
ឥណ្ឌូនេស៊ី៖ ឥណ្ឌូនេស៊ី និងកម្ពុជា នឹងជំរុញការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow”។
កាលពីរសៀលថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ លោក កាទើ មហាំម៉ាត់ណោស្រ៊ី អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូចំនួន ៤ រូប រៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodian Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅទីក្រុងមេដាន ប្រទេសឥណ្ឌូនេស៊ី ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញរបស់វាគ្មិនសំខាន់ៗដោយផ្ទាល់ (physical) និងតាមប្រព័ន្ធវីដេអូ (ZOOM) រួមមាន លោក SATVINDER SINGH អគ្គលេខាធិការរងនៃលេខាធិការដ្ឋានអាស៊ាន, លោកស្រី Laila Lubis តំណាងមកពីការិយាល័យផ្សព្វផ្សាយទេសចរណ៍នៃខេត្តស៊ូម៉ាត្រាភាគខាងជើង, ព្រមទាំងតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងពាណិជ្ជកម្ម សមាគមន៍ទេសចរណ៍ CATA, PATA Cambodia, CTF, និង CHA។
ក្រៅពីនេះ ក៏មានផ្នែកឯកជននៅកម្ពុជាដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន តំណាងក្រុមហ៊ុន Mean Tour (Cambodia) Trading & Tour Co., Ltd. និងតំណាងក្រុមហ៊ុន Satguru Travel and Tour Co., Ltd. ដោយមានអ្នកចូលរួមមកពីសមាគមន៍ទេសចរណ៍ឥណ្ឌូនេស៊ីចំនួន ១២០ នាក់ និងសារព័ត៌មានល្បីៗចំនួន ៦ ស្ថាប័ន។
លោក កាទើ មហាំម៉ាត់ ណោសស្រ៊ី បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅផ្សព្វផ្សាយអំពីសក្តានុពល វិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាង ផ្នែកឯកជន កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី។
លោកបានបញ្ជាក់ថា៖ «ការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារឥណ្ឌូនេស៊ី ត្រូវមានការផ្សព្វផ្សាយអំពីការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។
បើតាមក្រសួងទេសចរណ៍ កម្មវិធីផ្សព្វផ្សាយនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង (North Sumatera) និងបណ្តាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នៃប្រទេសឥណ្ឌូនេស៊ី ហើយភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី និងកិច្ចសហការពីក្រុមហ៊ុន Singapore Airlines ក្នុងការជំរុញការហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ឥណ្ឌូនេស៊ី នាពេលដ៏ខ្លីខាងមុខនេះ។ តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌូនេស៊ីឱ្យមកទស្សនា “កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ” កាន់តែច្រើនឡើងនៅឆ្នាំ ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍៕