
ភ្នំពេញ៖ កម្ពុជានឹងចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ នៅខែវិច្ឆិកា ខាងមុខនេះ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក និងពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។
នៅក្នុងសន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា» កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានលើកយកប្រធានបទស្តីពីស្ថានភាពនៃការនាំចេញផលិតផលពីប្រទេសកម្ពុជា សម្រាប់ចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ នៅសាលប្រជុំធនាគារឧស្សាហកម្ម ពាណិជ្ជកម្មចិន ICBC អគារ EXCHANE SQUARE។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ។
លោក ប៊ុន ចន្ធី បានលើកឡើងថា កំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ចិន និងកម្ពុជា បានកើនឡើងរហូតដល់ ៣៨% ក្នុងឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំង២ឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។
លោកបានស្នើដល់រដ្ឋាភិបាលចិនពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ទុរេន ស្រកានាគ ម្រេច សម្បុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បន្ថែមទៀត។
ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលចិនអន្ដរជាតិដោយជោគជ័យ បានចំនួន ៤លើក រួចមកហើយចាប់តាំងពីឆ្នាំ២០១៨ រហូតមក។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពិព័រណ៍ទំនិញនាំចូលចិនអន្ដរជាតិ គឺជាវេទិកាពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ក្នុងការផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក ហើយការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែរឹងមាំមួយកម្រិតថែមទៀត៕