The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សៀមរាប​អង្គរ​រៀបចំ​ខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នៃ​ភ្ញៀវទេសចរ

សៀមរាប​អង្គរ​រៀបចំ​ខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នៃ​ភ្ញៀវទេសចរ

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ទៅលេង​ប្រាសាទ​អង្គរ​ពី​ខែមករា​ ២០២២​។ ហុង មិនា

សៀមរាប​អង្គរ​រៀបចំ​ខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នៃ​ភ្ញៀវទេសចរ

សៀមរាបៈ អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​មកហើយ​ដែល​វិស័យ​​ទេសចរណ៍​ត្រូវបាន​ញាំញី​ ដោយសារ​ការអូសបន្លាយ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។ កម្ពុជា​ក៏​មិន​ខុសពី​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ដែរ ដែល​វិស័យ​មួយ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ជាតិ​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។

សៀមរាប​អង្គរ គឺជា​បេះដូង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ព្រោះ​ខេត្ត​នេះ​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា ជា​ខេត្ត​ទីតាំង​របស់​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។ ខេត្ត​នេះ ជា​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា ដោយសារ​មាន​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ និង​សំណង់​ប្រាសាទ​បុរាណ​ដទៃទៀត​ជាច្រើន ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​។

តំបន់​សៀមរាប​អង្គរ ​គឺជា​គោលដៅ​ចម្បង​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​ដោយ​នៅក្នុង​ ១ ​ឆ្នាំ ​(​មុន​​កូវីដ​ ១៩​ មកដល់​) តំបន់​នេះ​ទទួល​បាន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ចន្លោះ​ពី​ ៥០ ​ទៅ​ ៦០ ​ភាគរយ​នៃ​ភ្ញៀវទេសចរ​សរុប​។ ក៏ប៉ុន្តែ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០ និង​ជិត​ដាច់​ឆ្នាំ​ ២០២១ ​គឺជា​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​កូវីដ​ ១៩​ បាន​វាយលុក​នៅ​កម្ពុជា​យ៉ាងខ្លាំង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ទូទាំង​ប្រទេស​បាន​រង​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ខេត្តសៀមរាប​។

សណ្ឋាគារ ផ្ទះសំណាក់ កន្លែង​កម្សាន្ត និង​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​បិទទ្វារ និង​ខ្លះទៀត​បើកទ្វារ​ដែរ ប៉ុន្តែ​គ្មាន​ភ្ញៀវ​ចូល​។ ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​ពុះពារ​ក្នុងការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ស្ទើរតែ​ ១០០ ​ភាគរយ ស្ថានភាព​វិស័យ​ទេសចរណ៍​កម្ពុជា​ ជាពិសេស​ខេត្តសៀមរាប​ហាក់​ប្រសើរឡើង​បន្តិច​មកវិញ​ចាប់​តាំង​ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតដល់​បច្ចុប្បន្ននេះ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ ប្រាប់​ឱ្យដឹងថា នៅក្នុង​រយៈពេល​ ៥ ​ខែ ឆ្នាំ​ ២០២២ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ ​១ ០២៧ ៧៧៩ ​នាក់​កើនឡើង ៧៤៤,៨៧​ ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ មាន​ចំនួន​ប្រមាណ ១២១ ៦៤៩ ​នាក់​ប៉ុណ្ណោះ​។ នៅក្នុង​នោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​ ៤៥ ៧៧៩ ​នាក់​កើន ៨៥៩,៩២ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

លោក​បាន​បន្ថែមថា កំណើន​នេះ​បង្ហាញ​ថា ដើមឆ្នាំ​ ២០២២ ជា​ឆ្នាំ​ដែល​វិស័យ​ទេសចរណ៍​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​មិនមាន​ច្រើន​ខ្លាំង​ដូច​ក្នុង​ឆ្នាំ​ ២០១៩ តែ​នេះ​ជា​ជំហាន​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។

