែល​តម្រូវឱ្យ​យើង​ធ្វើការ​កាន់តែ​ច្រើនជាង​មុន និង​ជួយ​កាត់បន្ថយ​នូវ​គម្លាត​ព័ត៌មាន​នៃ​តម្រូវការ​ទីផ្សារ និង​ការផលិត​រវាង​អ្នក​នាំចេញ​រោង​ម៉ាស៊ីន និង​ប្រជាកសិករ​។ យើង​សង្ឃឹម និង​ជឿថា តាមរយៈ​ម៉ាក​សមូហភាព​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ការនាំចេញ​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​»​។

លោក សួន ឈឿន កសិករ​មកពី​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​ស្រុក​នៃ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងមក​សហគមន៍​របស់លោក​បាន​ដាំដុះ​ប្រភេទ​ពូជស្រូវ សែន​ក្រអូប​ ០១​ នេះដែរ ប៉ុន្តែ​ដោយ​មិនទាន់​បាន​ចុះបញ្ជី និង​មិន​មាន​ពូជស្រូវ​សុទ្ធ​ច្បាស់លាស់​។

លោក​បាន​និយាយ​ថា​៖ «​បន្ទាប់ពី​ពូជស្រូវ​ប្រភេទ​សែន​ក្រអូប​ ០១ ដែល​ផលិត​បាន​អង្ករ SKO បាន​ចុះបញ្ជី​ម៉ាក​សមូហភាព​រួចហើយ​នោះ ពេល​ត្រឡប់​ទៅវិញ ខ្ញុំ​នឹង​ជំរុញ​ក្រុម​កសិករ​ឱ្យ​ងាក​មក​ដាំ​ពូជ​នេះ​វិញ ដែលជា​ប្រភេទ​ពូជ​ល្អ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​»​។

របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ-​កម្ពុជា​បង្ហាញ​ថា ត្រឹម​សប្តាហ៍​ទី​ ៣ ខែ​មិថុនា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​ទៅ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ក្រុមហ៊ុន​ចំនួន​ ៥៣ ក្នុង​បរិមាណ ៣១ ​ម៉ឺន​តោន កើន ២១,៧៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុង​បរិមាណ​នាំចេញ​នេះ​គិត​ជា​ទឹកប្រាក់​ជាង ១៩១ ​លាន​ដុល្លារ​។

ក្នុងនោះ អង្ករ​ក្រអូប​ប្រណីត​ចំនួន ៤១,៦២ ​ភាគរយ អង្ករ​សែន​ក្រអូប ២២,៤២ ​ភាគរយ អង្ករស ៣៣,១២ ​ភាគរយ អង្ករ​ចំហុយ ១,៤២ ​ភាគរយ និង​អង្ករ​សរីរាង្គ ១,៤២​ ភាគរយ​។ ការ​ព្យាករ​របស់​សហព័ន្ធ ការនាំចេញ​អង្ករ​ឆ្នាំ​ ២០២២ អាច​នឹងមាន​ក្នុង​រង្វង់ ៧០ ​ទៅ​ ៧៥ ​ម៉ឺន​តោន ដែល​កើន​ជាង ១០ ​ម៉ឺន​តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១៕ LA