
ពោធិ៍សាត់៖ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) គិតរហូតមកទល់ពេលនេះសម្រេចបាន ៨០% ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។
កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន ៤៨ ខែ និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global គិតរហូតមកទល់ពេលនេះសម្រេចបាន ៨០% ហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។
គម្រោងនេះ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជា ៣ ផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លង ទៅ ៤ គន្លង ទទឹង ២៣ ម៉ែត្រ មានប្រវែងសរុប ៣០៤ គីឡូម៉ែត្រ ក្រាលជំនួសដោយបេតុងកៅស៊ូ (AC) និងមានសួរច្បារកណ្តាល។
គម្រោងនេះ មានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន ៥ ខ្សែ មានប្រវែងសរុប ៦២ គីឡូម៉ែត្រ មាន ៤ គន្លង ទទឹង ២៣ ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុងកំណាត់ផ្លូវជាតិលេខ ៥ មានចំនួនសរុប ៨០ កន្លែង។ ដោយឡែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងត្បូងនេះ មានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានបែងចែកជា ៣ កញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) គ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវសូមសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឱ្យទឹកហូរលើផ្លូវ នាំឱ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរ បង្កឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ជាដើម៕