រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ - មិត្តហ្វូន (Metfone) ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេក​វិទ្យា​ឌីជីថល​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​បន្ត​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ខ្លួន​សម្រាប់​លីក​កំពូល​កម្ពុជា (CPL) រយៈពេល ៣​ឆ្នាំ​ទៀត​ចាប់​ពី​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៤ ដែល​ក្នុង​នោះ មិត្តហ្វូន​នឹង​ត្រូវ​ឧបត្ថម្ភ​ប្រាក់​ចំនួន ៥០ ម៉ឺន​ដុល្លារ​ក្នុង ១ឆ្នាំ។

ពិធី​ចុះ​ហត្ថលេខា​ស្ដីពី​ការ​ឧបត្ថម្ភ​កម្មវិធី​នេះ មាន​ការ​ចូលរួម​ជា​អធិបតី ពី​សំណាក់​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លោក Satoshi Saito អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌាន​ព្រីមៀរលីគ (CPL) និង​លោក Phung Van Cuong អគ្គនាយក​ក្រុមហ៊ុន មិត្តហ្វូន។

ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ លោក Phung Van Cuong បាន​មាន​ប្រសាសន៍​ថា ការ​ឧបត្ថម្ភ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ មិត្តហ្វូន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ កម្ពុជា ជាពិសេស កីឡា​បាល់ទាត់។ លោក​បាន​បន្ថែម​ទៀត​ថា ការ​វិនិយោគ​លើ​វិស័យ​កីឡា គឺជា​ការ​វិនិយោគ​សម្រាប់​អនាគត។

លោក Phung Van Cuong មាន​ប្រសាសន៍​ថា៖ “ការ​ឧបត្ថម្ភ ដល់​វិស័យ​បាល់ទាត់​កម្ពុជា គឺជា​ទំនួល​ខុស​ត្រូវ​មួយ​របស់​ក្រុមហ៊ុន​មិត្តហ្វូន ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការ​លើក​កម្ពស់​គុណភាព​កីឡា​បាល់ទាត់ ក៏​ដូចជា​កីឡា​ទូទៅ នៅ​កម្ពុជា​ផងដែរ”។

លោក​បាន​បន្ថែម​ទៀត​ថា៖ “តាម​រយៈការ​ឧបត្ថម្ភ​នេះ គឺជា​ការ​បង្កើត​លក្ខខណ្ឌ​សម្រាប់​ឱ្យ​កីឡាករ​បាន​អនុវត្ត និង​ប្រកួត​គ្នា​កាន់តែ​មាន​វិជ្ជាជីវៈ​ប្រសើរ​ជាង​មុន ដែល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​សមត្ថភាព​របស់​ក្រុម​កីឡា​បាល់ទាត់ ក៏​ដូចជា​ជួយ​លើក​កម្ពស់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​លីក​កម្ពុជា​នៅ​ក្នុង​តំបន់ និង​នៅ​កម្រិត​អន្តរជាតិ”។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ឯកឧត្តម សៅ សុខា បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ក្រុមហ៊ុន មិត្តហ្វូន ដែល​បាន​បន្ត​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​កីឡា​បាល់ទាត់​កម្ពុជា។

ឯកឧត្តម សៅ សុខា មាន​ប្រសាសន៍​ថា៖ “យើង​ពិត​ជា​មាន​ក្ដីសោមនស្ស​រីករាយ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន​មិត្តហ្វូន ដែល​បាន​គាំទ្រ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា ចាប់​តាំង​ពី​យើង​បាន​ចាប់​ផ្ដើម​ដំណើរការ លីក​ពី​ពេល​ដំបូង​មក​ម៉្លេះ។ មិត្តហ្វូន បាន​ចូលរួម និង​ជួយ​គាំទ្រ​ដល់​យើង​ខ្ញុំ បើ​ទោះបីជា​ខ្លួន​មិន​ទាន់​បាន​ទទួល​ប្រាក់​ចំណេញ​នៅ​ឡើយ នៅ​ពេល​ចាប់​ផ្ដើម​ដំណើរការ​អាជីវកម្ម​ដំបូង។ ប្រសិន​បើ​ពុំ​មាន​មិត្តហ្វូន​ទេ​នោះ លីក​បាល់ទាត់​របស់​យើង ក៏​ពុំ​បាន​ឈាន​ដល់​កម្រិត​នេះ​ដែរ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់ ក្រឡេក​មក​មើល​ក្រុមហ៊ុន​មិត្តហ្វូន​ជាគំរូ”។

លោក Satoshi Saito អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន ខេមបូឌានព្រីមៀរ​លីគ បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​មិត្តហ្វូន​សម្រាប់​ការ​ឧបត្ថម្ភ​គាំទ្រ ដោយ​លោក​បាន​បន្ថែម​ទៀត​ថា តាម​រយៈការ​ឧបត្ថម្ភ​នេះ លីក​បាល់ទាត់​កម្ពុជា និង​បណ្ដា​ក្លិប​បាល់ទាត់​នានា នឹង​មាន​ការ​លូតលាស់ ហើយ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ក្លាយ​ជា​ឧស្សាហកម្ម​មួយ ដូច​បណ្ដាលីក​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ផងដែរ។

លោក Satoshi Saito បាន​ឱ្យ​ដឹង​ថា៖ “មិត្តហ្វូន និង CPL ជឿថា នឹង​ជួយ​អភិវឌ្ឍ​លីក និង​ក្លិប​បាល់ទាត់​កម្ពុជា​ឱ្យ​រីក​ចម្រើន​លូត​លាស់ ហើយ​ធ្វើឱ្យ​ក្រុម​ជម្រើសជាតិ​របស់​យើង​កាន់​តែ​រីក​ចម្រើន​កាន់​តែ​ធំ និង​រឹងមាំ ជាពិសេស ដើម្បី​ត្រៀម​សម្រាប់​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​ក្រោយ និង​នៅ​ពេល​ក្រោយៗ​ទៀត”។

យោង​តាម​លោក Phung Van Cuong ក្រុមហ៊ុន​មិត្តហ្វូន​បាន​ជួយ​ឧបត្ថម្ភ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​ម៉្លេះ ជាមួយ​នឹង​ថវិកា​ចំណាយ​អស់​ប្រមាណ ៦ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពីឆ្នាំ ២០០៦ នៅ​ពេល​ដែល​ចាប់ផ្ដើម​មាន​វត្តមាន​នៅ​កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន​ក៏​បាន​ប្រែ​ក្លាយ​ទៅ​ជា ក្រុមហ៊ុន​ទូរគមនាគមន៍​ឌីជីថល​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន ៩ លាន​នាក់ ដែល​ស្មើ​នឹង ៥០% នៃ​ចំណែក​ទីផ្សារ។

ក្រុមហ៊ុន​មិត្តហ្វូន ផ្ដល់​សេវា​បច្ចេកវិទ្យា​ឌីជីថល និង​ទូរគមនាគមន៍ ជាច្រើន​ប្រភេទ ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​ឌីជីថល​នៅ​ក្នុង​ប្រទេស​កម្ពុជា៕