ភ្នំពេញៈ ប្រតិបត្តិករ​ទេសចរណ៍​ត្រូវបំពេញ​នីតិវិធី និង​លក្ខខណ្ឌ​មួយចំនួន ​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ទ្រព្យបញ្ចាំ​ពី CGCC ដែល​អាច​យកទៅ​ប្រើប្រាស់​ក្នុងការ​ទទួល​បាន​ឥណទាន​ពី​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​នៅ​កម្ពុជា​។

នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ពី​ «​នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួលបាន​លិខិត​បញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​»​ កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា លោក សុង តុងហាប់ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា នីតិវិធី និង​លក្ខខណ្ឌ​ ដើម្បី​ទទួល​បាន​លិខិតបញ្ជាក់​ទ្រព្យ​បញ្ចាំ​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា គឺជា​យន្តការ​បន្ថែម​ក្នុងការ​គាំទ្រ​គម្រោង​សហហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ទេសចរ​ដែល​ត្រូវបាន​រដ្ឋាភិបាល​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​​១៧ ខែឧសភា​។

លោក តុងហាប់ បន្តថា កម្មវិធី​ធានា​ឥណទាន​បាន​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បី​ផ្តល់​ការធានា​ឥណទាន​ទៅលើ​កម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម ដើម្បី​ចែករំលែក​នូវ​ហានិភ័យ​ជាមួយ​ស្ថាប័ន​កម្ចី និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដោយ​ទទួល​បាន​ដើមទុន​ដំបូង​សមមូល​នឹង​ទឹកប្រាក់ ២០០ ​លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​។

លោក ណូ លីដា អគ្គនាយករង​នៃ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ថ្លែងថា អាជីវកម្ម​ទេសចរណ៍​ត្រូវ​បំពេញ​នូវ​គុណវុឌ្ឍិ​មួយចំនួន​ដូចជា អាជីវកម្ម​ដែលមាន​ម្ចាស់​ភាគហ៊ុន​សញ្ជាតិ​ខ្មែរ (​កាន់កាប់​ភាគហ៊ុន​លើសពី ​៥០​ ភាគរយ​, អាជីវកម្ម​បាន​ចុះបញ្ជី​ជាមួយ​អាជ្ញាធរ​ពន្ធ ឬ​មិនបាន​ចុះបញ្ជី​ត្រូវតែ​ចុះបញ្ជី បន្ទាប់ពី​ទទួល​បាន​ការធានា​ឥណទាន និង​អាជីវកម្ម​ដែលមាន​លទ្ធភាព​សង​ត្រឡប់​វិញ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់ថា នីតិវិធី និង​លក្ខខណ្ឌ ដែល​ក្រសួង​ទេសចរណ៍ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បាន​ដាក់​ចេញ​នេះ ពិតជា​មាន​ភាពទាក់ទាញ​ខ្លាំង​ សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​ទាំងអស់ ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រតិបត្តិករ​បាន​ជួបប្រទះ​នៅពេល​ស្នើសុំ​កម្ចី​៕