ចំពោះ​ជើងហោះហើរ​ចេញ​-​ចូល​ខេត្តសៀមរាប​វិញ​ត្រូវបាន​លោក សេងកាក់ បញ្ជាក់​បន្ថែមថា​៖ «​ក្នុង​រយៈពេល​ ៥ ​ខែ ឆ្នាំ​ ២០២២ ជើងហោះហើរ​ចូលមក​កាន់​ខេត្តសៀមរាប​មាន​ចំនួន ២៩២ ​ជើង ដោយមាន​ដឹក​អ្នកដំណើរ​សរុប​ចំនួន ២៤ ៥៥១ ​នាក់ ក្នុងនោះ​ជើង​ហោះហើរ​អន្តរជាតិ រួមមាន ក្រុមហ៊ុន Singapore Airline, Air Asia, Thai Smile, China Eastern, Bangkok Air, Air Iceland និង​មកជា​លក្ខណៈ Charter Flight មាន​ចំនួន ២៩ ​ជើង មាន​អ្នកដំណើរ​ ១៨៥​ នាក់​។​ ចំណែក​ជើងហោះហើរ​ក្នុង​ស្រុក​មាន​ក្រុមហ៊ុន Cambodia Angkor Air និង Cambodia Airway»​។ ចំនួន​ជើងហោះហើរ​អន្តរជាតិ​ទាំងនេះ​បាន​នាំ​ភ្ញៀវ​អន្តរជាតិ​មកកាន់​ខេត្តសៀមរាប​រួមមាន​ដូចជា ចិន បារាំង អង់គ្លេស អាមេរិក អាល្លឺម៉ង់ វៀតណាម សិង្ហបុរី អូស្ត្រាលី ឥណ្ឌា និង​កូរ៉េ​។

លោក​ ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចាប់ផ្តើម​ដើរ​កម្សាន្ត​តាម​ប្រាសាទ​នានា​ជា​បណ្តើរ ក្រោយ​រាជរដ្ឋាភិបាល​បាន​បើក​ឱ្យ​ដើរកម្សាន្ត និង​រៀបចំ​ពិធី​នានា​បានជា​ប្រក្រតី​ឡើងវិញ ក្រោយ​ខកខាន​រយៈពេល​ ២ ​ឆ្នាំ​មក​ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​ខេត្តសៀមរាប​បានរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ៣៨ ​ខ្សែ​រួចរាល់​ ១០០​ ភាគរយ ដោយបាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​មក​កម្សាន្ត​ពី​គ្រប់ទិសទី​។ ជាមួយ​នឹង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​គួបផ្សំ​នឹង​ការអភិរក្ស និង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទៀត​នោះ​នឹង​ជំរុញ​ចលនា​រំហូរ​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុងឆ្នាំនេះ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រាប់​ឱ្យដឹងថា ការបើក​ដំណើរការ​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​ខេត្ត​សៀមរាប​មិនទាន់​មាន​លក្ខណៈ​ពេញលេញ​នៅឡើយ​ទេ​ចាប់តាំងពី​កម្ពុជា​បានប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ​មក​ ខណៈ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ​នៅមាន​កម្រិត​នៅឡើយ​។

លោកស្រី​ថា ទោះបីជា​ទេសចរណ៍​ខេត្តសៀមរាប​បើក​ដំណើរការ​ឡើងវិញ​ក៏ពិតមែន ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា កង្វះខាត​ធនធាន​មនុស្ស​ផ្នែក​ទេសចរណ៍​,​ប្រតិបត្តិករ​មាន​កង្វះខាត​ដើមទុន សម្រាប់​ការកែលម្អ​ឡើងវិញ​សម្រាប់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម​។

