ភ្នំពេញៈ គម្រោង​នាំចេញ​ត្រី​ទីឡាព្យ៉ា ពី​កម្ពុជា​ទៅ​​​ប្រទេស​ជប៉ុន នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ចុង​ខែ​កក្កដា ឆ្នាំ​ ២០២២ ដោយសារ​ភាគី​អ្នក​ទាំង​សង​ខាង​ត្រូវ​បញ្ចប់​នូវ​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ជា​មុន​សិន។ នេះ​បើ​​​តាម​អ្នក​គ្រប់គ្រង​កសិដ្ឋាន Cambodia Fresh Farm ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​។

នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន រ៉េនបូ អ៊ីនធើប្រាយ និង​ជា​អ្នក​គ្រប់គ្រង​កសិដ្ឋាន Cambodia Fresh Farm លោក ចាវ សួស្តី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ផែនការ​នាំ​ចេញ​ត្រី​ទីឡាព្យ៉ា​ទៅ​កាន់​ប្រទេស​ជប៉ុន ​នៅ​ដើម​ឆ្នាំ​ ២០២២ នឹង​ត្រូវ​ពន្យារ​ពេល​បន្ត​រហូត​ដល់​ចុង​ខែ​កក្កដា​វិញ ហើយ​​​ការ​នាំចេញ​នោះ​ទៀត​សោត​ គឺ​មិន​មែន​ជា​ត្រី​ស្រស់​ដែល​បង្កក​រួច​​ទេ គឺ​ក្រុមហ៊ុន​នឹង​នាំចេញ​ជា​ប្រភេទ​ត្រី​កែច្នៃ​រួច​ដូចជា ត្រីងៀត ត្រីឆ្អើរ អាម៉ុក ឬ​ធ្វើ​ជា​ត្រីខ​វិញ។

មូលហេតុ​ដែល​ក្រុមហ៊ុន​មិន​អាច​នាំចេញ​ជា​ប្រភេទ​សាច់ត្រី​ស្រស់​បាន​ត្រូវ​បាន​លោក សួស្តី បញ្ជាក់​ថា បច្ចុប្បន្ន​ការ​នាំចេញ​ប្រភេទ​ទំនិញ​បង្កក​ជួប​ការ​លំបាក​ ព្រោះ​កង្វះ​ទូ​ត្រជាក់​ដែល​នាំ​ឱ្យ​តម្លៃ​ការ​ដឹក​ជញ្ជូន​ខ្ពស់​។

លោក​បន្ត​​​ថា ការ​ដឹក​ជញ្ជូន​ដោយ​ប្រើប្រាស់​ទូ​ត្រជាក់​ត្រូវ​ការ​ចំណាយ​ច្រើន ដោយការ​ចំណាយ​នេះ​មិន​អាច​ទូទាត់​ប្រាក់​ចំណេញ​ដែល​ទទួល​បាន​នោះ​ទេ។ ដូច​នេះ​ក្នុង​ករណី​កែច្នៃ​ត្រី​ទាំង​នេះ​ទៅ​ជា​អាហារ​ដែល​មិន​​ត្រូវ​ការ​ទូ​បង្កក នឹង​កាត់​បន្ថយ​ការ​ចំណាយ​​​បាន​ច្រើន។

លោក​បាន​ប្រាប់​ថា៖ «​ការ​ច្នៃ​ត្រី​ទីឡាព្យ៉ា​ ទៅ​ជា​ត្រីងៀត ត្រីឆ្អើរ អាម៉ុក ជាដើម​នោះ គឺ​យើង​នឹង​ធ្វើ​ឡើង​តាម​របៀប​ជប៉ុន។ យើង​បាន​សាកល្បង​ច្នៃ​ធ្វើ​ជា​អាម៉ុក​រួច​ហើយ គឺ​អាច​ទទួល​យក​បាន​ចំពោះ​រសជាតិ និង​គុណភាព។ បច្ចុប្បន្ន​យើង​កំពុង​តែ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ​ជា​ត្រីខ​បែប​ជប៉ុន​ទៀត ដើម្បី​នាំចេញ។ បើ​យើង​ច្នៃ​របៀប​នេះ​បាន យើង​​មិន​ចាំ​បាច់​ចំណាយ​ថ្លៃ​ទូបង្កក​នោះ​ទេ គឺ​​យើង​អាច​ប្រើ​ទូ​កុងតឺន័រ​ធម្មតា​បាន»។

