
កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុងនឹងរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និង ទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
រហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ ១០ ដែលមានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រសម្រេចបាន ៦៤,៣៣% ហើយ ដោយនៅក្នុងដំណើរចុះពិនិត្យនេះ លោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរចុះពិនិត្យទីតាំងស្ពានមួយកន្លែងមានកម្ពស់រហូតដល់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ជាស្ពានខ្ពស់ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១៨៨,៣៨ លានដុល្លារអាមេរិកជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន ៤៨ ខែ ចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ដល់ខែធ្នូ ឆ្នាំ ២០២៣។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជាអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។
ផ្លូវនេះលាតសន្ធឹងកាត់ខេត្តកោះកុង ពោធិ៍សាត់ រហូតដល់ខេត្តបាត់ដំបង ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។
គម្រោងសាងសង់ផ្លូវជាតិលេខ ១០ មានប្រវែងសរុបចំនួន ១៩៧,៣៣ គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត ៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន ៩ ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ ២ ស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៣ កន្លែង ប្រវែង ១៧២១,៤៦ ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ ៧៥ ម៉ែត្រ បណ្តោយ ៥៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ៕