ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ស្នើ​​ប្រទេស​ឥណ្ឌូនេស៊ី​ជួយ​ជំរុញ​ឱ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យ​បាន​ឆាប់​ឡើង​វិញ​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​​ទេសចរណ៍​រវាង​ប្រទេស​ទាំង ២ ខណៈ​ចំនួន​​ទេសចរ​ឥណ្ឌូ​នេស៊ី​​មក​កម្ពុជា​រយៈពេល ៤ ​ខែ​ដើម​ឆ្នាំ​ ២០២២ បាន​កើន​ជិត ៦០០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២១។

សំណើ​នេះ​ត្រូវ​បាន​លោក ថោង ខុន លើក​ឡើង​កាល​ពី​ចុង​សប្តាហ៍​មុន​​ក្នុង​ឱកាស​ជា​មួយ​អគ្គ​រដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា ​លោក Y.M. Sudir-man Haseng ដែល​តំណាង លោក Sandiaga Salahudin Uno រដ្ឋមន្រ្តី​ទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃ​ប្រឌិត​ឥណ្ឌូនេស៊ី ដើម្បី​ប្រគល់​ជូន​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​​​កម្ពុជា និង​​ឥណ្ឌូនេស៊ី ដែល​បាន​ចុះ​ហត្ថលេខា​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ កាល​ពី​ក្នុង​អំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​ ២០២២​ នៅ​ខេត្ត​ព្រះសីហនុ។

ជា​កិច្ច​ចាប់​ផ្តើម លោក ថោង ខុន បាន​កោត​សរសើរ​ចំពោះ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ឆាក​អន្តរជាតិ​ក្នុង​បរិបទ​វិបត្តិ​កូវីដ​ ១៩ និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ​ពិសេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ២០២៣ ​(ATF-2023) និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​ ២០២៣។

លោក​ថ្លែង​ថា​៖​ «​ខ្ញុំ​សូម​ស្នើ​ឯកឧត្តម Y.M. Sudirman Haseng ជួយ​ជំរុញ​ឱ្យ​មាន​ជើង​​​ហោះហើរ​ត្រង់​រវាង​គោលដៅ​ទេសចរណ៍​កម្ពុជា-​ឥណ្ឌូនេស៊ី​ ស្រប​តាម​ស្មារតី​អនុស្សរណៈ​ខាង​លើ​ឱ្យ​បាន​ឆាប់»។

ជាមួយ​គ្នា​នេះ លោក Y.M. Sudirman Haseng ក៏​បាន​អរគុណ​ដល់​ក្រសួង​ទេសចរណ៍​កម្ពុជា​ ដែល​តែង​តែ​គាំទ្រ​ដល់​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​​ ២ ហើយ​លោក​ក៏​សន្យា​នឹង​បន្ត និង​ពង្រឹង​ទំនាក់ទំនង​​​ប្រទេស​ទាំង​ ២ ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​​ឱ្យ​កាន់​តែ​រឹងមាំ​ និង​ប្រសើរ​ថែម​ទៀត។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-ប៉ាស៊ីហ្វិក​កម្ពុជា បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃទី​ ២៦ ខែ​មិថុនា​ថា កន្លង​មក​ទោះ​បី​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជំរុញ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់​រវាង​កម្ពុជា-ឥណ្ឌូនេស៊ី ក៏​ការ​តភ្ជាប់​នេះ​ គឺ​​មិន​ទាន់​​​​ទទួល​បាន​ភ្ញៀវ​​ច្រើន​នៅ​ឡើយ​​​ទេ។

លោក​ថ្លែង​​​ថា៖«​ឥណ្ឌូនេស៊ី​ជា​ទីផ្សារ​​ធំ និង​មាន​សក្តានុពល​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កន្លង​មក​កម្ពុជា​មិន​ទាន់​ទទួល​​​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ចំនួន​​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ច្រើន​​ទេ​ ខណៈ​ប្រទេស​ជិត​ខាង​ (វៀតណាម) ​ទទួល​បាន​ជោគជ័យ​ខ្លាំង​ចំពោះ​ការ​ទទួល​ទេសចរ​ពី​ឥណ្ឌូនេស៊ី​»៕