លោក​បន្ថែម​​​ថា នៅ​ខែ​កក្កដា អ្នក​បញ្ជា​ទិញ​នៅ​ជប៉ុន ដែល​រួម​មាន​សមាគម​ខ្មែរ​នៅ​ជប៉ុន រួម​ទាំង​ហាង និង​ផ្សារ​នានា​នៅ​ប្រទេស​ជប៉ុន នឹង​ផ្តល់​ព័ត៌មាន​លម្អិត​ពី​បរិមាណ​ដែល​ពួក​គេ​ត្រូវ​ការ។ សម្រាប់​គម្រោង​នាំចេញ​ត្រី​បង្កក អាច​នឹង​​ធ្វើ​ឡើង​នៅ​​ដំណាក់កាល​បន្ទាប់ ក្រោយ​​ពី​ការ​នាំចេញ​ត្រី​កែច្នៃ​ទទួល​បាន​ជោគជ័យ។

លោក ហាវ វិសិដ្ឋ អនុប្រធាន​​រដ្ឋបាល​ជលផល​បាន​ឱ្យ​ដឹង​ដែរ​​ថា រដ្ឋបាល​ជលផល​បាន​ជួយ​ជ្រោមជ្រែង​ច្រើន​ដល់​កសិដ្ឋាន Cambodia Fresh Farm ទាំង​បច្ចេកទេស និង​ការ​ប្រឹក្សា​យោបល់​ផ្នែក​ទីផ្សារ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កសិដ្ឋាន​នេះ អាច​នាំ​ចេញ​ត្រី​ទីឡាព្យ៉ា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន។

លោក​​បន្ត​ថា កសិដ្ឋាន​នេះ មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ហើយ ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បច្ចេក​ទេស ដោយ​កសិដ្ឋាន​​​បាន​ប្រើប្រាស់​ឧបករណ៍​កែច្នៃ​ទំនើប​នៅ​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន ដែល​អាច​ឱ្យ​អ្នក​បញ្ជា​ទិញ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បរិភោគ។

ទោះ​យ៉ាងណា​លោក​ប្រាប់​ថា ត្រីទីឡាព្យ៉ា ជា​ប្រភេទ​ត្រី​មាន​​សក្តានុពល​ខ្លាំង​នៅ​លើ​ពិភព​លោក​មិន​ត្រឹម​តែ​ទីផ្សារ​ជប៉ុន​នោះ​ទេ ដោយ​ត្រី​ប្រភេទ​នេះ​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា មាន់​ក្នុង​ទឹក ដោយសារ​តែ​ជា​ត្រី​ដែល​គេ​ចូលចិត្ត​បរិភោគ​ជា​ប្រចាំ​ ដូច​សាច់​មាន់​ដែរ។

លោក​ថ្លែង​​ថា៖ «​ទីឡាព្យ៉ា ជា​ត្រី​ដែល​មាន​ទីផ្សារ​ធំ​នៅ​លើ​ពិភព​លោក។ បើ​យើង​ក្រឡេក​​មើល​ប្រទេស​សមាជិក​អាស៊ាន​ដូចជា វៀតណាម ​ម៉ាឡេស៊ី​ និង​ថៃ​​ជាដើម បាន​នាំចេញ​ត្រី​ទីឡាព្យ៉ា​​ច្រើន​ដែរ​។ យើង​រំពឹង​ថា នៅ​ពេល​​​កសិដ្ឋាន Cambodia Fresh Farm នាំ​ចេញ​ត្រី​នេះ​ទៅ​ជប៉ុន​បាន​ជោគជ័យ​ហើយ យើង​នឹង​ជំរុញ​ឱ្យ​គាត់​ប្រមូល​ទិញ​ត្រី​ទីឡាព្យ៉ា​នេះ ពី​កសិករ​ផង​ដែរ ខណៈ​បច្ចុប្បន្ន​ការ​ចិញ្ចឹម​ត្រី​នេះ​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់»។

របាយការណ៍​ពី​ក្រសួង​កសិកម្ម​ បាន​បង្ហាញ​ថា ឆ្នាំ​ ២០២១ ផល​វារីវប្ប​កម្ម​សម្រេច​បាន​ប្រមាណ​ ៣៤៨ ​ពាន់​តោន ថយ​ចុះ​ ៥២ ​ពាន់​តោន​ បើ​ធៀប​​ទៅ​នឹង​ឆ្នាំ​ ២០២០៕ LA