ភ្នំពេញៈ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក​បាន​ប្រកាស​ពី​ការ​សហការ​​ជាមួយ​ វ៉េសស្ទឺន យូញៀន (WU) ​ដែល​ជា​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​លំដាប់​ពិភព​​លោក ដើម្បី​ដាក់​ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​​តាមរយៈ​ អេស៊ីលីដា​ ម៉ូបាល ទៅ​កាន់​បណ្តាញ​ប្រតិបត្តិការ​ជាង​ ២០០ ​ប្រទេស​​លើ​ពិភព​លោក។

កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២២ ខែ​មិថុនា ដោយ​អតិថិជន​ដែល​ប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​ក្រៅ​ប្រទេស​បាន​គ្រប់​ពេល​វេលា។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​ បាន​ឱ្យ​ដឹង​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា និង​ក្រុមហ៊ុន WU ​ផ្តល់​នូវ​មធ្យោបាយ​យ៉ាង​ឆាប់​រហ័ស មាន​ភាព​ងាយ​ស្រួល ប្រកប​ដោយ​ទំនុក​ចិត្ត​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​តាមរយៈ​អេស៊ីលីដា​ម៉ូបាល។

លោក​បន្ថែម​ថា​៖ «​កិច្ច​សហប្រតិបត្តិការ​នេះ​ គឺ​មាន​សារៈសំខាន់​ ដោយ​ផ្សារ​ភា្ជប់​អតិថិជន​ទៅ​នឹង​ឱកាស ដើម្បី​ផ្តល់​​ដំណោះស្រាយ​ក្នុង​ការ​ចាត់ចែង​សាច់​ប្រាក់​របស់​ពួក​គាត់​តាម​មធ្យោបាយ​ដែល​អតិថិជន​មាន​តម្រូវការ​ប្រើប្រាស់»។

លោក ​Jeffrey Navarro ប្រធាន​ប្រចាំ​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូចិន របស់​ WU បាន​ឱ្យ​ដឹង​ថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ ក្រុមហ៊ុន ​WU នឹង​បន្ត​បង្កើន​សមត្ថភាព​ឌីជីថល​​ដើម្បី​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន និង​ធ្វើ​ឱ្យ​ពួក​គាត់​ភ្ជាប់​ទំនាក់ទំនង​ទៅ​​​សេដ្ឋកិច្ច​ឌីជីថល​៕ LA