ភ្នំពេញៈ កំពង់ផែ​ដងទង់​ ក្នុង​ខេត្តកោះកុង នឹង​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល ប្រទេសជិតខាង ខណៈ​កំពង់ផែ​នេះ​នឹង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​​ចុងឆ្នាំ ២០២២ នេះហើយ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំក្រុមការងារ​បច្ចេកទេស​ក្រសួង​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​កំពង់ផែ​ដងទង់ ក្រុង​ខេមរភូមិន្ទ កាលពី​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ ខណៈដែល​ការស្ថាបនា​កំពង់ផែ​នេះ នឹងត្រូវ​បញ្ចប់​រួចរាល់​ក្នុង​ឆ្នាំ ២០២២ នេះ។

លោក​ថ្លែងថា កំពង់ផែ​នេះ​សាងសង់ឡើង​សម្រាប់​បម្រើ​ដល់​នាវា​ទេសចរណ៍ ក្រោម​កិច្ចព្រមព្រៀង​បណ្តោយ​ឆ្នេរសមុទ្រ​ប្រទេស​កម្ពុជា វៀតណាម និង​ថៃ និង​សម្រាប់​នាវា​ដឹកទំនិញ​កសិផល​មកពី​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ពាយព្យ​ប្រទេស ដែល​រួមមាន​ដូចជា ខេត្តបាត់ដំបង បៃ​លិ​ន ពោធិ៍សាត់ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រមទាំង បម្រើ​ដល់​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម និង​ថៃ​ផងដែរ។

លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​ខេត្តកោះកុង គឺ​ខេត្ត​ទេសចរណ៍​មួយ​ដែរ ដូចនេះ​ការស្ថាបនា​កំពង់ផែ​ដងទង់​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​សម្រួល​ដល់​ការចត​នាវា​ទេសចរណ៍ និង​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា៖ «កំពង់ផែ​នេះ គឺ​ប្រើប្រាស់​សម្រាប់​ជា​ផែ​ទេសចរណ៍ ហើយ​ក្រសួង​សាធារណការ នឹង​ប្រើប្រាស់​សម្រាប់​ការដឹកជញ្ជូន​មួយចំនួន ដោយមាន​ការបែងចែក​ទីតាំង​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើប្រាស់»។

លោក ស៊ិន ច​ន្ធី ប្រ​ធា​សមាគម​ភ័ស្តុ​ភារ​កម្ម​កម្ពុជា បានឱ្យដឹងថា ការស្ថាបនា​កំពង់ផែ​ដងទង់​នៅ​ខេត្តកោះកុង​នេះ នឹង​ជំរុញ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​កាន់តែ​មាន​ភាព​មមាញឹក​បន្ថែមទៀត ព្រោះថា​តាមផ្លូវ​ទឹក​មាន​ភាពងាយស្រួល ដោយ​ការចំណាយ​ថ្លៃ​ដឹក​តិច និង​មិនមាន​ការកកស្ទះ​ចរាចរណ៍​ដូច​ផ្លូវគោក​ឡើយ។

លោក​បាន​បន្ថែមថា កាលពីមុន​កំពង់ផែ​នេះ មាន​ទំហំ​តូច និង​ចាស់​ទ្រុឌទ្រោម ប៉ុន្តែ​នៅពេល​រដ្ឋាភិបាល​បាន​ស្ថាបនា​ឡើងវិញ ដោយបាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ជាច្រើន​បែបនេះ ច្បាស់​ណាស់ ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ កាន់​តែមាន​ភាពរលូន។

បញ្ជាក់ថា៖ « ខាង​វិស័យ​ដឹកជញ្ជូន​ឯកជន មានបំណង​ឱ្យ​ការដឹក​ជ​ញ្ចូ​ន​តាម​ផ្លូវទឹក​កាន់តែច្រើន ព្រោះ​យើង​ដឹក​បាន​ច្រើន​តម្លៃ​ធូរ​ថ្លៃ និង​មិន​​ស្ទះចរាចរណ៍។ ​ការបើក​ឱ្យ​ដំណើរការ​កំពង់ផែ​ដង​ទង់ ខេត្តកោះកុង​នាពេលខាងមុខ​នេះ នឹង​ផ្តល់​ផលចំណេញ​មួយ​ទៀតហើយ​សម្រាប់​វិស័យ​ដឹកជញ្ជូន​យើង»។

កំពង់ផែ​ដងទង់ នេះ​ជា​កំពង់ផែ​ខ្នាត​មធ្យម មាន​ទំហំ ១១៥ ម៉ែត្រ x ១៦,៥ ម៉ែត្រ ដោយ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ១,៥ លាន​ដុល្លារ ក្នុងការ​ស្ថាបនា​សាងសង់ឡើងវិញ​ ខណៈដែល​កំពង់ផែ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដែល​បាន​បង្ក​ការលំបាក​ដល់​ការដោះដូរ​ទំនិញ​របស់​ប្រជាពលរដ្ឋ​តាមផ្លូវ​សមុទ្រ។ កំពង់ផែ​នេះ ត្រូវ​បាន​​សាងសង់​ថ្មី​ទាំងស្រុង នៅ​ចំណុច​ផែ​ចាស់​នោះ​ដដែល ដើម្បី​បម្រើ​ឱ្យការចេញចូល​ទំនិញ​តែមួយគត់ ខណៈ​ផែ​ចាស់​ពីមុន​ធ្លាប់​បម្រើ​ឱ្យ​ការចេញចូល​ទំនិញ​ផង និង​ទេសចរណ៍​ផង។

គម្រោង​សាងសង់​កំពង់ផែ​នេះ ក៏មាន​ការរំខាន​ពី​ជំងឺ​កូ​វីដ ១៩ ខ្លះ​ដែរ ព្រោះថា សម្ភារ​មួយចំនួន​ត្រូវ​នាំចូល និង​ជួល​ពី​ប្រទេសជិតខាង ប៉ុន្តែ​បើ​ជំងឺ​កូ​វីដ ១៩ នៅតែ​បន្ត​រីក​រាលដាល​ខ្លាំង ​ដូច្នេះការសាងសង់​អាច​នឹង​មានការ​យឺតយ៉ាវ​ខ្លះ។ កំពង់ផែ​ដងទង់​នេះ ធ្លាប់បាន​សាងសង់ និង​ជួសជុល ៣ ដង​រួចមកហើយ ហើយ​នៅ​ឆ្នាំ ២០២១ នឹងត្រូវ​សាងសង់​ជា​ផែ​ដងទង់​ថ្មី ដែលមាន​សភាព​រឹងមាំ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើនជាង​លើក​មុន៕