ភ្នំពេញ៖ ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​កំពង់ផែ​អេឡិចត្រូនិក (Port EDI) គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ខែសីហា ឆ្នាំ​ ២០២២ ​នេះ ដើម្បី​ជំរុញ​ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការត្រួតពិនិត្យ​នាវាចរណ៍​ចេញ-ចូល​​កម្ពុជា ដោយ​ប្តូរ​ការធ្វើការ​ដោយ​ដៃ មក​ធ្វើការ​លើ​ប្រព័ន្ធ​អន​ឡាញ​វិញ។

ការ​ដំណើរ Port EDI នេះដែរ ក៏ត្រូវ​អនុវត្ត​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការ​ប្រមូល​ចំណូល​ពី​ការបង់​កម្រៃ​សេវាសាធារណៈ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​​កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ​គម្រោង​ប្រព័ន្ធ​​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ​ ២០២២ បាន​ថ្លែងថា ប្រព័ន្ធ​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ​​​ក្រសួង​ក្នុង​ការជំរុញឱ្យ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​កំពុងផែ​អេឡិច​ត្រូនិក (Port EDI) សម្រេចបាន​ជោគជ័យ។ លោក​​បាន​បន្ត ដោយមាន​ការសហការ​ល្អ​ពី​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ ទើប​ជំរុញ​ការងារ​ឱ្យទទួល​បាន​ជោគជ័យ​យ៉ាង​ដូច្នេះ។

លោក​បាន​បញ្ជាក់ថា៖ «​បច្ចុប្បន្ន​ក្រសួង​បាន​ផ្តោតជាសំខាន់​លើ​ការ​អភិវឌ្ឍ​ធនធាន​នៅ​ខាងក្នុង​ក្រសួង ជាពិសេស​មន្ត្រី​របស់​ក្រសួង​ដែល​ទទួលបាន​បណ្ដុះបណ្ដាល​កន្លងមក មានបទពិសោធ និង​ការអនុវត្ត​ល្អ ដែល​អាច​រក្សា​ស្ថិរភាព ក៏ដូចជា​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រសួង​ជា​មូលដ្ឋាន​ទ្រទ្រង់​ការងារ​ផ្តល់​សេវា​របស់​ក្រសួង និង​ការងារ​រដ្ឋ​បាល​​ផ្ទៃក្នុង​ក្រសួង»។

លោក ជា ចាន់​ដា​រ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា បាន​ប្រាប់ថា ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​កំពង់ផែ​អេឡិចត្រូនិក (Port EDI) របស់​ក្រសួង​សាធារណការ​នេះ នឹង​ផ្តល់​ផល​ល្អ​សម្រាប់​ក្រុមហ៊ុន​ឯកជន តាមរយៈ​ការ​ចំណេញ​ពេលវេលា និង​មាន​សុវត្ថិភាព។

លោក​បាន​បញ្ជាក់ថា៖ «បច្ចុប្បន្ន​រាល់​ការធ្វើ​បែបបទ​នាវាចរណ៍ ចេញ-ចូល គឺ​ត្រូវ​ចំណាយពេល​រង់ចាំ​យូរ មានការ​លំបាក និង​នីតិវិធី​ស្មុគស្មាញ។ ប៉ុន្តែ​នៅពេល​ប្រព័ន្ធ Port EDI នេះ​ដំណើរការ វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​បែបបទ​ឱ្យ​ងាយស្រួល​ជាង​មុន ចំណេញ​ពេលវេលា មាន​ប្រសិទ្ធភាព និង​តម្លាភាព​ផងដែរ»។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ត្រៀមលក្ខណៈ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ចាប់ផ្តើម​អនុវត្ត​ការប្រើប្រាស់​ប្រព័ន្ធ Port EDI ដែល​ក្នុងនោះ​រួមមាន៖ ការទទួលខុសត្រូវ​លើ​ការធានា​ដំណើរការ​ប្រព័ន្ធ ការរៀបចំ​ឯកសារ​ពា​ក់​ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការ​ប្រមូល​ចំណូល​ពី​ការបង់​កម្រៃ​សេវាសាធារណៈ និង​ការត្រៀម​លក្ខណៈ​ផ្នែក​បច្ចេកទេស​ដើម្បី​ដាក់ដំណើរការ​​ប្រព័ន្ធ​នេះ​នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។

ប្រព័ន្ធ Port EDI គឺជា​ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ការត្រួតពិនិត្យ​នាវាចរណ៍​ចេញ-ចូល​នៅ​កម្ពុជា ដោយ​ប្តូរ​ការធ្វើការ​ដោយ​ដៃ មក​ធ្វើការ​លើ​ប្រព័ន្ធ​អន​ឡាញ​វិញ។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​និង​កំពុង​​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ ដោយបាន​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​នេះ​កាន់​តែមាន​ភាពល្អប្រសើរ មាន​ភាពងាយស្រួល និង​ស្របតាម​ច្បាប់​ជា​ធរមាន៕