
ភ្នំពេញ៖ ក្រសួងទេសចរណ៍ កំពុងជំរុញការដោះស្រាយបញ្ហាស្វែងរកទ្រព្យបញ្ចាំធានាកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ដើម្បីជួយដល់ម្ចាស់អាជីវកម្មទេសចរណ៍នៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ ទទួលបានឥណទានងាយស្រួល និងទាន់ពេលវេលា។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយពី “នីតិវិធី និងលក្ខខណ្ឌដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យបញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា” ដែលជាយន្តការបន្ថែមក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីធានាឥណទាន (Credit Guaranteed Scheme)បានដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចីនិងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់ ២០០ លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «កម្មវិធីធានាឥណទាននេះនឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់ ៤០០ ០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦,៥% ដោយមានឬគ្មានទ្រព្យបញ្ចាំដើម្បីធានាកម្ចីបាន»។
លោក តុងហាប់ បានបន្តថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះនឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញកតាលីករនៃវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិ ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង ១១ លាននាក់នៅឆ្នាំ ២០២៣។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជា បានឱ្យដឹងថា អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួនដូចជា៖ ១).អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ភាគហ៊ុនលើសពី ៥០%), ២).អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទួលបានការធានាឥណទាននិង ៣).អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។
លោកបានបញ្ជាក់បន្ថែមថា៖«ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្ម ទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារនិងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថាអាជីវកម្មមានតម្រូវការស្នើសុំលិខិតធានាឥណទានឬទេ? ក្រោមការអនុម័តកម្ចី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹងដាក់ពាក្យស្នើសុំមកសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរការ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៤៩៨ ទីតាំងបានបិទទ្វារ និង ៦៩៨ទីតាំង បានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន ២១ ៩៩៨នាក់៕