លោកស្រី​អះអាង​ថា​៖ «​ខាង​សមាគម និង​ប្រតិបត្តិករ​ទេសចរណ៍​មួយចំនួន​កំពុងតែ​ទន្ទឹងរង់ចាំ​ហិរញ្ញប្បទាន​ប្រមាណ​​ ១៥០​ លាន​ដុល្លារ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ទម្លាក់​មក​សម្រាប់​ស្រោចស្រង់​វិស័យ​ទេសចរណ៍​ ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច​កំពុងតែ​ដំណើរការ​ការងារ​នេះ ព្រោះ​ត្រូវការ​សហការ​ជាមួយ​ធនាគារ​ពាណិជ្ជ​នានា​។ យើង​ក៏​ចង់ដឹង​ដែរ​ពី​លក្ខខណ្ឌ​នៃ​ការទទួល​បាន​កម្ចី​នេះ ដើម្បី​អាច​ប្រើប្រាស់​ក្នុងការ​ស្តារ​អាជីវកម្ម​ទេសចរណ៍​ឡើងវិញ​»​។

លោកស្រី ឆាយ ស៊ីវលីន បាន​បន្ថែមថា​ដោយសារ​តែមាន​តម្រូវការ​ធនធាន​មនុស្ស​ផ្នែក​ទេសចរណ៍​ច្រើន​នៅ​ខេត្ត​សៀមរាប​ខាង​សមាគម ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច គ្រោង​នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្នុង​ពេល​ឆាប់ៗ សម្រាប់​ផ្នែក​ទេសចរណ៍​ទាំងមូល​រួមមាន ជំនាញ​មគ្គុទ្ទេសក៍ ទីភ្នាក់ងារ​ទេសចរណ៍ ការីទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ជាដើម​។

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ជា​លក្ខណៈ​ទស្សនកិច្ច​សិក្សា​ដែល​មកពី​តំបន់​អាស៊ាន​ដែល​រួមមាន ទីភ្នាក់ងារ​ទេសចរណ៍ និង​អ្នក​សារព័ត៌មាន ដើម្បី​មក​ធ្វើ​បច្ចុប្បន្នភាព​ផលិតផល​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​សមាគម និង​ភាគី​ពាក់ព័ន្ធ​បាន​រចនា​បន្ថែមទៀត​ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក​កម្ពុជា​លោក ធួន ស៊ីណាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​សៀមរាប គឺមាន​ចំនួន​ភ្ញៀវ​តិចតួច​ណាស់​ស្ទើរតែ​មិនអាច​ធៀប​ជា​ភាគរយ​បានទេ​ទៅនឹង​មុនពេល​កូវីដ​ ១៩ ​មកដល់​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខេត្តសៀមរាប​គឺជា​ខេត្ត​ដែលមាន​ការប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​វិបត្តិ​កូវីដ​ ១៩ ដោយសារ​តែ​ខេត្ត​នេះ​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទេសចរ​។ វិស័យ​ទេសចរណ៍​មិនទាន់​មាន​អ្វី​ជា​ដុំកំភួន​ សម្រាប់​ទប់ខ្លួន​រស់​នោះទេ​ថ្វីដ្បិតតែ​សេដ្ឋកិច្ច​បាន​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​បើ​យើង​មើល​លើ​ទេសចរណ៍ ជាពិសេស​ខេត្ត​សៀមរាប សព្វថ្ងៃនេះ​មាន​ភ្ញៀវ​អន្តរជាតិ​មក​តិច​ខ្លាំងណាស់ គឺ​មិន​ដល់​ ៥ ​ភាគរយ​ទេ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

ទិន្នន័យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ឆ្នាំ​ ២០២១ ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ ១៩-៦៤៩៥​ នាក់ ធ្លាក់ចុះ​ ៨៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន​ ១ ៣០៦ ១៤៣ ​នាក់​។ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​មាន​ ៩៩ ៨២៩​ នាក់ ថយចុះ ៨៦,៨ ​ភាគរយ តាមផ្លូវ​គោក ៩៦ ៤៧៨ ​នាក់ ថយចុះ​ ៨០​ ភាគរយ និង​តាម​ផ្លូវទឹក​ចំនួន​ ១៨៨ ​នាក់ ថយចុះ​ ៩៩,៦ ​ភាគរយ​៕

អត្ថបទគួរចាប់អារម្មណ៍