
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងដាក់ដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យកំពង់ផែអេឡិចត្រូនិក (Port EDI) ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ។
កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក កំពង់ផែ (Port EDI) ដោយលោកបានថ្លែងថា ប្រព័ន្ធនេះ គឺជាការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញរបស់ក្រសួង ក្នុងការជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធ ផ្លាស់ប្ដូរទិន្នន័យកំពុងផែអេឡិចត្រូនិក (Port EDI) សម្រេចបានជោគជ័យ។
លោករដ្ឋមន្ត្រីបានបន្តថា ដោយមានការសហការល្អពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ជាមួយអគ្គនាយកដ្ឋានជំនាញ ទើបជំរុញការងារឱ្យទទួលបានជោគជ័យយ៉ាងដូច្នេះ។
លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នក្រសួងបានផ្តោតជាសំខាន់លើការអភិវឌ្ឍធនធាននៅខាងក្នុងក្រសួង ជាពិសេសមន្ត្រីរបស់ក្រសួងដែលទទួលបានបណ្ដុះបណ្ដាលកន្លងមក មានបទពិសោធ និងការអនុវត្តល្អ ដែលអាចរក្សាស្ថិរភាព ក៏ដូចជាធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងជាមូលដ្ឋានទ្រទ្រង់ការងារផ្តល់សេវារបស់ក្រសួង និងការងាររដ្ឋបាលផ្ទៃក្នុងក្រសួង»។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងត្រៀមលក្ខណៈផ្នែកបច្ចេកវិទ្យាដើម្បីចាប់ផ្តើមអនុវត្តការប្រើប្រាស់ប្រព័ន្ធ Port EDI ដែលក្នុងនោះរួមមាន៖ ការទទួលខុសត្រូវលើការធានាដំណើរការប្រព័ន្ធ ការរៀបចំឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការប្រមូលចំណូលពីការបង់កម្រៃសេវាសាធារណៈ និងការត្រៀមលក្ខណៈផ្នែកបច្ចេកទេសដើម្បីដាក់ដំណើរប្រព័ន្ធនេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