The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន ជំរុញ​ឱ្យ​លើក​កម្ពស់​ការ​បើក​ចំហសម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​

លោក​ ហ៊ុន សែន ជំរុញ​ឱ្យ​លើក​កម្ពស់​ការ​បើក​ចំហសម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​

Content image - Phnom Penh Post
រូបថត SPM

លោក​ ហ៊ុន សែន ជំរុញ​ឱ្យ​លើក​កម្ពស់​ការ​បើក​ចំហសម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ជំរុញ​ឱ្យ​មាន​ការ​លើក​កម្ពស់​ការ​បើក​ចំហសម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​។

ការ​លើក​ឡើង​បែប​នេះ​ត្រូវ​បាន​ធ្វើ​ក្នុង​ព្រឹត្តិ​ការណ៍ ​«BRICS Plus» ​ដែល​រៀបចំ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន តាម​ប្រព័ន្ធ​អន​ទ្បា​ញ កាលពី​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ ២០២២​ ដែល​ជា​កិច្ច​សន្ទនា​ជាន់​ខ្ពស់​នៃ​ថ្នាក់​ដឹកនាំ​ប្រ៊ីក​បូក ​(BRICS Plus) ស្ដី​ពី​ការ​​អភិវឌ្ឍ​សកល​ក្រោម​មូលបទ ​«​លើក​កម្ពស់​ភាព​ជា​ដៃគូ​អភិវឌ្ឍ​សកល​សម្រាប់​យុគ្គ​សម័យ​ថ្មី ដើម្បី​រួម​គ្នា​អនុវត្ត​របៀប​វារៈ​​ឆ្នាំ ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​» ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា ស្ថិត​ក្នុង​បរិការណ៍​ដែល​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ បាន​ស្រាក​ស្រាន្ត និង​ការ​ខិតខំ​ស្តារ​សេដ្ឋកិច្ច​សកល​លោក​ជា​អាទិភាព​ចំពោះ​មុខ​, ប្រ៊ី​ក ​(BRICS) ដែល​ជា​សេដ្ឋកិច្ច​កំពុង​លូត​លាស់​ខ្លាំង ប្រកប​ដោយ​សក្តានុ​ពល មាន​តួនាទី​កាន់​តែ​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង និង​ពង្រីក​ចលនា​​នៃ​សកម្ម​ភាព​សេដ្ឋកិច្ច​សកល​លោក​ឱ្យ​ត្រឡប់​ទៅ​រក​កំណើន​នៃ​សក្តានុ​ពល ដើម្បី​ពន្លឿន​នៅ​ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

លោក​បន្ត​ថា កិច្ច​សហ​ប្រតិប​ត្តិការ ប្រ៊ីក បូក (BRICS Plus) ជា​កាលានុវត្ត​ភាព​មួយ​ដ៏​សំខាន់​ សម្រាប់​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​ការ​បង្កើត​វេទិកា​សម្រាប់​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង​ក្នុង​វិស័យ​អាទិភាព​សំខាន់​ៗ ដើម្បី​បង្កើត​ឱកាស​ការងារ កាត់​បន្ថយ​ភាព​ក្រីក្រ ព្រម​ទាំង​ការ​ធានា​សន្តិសុខ​ស្បៀង និង​ថាមពល​ជា​ដើម ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​របៀប​វារៈ​ឆ្នាំ​ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

លោក​ថ្លែង​​ថា​៖ «​យើង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​បើក​ចំហ និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី និង​ពង្រឹង​ពហុ​ភាគី​និយម ជា​ពិសេស​លើ​ក​កម្ពស់​ការ​បើក​ចំហ​សម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជ​កម្ម​នានា​លើ​ទំនិញ​យុទ្ធសាស្ត្រ ដូច​ជា​​ស្បៀង​អាហារ ថ្នាំ​ពេទ្យ និង​ថាមពល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​ពង្រឹង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​តំបន់ និង​សកល​»​។

​ក្នុង​ឱកាសនោះ​លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ការ​ពង្រឹង​សមត្ថភាព និង​ពន្លឿន​ការ​ធ្វើ​បដិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ជា​ប្រភព​កំណើន​ថ្មី ជា​ពិសេស​ជួយ​ប្រទេស​ដែល​មាន​កម្រិត​​អភិវឌ្ឍន៍​ទាប ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់​ស្តែង សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា ថា ការ​លើក​កម្ពស់​ការ​បើក​ចំហ​សម្រាប់​ពាណិជ្ជ​កម្ម​អន្តរជាតិ និង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​​​លើ​ទំនិញ​យុទ្ធសាស្ត្រ ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ធុរជន​ក្នុង​កិច្ច​ការធ្វើ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​អន្តរ​ជាតិ​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុ​ភាគី ព្រោះ​បើ​មាន​របាំង​ច្រើន​វា​គឺ​ជា​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម។ ម៉្យាង​ទៀត ​ការ​បើក​ចំហ នឹង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ក៏​អាច​ធ្វើ​ឱ្យ​ចង្វាក់​ផលិត​កម្មកាន់​តែ​​មាន​ភាព​ធន់ជា​ងមុន​ផង​ដែរ​។

លោក​និយាយ​ថា៖ ​«​ខណៈ​កំណើន​​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​ច្រើន ការ​បើក​ចំហ ឬ​កាត់​​បន្ថយ​របាំង​ពាណិជ្ជកម្ម ​នឹងអាច​​ជួយ​ធ្វើ​ឱ្យ​សម្ទុះ​ពាណិជ្ជកម្ម​ឆាប់​ងើប​ឡើង​វិញ​បាន​លឿន»។ លោក​បន្ថែម​ថា៖​ «ទោះយ៉ាង​ណា​គេ​ក៏​ត្រូវ​​ប្រុង​ប្រយ័ត្ន និង​ពិចារណាឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ ពី​ផល​លំបាក​​នៃ​ការ​លើក​លែង​ទាំង​អស់​នោះ​»​។​

ទិន្នន័យ​ពី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញ​ថា ​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ៥ ​ខែ​ដើម​ឆ្នាំ ​២០២២ មាន​ទឹក​ប្រាក់​ ២២,៤៧ ​លាន​ដុល្លារ កើន​ឡើង ១៩,៧ ​ភាគ​រយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២១។ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិ​មាន​ទឹក​ប្រាក់​ ៩,៤១​ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៤,៥​ ភាគ​រយ​ និង​ការ​នាំ​ចូល​ទំនិញ​ពី​គ្រប់​ទិសទី​មក​កម្ពុជា ​មាន​ចំនួន ១៣,០៥​ ពាន់​លាន​ដុល្លារ កើន​ឡើង ១១​ ភាគ​រយ​៕​

អត្ថបទគួរចាប់អារម្មណ៍