ភ្នំពេញ៖ កម្ពុជា​បាន​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​" សំដៅ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការត្រៀមខ្លួន​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​ការប្រកួត​កីឡា​អន្តរជាតិ​ស៊ីហ្គេម​ (Sea Game) ឆ្នាំ​ ២០២៣ ខាងមុខ​។

កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា ឆ្នាំ ​២០២២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្រសួង​ទេសចរណ៍​សហការណ៍​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ បានរៀបចំ​" ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​" សំដៅ​ចូលរួម​ផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ដោយ​អនុឡោម​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​មាន​ប្រសាសន៍​ថា “​ទេសចរណ៍ ផ្សារភ្ជាប់​ទឹកដី​"​។

ការរៀបចំ "​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​" ត្រូវបាន​គេ​រំពឹង​ថា​នឹងចូលរួម​ជំរុញ និង​សម្រួល​ដល់​ការសិក្សា​ស្វែងយល់​របស់​សិស្ស និស្សិត សាស្ត្រាចារ្យ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អំពី​ផលិតផល​ទេសចរណ៍ ក៏ដូចជា​សមិទ្ធផល​ជាតិ​ថ្មីៗ និង​សំខាន់ៗ​ដែល​មាន​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ផ្សារភ្ជាប់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ជាមួយ​នឹង​គោលដៅ​ដែល​មាន​សក្តានុពល​ដទៃ​ទៀត​នៅ​ជុំវិញ មាន​ជាអាទិ៍ វិមាន​ឈ្នះ ឈ្នះ សួនសត្វ​ភ្នំពេញ​សាហ្វារី សួនទឹក​ហ្គាឌិនស៊ីធី ទីលាន​វាយ​កូនហ្គោល​ហ្គាឌិនស៊ីធី-​ល​-​។

កញ្ចប់​ទស្សនកិច្ច​នេះ​ក៏មាន​ការកំណត់​ប្រភេទ និង​ការបង្កើត​ជម្រើស​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ផងដែរ ដែល​រួមបញ្ចូល​ដំណើរ​កម្សាន្ត​បែប​គ្រួសារ (Family Entertainment), ដំណើរ​កម្សាន្ត​បែប​ទស្សនកិច្ច​សិក្សា​ស្វែងយល់ (Educational Tour) និង​ដំណើរ​កម្សាន្ត​បែប​ទស្សនកិច្ច​ផ្សារភ្ជាប់​នឹង​ព្រឹត្តិការណ៍​កីឡា (Sport Event)​។

ដើម្បី​សម្រួល និង​លើកកម្ពស់​គុណភាព​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ក្រសួង​ទេសចរណ៍​ក៏បាន​រៀបចំ​នូវ “​សៀវភៅ​មគ្គុទ្ទេសក៍ សម្រាប់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​” សម្រាប់​អ្នក​ឧទ្ទេសនាម ក៏ដូចជា​គ្រប់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​។

សៀវភៅ​មគ្គុទ្ទេសក៍​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ប្រើបាស់​តាមរយៈ​ការដើរ​តួនាទី​ជា​អ្នក​ណែនាំ និង​បកស្រាយ​បន្ថែម​អំពី​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ពហុ​កីឡដ្ឋាន​មាន​ជាអាទិ៍ ប្រវត្តិ​នៃ​ការសាងសង់ សក្តានុពល​ទាក់ទាញ​ទាំង​១៨ នៃ​ពហុកីឡដ្ឋាន ក្រម​ប្រតិបត្តិ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ពហុកីឡដ្ឋាន គោលការណ៍​ណែនាំ​ផ្សេងៗ ក៏ដូចជា​តំបន់​ទាក់ទាញ​ដទៃទៀត​ដែល​ស្ថិតនៅ​ជុំវិញ​ពហុកីឡដ្ឋាន​។

ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ត្រូវ​បាន​កសាងឡើង​ក្រោម​ចំណង​មិត្តភាព កម្ពុជា​-​ចិន ដែល​ជា​ជំនួយ​ឥតសំណង​មិត្ត​ចិន​ស្ថិត​ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​ត្រូវបាន​សម្ភោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ខែសីហា ឆ្នាំ ​២០២១​។ វិមាន​កីឡដ្ឋាន​បាន​សាងសង់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ ១៦,២២ ​ហិកតា ទំហំ​សំណង់​ប្រហែល ៨,២៤ ​ម៉ឺន​ម៉ែត្រការ៉េ​។ វា គឺជា​កីឡដ្ឋាន​ខ្នាត​ធំ ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​រហូតដល់ ៦ ​ម៉ឺន​នាក់ ដោយ​បរិវេណ​ខាងក្រៅ​អាច​មាន​លទ្ធភាព​ផ្ទុក​អ្នកទស្សនា​បន្ថែម​ប្រមាណ ​២​ ម៉ឺន​នាក់ បន្ថែម និង​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់ជាតិ និង​អន្តរជាតិ​ធំៗ​កម្រិត​ពិភពលោក​៕