ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ជួយ​ពន្លឿន​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​​​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ​ (CKFTA)​ ដែល​​​ប្រទេស​ទាំង ២ បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ កាល​ពី​ឆ្នាំ​ ២០២១ ​ចូល​ជា​ធរមាន ខណៈ​​ការ​ចូលជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​ទាំង ២​ ហក់​ឡើង​ ១ ​កម្រិត​ទៀត។ នេះ​បើ​យោង​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

CKFTA ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក YEO Han-Koo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ កាល​ពី​ថ្ងៃទី​ ២៦ តុលា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ។ ទោះ​យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ កិច្ច​ព្រមព្រៀង CKFTA មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ ដោយ​កម្ពុជា​នៅ​រង់ចាំ​ភាគី​កូរ៉េ បញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុង​ជា​មុន​សិន។

កិច្ច​ព្រមព្រៀង​នេះ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​ ជួប​នឹង​​​លោក MOON Jae-In ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​មីនា ឆ្នាំ ២០១៩។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃទី​ ២២ ខែ​មិថុនា​ថា ទោះបី​​រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ ជាមួយ​គ្នា​ហើយ​ក៏​ដោយ ក៏​កិច្ច​ព្រមព្រៀង​នេះ​មិន​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ ដោយ​ត្រូវ​រង់ចាំ​ឱ្យ​ភាគី​ទាំង​ ២​ បញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុង​ (មាន​ន័យ​ថា​ ទទួល​ការ​អនុម័ត​យល់ព្រម​​ពី​សភា​ជាតិ ព្រះករុណា​ឡាយ​ព្រះហស្ត​លេខា និង​ជូន​ដំណឹង​ទៅ​ភាគីម្ខាង​ទៀត) ​​តាម​ប្រទេស​នីមួយៗ​ជា​មុន​សិន។ លោក​បន្ថែម​ថា កម្ពុជា​​បាន​បញ្ចប់​នីតិវិធី​ផ្ទៃ​ក្នុង​នេះ​រួច​រាល់​ហើយ គឺ​នៅ​តែ​ខាង​ភាគី​កូរ៉េ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​​ថា មូលហេតុ​ដែល​មាន​ការ​យឺតយ៉ាវ​នៅ​ប្រទេស​កូរ៉េ គឺ​ដោយសារ​កាល​ពី​ដើម​ឆ្នាំ​ ២០២២ ប្រទេស​កូរ៉េ​ បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ដែល​គាត់​ទើប​ចូល​កាន់​តំណែង​នា​ពេល​ថ្មីៗ​នេះ ទើប​មាន​ការ​ពន្យារពេល​ក្នុង​ការ​បំពេញ​បែប​បទ​ខាង​ភាគី​កូរ៉េ។

លោក​ថ្លែង​ថា៖​ «​យើង​មិន​អាច​ប៉ាន់​ស្មាន​បាន​ទេ។ ប៉ុន្តែ​កម្ពុជា​បាន​ស្នើ​ឱ្យ​ភាគី​កូរ៉េ​ពន្លឿន​នីតិវិធី​ផ្ទៃ​ក្នុង​របស់​គាត់​»​។

លោក​បន្ត​​​ថា បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ CKFTA ចូល​ជា​ធរមាន​វា​នឹង​ផ្តល់​​ផលប្រយោជន៍​​ច្រើន​សម្រាប់​​ប្រទេស​ទាំង ២ ដែល​មាន​ដូច​ជា​ទីផ្សារ​ទំនិញ​ធំទូលាយ​ជាង​មុន, ចរាចរណ៍​ទំនិញ​ចេញ​ចូល​នឹង​​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក កិច្ច​សម្រួល​ពាណិជ្ជកម្ម​មាន​ភាព​ងាយ​ស្រួល​មាន​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ មាន​លទ្ធ​ភាព​បើក​ទីផ្សារ​សេវាកម្ម និង​​វិនិយោគ​ថ្មីៗ​ជា​ដើម។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ថា នៅ​ពេល CKFTA ចូល​ជា​ធរមាន​វា​នឹង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​កូរ៉េ​។ បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ខ្លះ​ៗ​ហើយ​ទៅ​ទីនោះ ប៉ុន្តែ​វា​នឹង​មាន​ចំនួន​កាន់​តែ​ច្រើន​នៅ​ពេល​ខាង​មុខ ព្រោះ​ការ​ចូលជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​នេះ​​នឹង​ធ្វើ​ឱ្យ​ការ​ចំណាយ​ទៅ​លើ​ពន្ធ​​ត្រូវ​កាត់​បន្ថយ​។ លោក​បន្ត​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ទទួល​យក​ភាព​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​នេះ គឺ​ការ​ផលិត​ទំនិញ​ឱ្យ​បាន​កាន់​តែ​ច្រើន និង​មាន​គុណភាព​ល្អ។

លោក​បញ្ជាក់​ថា៖​ «​កូរ៉េ ជា​ទីផ្សារ​មាន​សក្តានុពល​មួយ​របស់​កម្ពុជា ដូច្នេះ​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នា​ពេល​ខាង​មុខ គឺ​ប្រាកដ​ណាស់​ទំនិញ​នាំ​ចេញ​ចូល​រវាង​ប្រទេស​​ទាំង ២ នឹង​មាន​កំណើន​ខ្ពស់»។

លោក​បាន​​បន្ថែម​ថា ក្រៅ​ពី​ CKFTA ប្រទេស​ទាំង ២ ​​ក៏​ជា​សមាជិក​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ដែល​បាន​ចូល​ជា​ធរមាន​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ ២០២២។

ទិន្នន័យ​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យ​ដឹង​ថា រយៈពេល ៥ ​ខែ​ដំបូង​ ឆ្នាំ​ ២០២២ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ២ មាន​ ៣៦១,៨៣ ​លាន​ដុល្លារ កើន ១៨,៩ ​ភាគរយ ​​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​​ក្នុង​ទឹក​ប្រាក់ ៩២,៧២ ​លាន​ដុល្លារ កើន ២៣ ​ភាគរយ និង​​កូរ៉េ នាំ​ទំនិញ​ចូល​មាន ២៦៩,១១ ​លាន​ដុល្លារ កើន​ ១៧,៦ ភាគរយ៕ LA